ថ្នាក់រៀនច្រៀងចម្រៀង quan ho ពិសេស “បីអត់” នៅខេត្ត Bac Ninh

(VOVWORLD) - រៀងរាល់យប់ថ្ងៃសៅរ៍ មិនថាអាកាសធាតុក្តៅ ឬត្រជាក់នោះទេ ថ្នាក់រៀនច្រៀងចម្រៀង quan ho ដោយឥតគិតថ្លៃរបស់សិល្បករិនី Hoang Thi Trong និង Dao Thi Thuy នៅសាលាភូមិ Dai Thuong ឃុំ Dai Dong ស្រុក Tien Du ខេត្ត Bac Ninh នៅតែបើកជាប្រចាំ ដោយទាក់ទាញមនុស្សយ៉ាងច្រើន ជាពិសេសកុមារមកសិក្សា។ ថ្នាក់ពិសេស “បីអត់”៖ អត់មានកំណល់បង្រៀន អត់មានក្តារខៀន អត់មានដីស មានតែសំនៀងច្រៀងយ៉ាងច្បាស់លាស់របស់ប្អូនៗកុមារ និងការបង្រៀនដោយការយកចិត្តទុកដាក់របស់គ្រូតែប៉ុណ្ណោះ។

ថ្នាក់រៀនច្រៀងចម្រៀង quan ho ពិសេស “បីអត់” នៅខេត្ត Bac Ninh - ảnh 1ថ្នាក់រៀនច្រៀងចម្រៀង Quan ho ដោយឥតគិតថ្លៃរបស់សិល្បការិនី Hoang Thi Trong និង Dao Thi Thuy  (រូបថត៖ VOV)

ចម្រៀង Quan ho Bac Ninh គឺជាប្រភេទចង្វាក់ចម្រៀងប្រជាប្រិយមួយនៃតំបន់ដីសណ្ដទន្លេក្រហមនៅភាគខាងជើងប្រទេសវៀតណាម ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌តំណាងមនុស្សជាតិក្នុងឆ្នាំ ២០០៩។ ថ្នាក់បង្រៀនច្រៀងចម្រៀង Quan ho Bac Ninh ពិសេសនេះ គឺបង្រៀនសិស្សនូវចំណេះដឹង និងជំនាញជាមូលដ្ឋានអំពីការសម្តែងប្រភេទសិល្បៈដ៏ពិសេសនេះ។ ក្នុងរយៈពេល ១០ ថ្ងៃដំបូង សិស្សត្រូវបានបង្រៀនដោយសិប្បករជំនាញ ឱ្យស្គាល់ពីបច្ចេកទេសច្រៀង ការបញ្ចេញសម្លេង ការដកដង្ហើម បញ្ចេញសំនៀង និងស្លៀកពាក់ឈុតប្រពៃណី និងបង្រៀនច្រៀងបទចម្រៀង quan ho បុរាណ។ សិល្បៈការិនីចម្រៀង quan ho Dao Thi Thuy បាននិយាយថា៖ “នាងខ្ញុំចូលចិត្តច្រៀងចម្រៀង quan ho ខ្លាំងណាស់។  ចំណង់ចំណូលចិត្តគឺនៅដិតជាប់ក្នុងឈាមជ័ររួចទៅហើយ។ ពួកយើងទាំងពីរនាក់បានបើកថ្នាក់រៀនដោយឥតគិតថ្លៃដល់ក្មេងៗ អស់រយៈពេលជាច្រើនឆ្នាំ ដោយគោលបំណង ថែរក្សាវប្បធម៌ច្រៀងចម្រៀង quan ho សម្រាប់ប្រទេសជាតិ។ កាលវិភាគសម្រាប់អំឡុងពេលវ៉ាកង   យើងនឹងបង្រៀនរៀងរាល់ថ្ងៃពុធ និងថ្ងៃសៅរ៍។ ហើយពេលចូលឆ្នាំសិក្សា ប្អូនៗរវល់ទៅសាលា យើងបង្រៀនរាល់យប់ថ្ងៃសៅរ៍វិញ”។

ចំណែកខ្លួនវិញ សិល្បការិនី Hoang Thi Trong បានសម្តែងចំណាប់អារម្មណ៍ថា៖ “ចម្រៀង quan ho បុរាណ ត្រូវបានជីដូនជីតាបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយ យើងមានបំណងចង់ឲ្យពីជំនាន់មួយទៅជំនាន់មួយ នៅតែរក្សាបានវប្បធម៌ច្រៀងចម្រៀង quan ho ដដែល។ កាលពីឆ្នាំមុន ពេលយើងយកកុមារទៅប្រកួតនោះ កុមារ ២នាក់ចូលដល់វគ្គផ្ដាច់ព្រ័ត្រ ប្អូនមួយនាក់ ចូលដល់វគ្គចុងក្រោយ និងទទួលបានរង្វាន់លេខ ៣ ក្នុងការប្រឡងចម្រៀង quan ho ក្នុងខេត្ត។ យើងមានមោទនភាព និងសប្បាយជាអនេក”។

ថ្នាក់រៀនច្រៀងចម្រៀងប្រជាប្រិយ quan ho bac ninh ពិសេសនេះ មានសិស្សច្រើនប្រភេទ គ្រប់វ័យ ដោយមានទេព្យកោសលនៅតាមក្លឹប ក្រុមសិល្បៈនៅស្រុក Tien Du និងសូម្បីតែក្មេងៗតូច ដែលរៀនច្រៀងជាលើកដំបូងក៏ចូលរួមផងដែរ។ កុមារី Nguyen Khanh Linh អាយុ ១០ ឆ្នាំ នៅឃុំ Dai Dong ដែលជាសិស្សម្នាក់ក្នុងថ្នាក់បានសំណេះសំណាលថា៖ “ក្មួយបានឃើញយាយៗ បង្រៀនយ៉ាងល្អណាស់។ ខ្ញុំបានទន្ទេញបទចម្រៀងជាច្រើនបទដែលខ្ញុំចូលចិត្ត ដូចជាបទចម្រៀងប្រជាប្រិយ “ចម្រៀងអំពីដើមជ្រៃពោធិ៍និង ក្តីនឹករលឹកទាំង១០ ជាដើម”។

ថ្នាក់រៀនច្រៀងចម្រៀង quan ho ពិសេស “បីអត់” នៅខេត្ត Bac Ninh - ảnh 2ប្អូនៗកំពុងរៀនច្រៀង (រូបថត៖ VOV)

ពីរដ្ឋធានីហាណូយ ទៅខេត្ត Bac Ninh ដើម្បីសិក្សាថ្នាក់រៀនច្រៀងចម្រៀង Quan ho បីឆ្នាំជាប់ៗគ្នាកុមារី Le Gia Linh អាយុ ១៣ ឆ្នាំបានសំណេះសំណាល៖ “ថ្វីត្បិតតែនាងខ្ញុំរស់នៅទីក្រុងហាណូយក៏ដោយ ប៉ុន្តែដោយសារតែនាងខ្ញុំស្រឡាញ់ចម្រៀង quan ho Bac ninh ហេតុដូច្នេះ រៀងរាល់ចុងសប្តាហ៍ខ្ញុំតែងតែមករៀនច្រៀងជាមួយលោកយាយ។ ថ្នាក់រៀនសប្បាយខ្លាំងណាស់ លោកយាយបង្រៀនយ៉ាងងាយយល់។ ខ្ញុំច្រៀងបានច្រើនបទរួចមកហើយ ដូចជាបទចម្រៀង ក្តីនឹងរលឹកទាំង ១០, ចម្រៀងដំណាលអំពីដើមជ្រៃពោពិ៍ និងបទចម្រៀងទៅវត្ត…។ ឪពុកម្តាយរបស់ខ្ញុំយល់ព្រមទៅរៀនច្រៀងនៅខេត្ត Bac Ninh ដូច្នេះ ខ្ញុំអាចជឿជាក់បានថា ខ្ញុំនឹងរៀននៅទីនេះយ៉ាងល្អដែរ។ ខ្ញុំអរគុណអ្នកទាំងពីរដែលបានបង្រៀនខ្ញុំនូវសំនៀងច្រៀងដ៏ពិសេស។ កាន់តែរៀន ខ្ញុំកាន់តែស្រឡាញ់ប្រភេទចម្រៀង quan ho នេះ។ ខ្ញុំសូមអញ្ជើញស្តាប់បទចម្រៀង ក្តីនឹករលឹកទាំង១០”។

ថ្នាក់រៀនចម្រៀង quan ho ពិសេស “បីអត់”៖  អត់មានកំណល់បង្រៀន - អត់មានដីស - អត់មានក្ការខៀន ប៉ុន្តែមានតែការច្រៀងប្រកបដោយមនោសញ្ចេតនា ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់ចំពោះសិល្បៈប្រពៃណី។ ថ្នាក់រៀនបានជួយសិស្សានុសិស្សធំដឹងក្តី ហើយក្រោយមកអាចក្លាយជាភ្នាក់ងារសកម្មក្នុងសកម្មភាពវប្បធម៌មូលដ្ឋាន ដោយហេតុនោះ រួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ចម្រៀង quan ho នៃតំបន់ Kinh Bac៕

ប្រតិកម្មទៅវិញ

ផ្សេងៗ