ទីក្រុងហូជីមិញ៖ ចំណុចលេចធ្លោក្នុងការអភិវឌ្ឍវប្បធម៌អានសៀវភៅ
(VOVWORLD) - ការរៀបចំកម្មវិធីទាក់ទាញប្រជាជនមកដល់ទីកន្លែងអានសៀវភៅ ដើម្បីឲ្យមនុស្សម្នាក់ៗអាចក្លាយជាឯកអគ្គរដ្ឋទូតនៃវប្បធម៌អានសៀវភៅ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហូជីមិញក្នុងការបង្កើត និងលើកកំពស់វប្បធម៌អានសៀវភៅសម្រាប់ប្រជាជន។ ជាមួយនឹងគំរូថ្មីជាច្រើន ដែលត្រូវបានដាក់ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលថ្មីៗនេះ ទីក្រុងហូជីមិញត្រូវបានវាយតម្លៃថាជា "ចំណុចលេចធ្លោ" លើទូទាំងប្រទេសក្នុងការអភិវឌ្ឍន៍វប្បធម៌អានសៀវភៅ។ ទីក្រុងកំពុងមានបំណងចង់ឆ្ពោះទៅរកកិត្តិនាមជារដ្ឋធានីសៀវភៅរបស់ពិភពលោក។
វិថីសៀវភៅទីក្រុងហូជីមិញតែងតែរៀបចំកម្មវិធី និងសកម្មភាពអំពីសៀវភៅ។ រូបថត៖ VOV |
ដើម្បីរួមចំណែកផ្សព្វផ្សាយនិងនាំវប្បធម៌អាន ទៅកាន់មុខសញ្ញាជាក់លាក់នីមួយៗ ហើយនាំការអានសៀវភៅខិតជិតមកប្រជាជន ទីក្រុងហូជីមិញបានជ្រើសរើសឯកអគ្គរដ្ឋទូតនៃវប្បធម៌អាន ដែលតំណាងឱ្យវិស័យជាច្រើនដូចជា៖ ការបោះពុម្ពផ្សាយ សារព័ត៌មាន សេដ្ឋកិច្ច វប្បធម៌-សិល្បៈ ជាដើម។ ពួកគេជាមនុស្សដែលស្រឡាញ់សៀវភៅដូចគ្នា ហើយមានបំណងចង់រីកសាយភាយស្មារតីសង្វាតរៀនសូត្រ ជក់ចិត្តនឹងការអាន ផ្សព្ចផ្សាយតម្លៃសៀវភៅ ពីនោះរួមចំណែកអភិវឌ្ឍវប្បធម៌អានសៀវភៅយ៉ាងទូលំទូលាយដល់ប្រជាជន។ ក្នុងនាមជាមនុស្សម្នាក់ដែលស្រឡាញ់ការអាន កញ្ញា Nhat Vy ជាសិស្សថ្នាក់ទី ៩ នៅអនុវិទ្យាល័យ Hoa Lu (ទីក្រុង Thu Duc) កំពុងអនុវត្តគម្រោងពិនិត្យឡើងវិញនូវសៀវភៅល្អៗគួរតែអាន ដើម្បីបំផុសគំនិតក្នុងការអានសៀវភៅដល់មិត្តភក្តិរបស់នាង។ នេះជាគម្រោងដែល Vy អនុវត្តតាមវិធីផ្សេងៗគ្នា ចាប់ពីការតុបតែងទិនានុប្បវត្តិ ណែនាំអំពីសៀវភៅ ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន ដូចជាYoutube, Facebook... ដើម្បីនាំសៀវភៅខិតមកជិតមនុស្សជុំវិញផងដែរ។
“នៅសាលារៀន អ្នកគ្រូ និងមិត្តភក្តិគាំទ្រខ្ញុំអនុវត្តន៍ទិនានុប្បវត្តិ។ មិត្តភក្តិក៏ជួយខ្ញុំក្នុងការតុបតែង ហើយបរិច្ចាគសៀវភៅល្អៗផងដែរ។ ខ្ញុំធ្វើការពិនិត្យលើប្រធានបទសៀវភៅផ្សេងៗគ្នាជាច្រើន ដូច្នេះនរណាម្នាក់ ក៏អាចស្វែងរកខ្លឹមសារដែលពួកគេចូលចិត្ត”។
សម្រាប់លោក Le Tri Thong ប្រធានសមាគមសហគ្រិនវ័យក្មេងទីក្រុងហូជីមិញ ទម្លាប់នៃការអានសៀវភៅត្រូវបានលោករក្សាតាំងពីកុមារភាព។ ពេលទៅធ្វើការហើយក្លាយជាសហគ្រិន ជារៀងរាល់សប្ដាហ៍ លោកតែងតែចំណាយពេលអានសៀវភៅយ៉ាងហោចណាស់ ២ក្បាល។ បើតាមលោក Thong ការអានសៀវភៅនាបច្ចុប្បន្ន គឺខុសពីមុនណាស់។ ប្រសិនបើកាលពីមុន អ្នកអាចអានបានតែតាមរយៈសៀវភៅប៉ុណ្ណោះ គឺសព្វថ្ងៃនេះអ្នកអាចអានតាមរយៈសៀវភៅជាសំឡេង គេហទំព័រ ឬតាមរយៈឧបករណ៍ Chat GPT ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតវប្បធម៌អានរបស់ទីក្រុងហូជីមិញសម្រាប់អាណត្តិ ២០២៤-២០២៥ លោក Le Tri Thong បានឲ្យដឹងថា៖
“សម្រាប់សហគ្រិន យើងខ្ញុំគិតថាតម្លៃនៃការសិក្សារៀនសូត្រនិងធ្វើបច្ចុប្បន្នភាពចំណេះដឹងដោយឥតឈប់ឈរក្នុងសម័យបច្ចុប្បន្នគឺមានសារៈសំខាន់ខ្លាំងណាស់។ នៅសមាគមសហគ្រិនវ័យក្មេងទីក្រុងហូជីមិញ យើងខ្ញុំនឹងបន្តពិភាក្សាគ្នា ចែករំលែកអំពីសៀវភៅ ចំណេះដឹង ក៏ដូចជាបច្ចេកវិទ្យានៃការអាននាពេលបច្ចុប្បន្ន”។
សិស្សានុសិស្សផ្លាស់ប្តូរគ្នានៅព្រឹត្តិការណ៍មួយដែលប្រព្រឹត្តទៅនៅវិថីសៀវភៅទីក្រុងហូជីមិញ។ រូបថត៖ VOV |
ទីក្រុងហូជីមិញមានសកម្មភាពទាក់ទងនឹងសៀវភៅជាច្រើនជារៀងរាល់ខែនិងត្រីមាស ដូចជា៖ ពិធីបុណ្យសៀវភៅ Tet ទិវាសៀវភៅ និងវប្បធម៌អាន សកម្មភាពដ៏ផុសផុលនៅវិថីសៀវភៅ... អាជ្ញាធរទីក្រុងក៏តែងតែលើកទឹកចិត្តការអានរបស់កុមារក្នុងទម្រង់ជាច្រើនដូចជា៖ ការប្រគល់ជូនទូសៀវភៅ ការប្រឡងធំឡើងជាមួយសៀវភៅ ឯកអគ្គរដ្ឋទូតទូតវប្បធម៌អាន រៀបចំការបង្រៀននៅខាងក្រៅសាលា ជាដើម។
លោក Lam Dinh Thang នាយកមន្ទីរព័ត៌មាន និងទូរគមនាគមន៍ទីក្រុងហូជីមិញ បានឲ្យដឹងថា ដើម្បីអភិវឌ្ឍវប្បធម៌អាន ទីក្រុងហូជីមិញនឹងធ្វើការស្ទង់មតិលើអត្រាអានសៀវភៅរបស់ប្រជាជនទីក្រុង ជាពិសេសក្នុងចំណោមសិស្សានុសិស្ស និងយុវជន ដើម្បី មានការតំរង់ទិសរយៈពេលវែង។
“តាមការស្ទង់មតិ ទីក្រុងនឹងកសាងគោលនយោបាយរយៈពេលវែងជាប្រព័ន្ធ ដើម្បីឲ្យវប្បធម៌អានរបស់ទីក្រុងពិតជាមានការរីកចម្រើន។ មិនមែនតាមរយៈព្រឹត្តិការណ៍សំខាន់ៗរបស់ទីក្រុងនោះទេ ប៉ុន្តែតាមរយៈសកម្មភាពប្រចាំថ្ងៃ ក្នុងថ្នាក់រៀននីមួយៗ និងគ្រួសារនីមួយៗ”។
យោងតាមលោក Le Hoang នាយកវិថីសៀវភៅទីក្រុងហូជីមិញបានឲ្យដឹងថា ការស្ទាបស្ទង់អត្រាអានសៀវភៅរបស់ប្រជាជនទីក្រុងពិតជាមានសារៈសំខាន់ដើម្បីអភិវឌ្ឍន៍វប្បធម៌អាន។
“ប្រការនោះក៏បង្កើតកម្លាំងចលករកាន់តែខ្លាំងសម្រាប់ទីក្រុង ដើម្បីរៀបចំសកម្មភាពទាក់ទងនឹងសៀវភៅ និងអភិវឌ្ឍវប្បធម៌អានឱ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។ ពីនោះ ទីក្រុងហូជីមិញពិតជាសក្តិសមជាទីក្រុងសៀវភៅ”។
នៅពេលដែលបច្ចេកវិទ្យា និងឌីជីថលនីយកម្មមានការអភិវឌ្ឍ ទីក្រុងហូជីមិញបានស្វែងរកវិធីផ្ដោតលើក្រុមមុខសញ្ញាជាក់លាក់នីមួយៗ និងវិជ្ជាជីវៈនីមួយៗ ជាមួយនឹងទិសដៅធ្វើឱ្យពលរដ្ឋម្នាក់ៗក្លាយជាឯកអគ្គរដ្ឋទូតនៃវប្បធម៌អាន។ ហើយលើសពីនេះទៅទៀត ការស្ទាបស្ទង់អត្រាអានសៀវភៅរបស់ប្រជាជន ក៏ជាការបោះជំហានយូរអង្វែងដើម្បីឲ្យទីក្រុង មានគោលនយោបាយជំរុញការអភិវឌ្ឍន៍វប្បធម៌អាននាពេលអនាគត សំដៅក្លាយជារដ្ឋធានីសៀវភៅរបស់ពិភពលោក៕