ទីក្រុងហាណូយសម្បូរបែបនៅក្នុងស្នាដៃភាពយន្តរបស់អ្នកដឹកនាំរឿង សិល្បករប្រជាជន Dang Nhat Minh
(VOVWORLD) - នៅក្នុងជីវិតសិល្បៈរបស់ខ្លួន ឈ្មោះរបស់អ្នកដឹកនាំរឿងសិល្បករប្រជាជន Dang Nhat Minh ត្រូវបានផ្សារភ្ជាប់ជាមួយនឹងស្នាដៃបុរាណជាច្រើននៃវិស័យភាពយន្តរបស់ប្រទេសជាតិ។ ក្នុងចំណោមស្នាដៃរបស់ខ្លួន ពីអក្សរសិល្ប៍រហូតដល់ភាពយន្ត ប្រធានបទអំពីទីក្រុងហាណូយបានលេចចេញជារូបរាង ហើយត្រូវបានពណ៌តាមគ្រប់ទិដ្ឋភាពចម្រុះពណ៌ ពីសម័យកាលរហូតដល់មនុស្ស។ លោកទើបតែទទួលបានរង្វាន់ខ្ពង់ខ្ពស់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយលើកទី ១៦ សម្រាប់ការរួមចំណែកដ៏ឆ្នើមរបស់លោកចំពោះទីក្រុងហាណូយ តាមរយៈស្នាដៃភាពយន្ត និងអក្សរសាស្ត្រដែលបង្កប់តម្លៃប្រវត្តិសាស្ត្រនិងមនុស្សសាស្ត្រ។
អ្នកដឹកនាំរឿង Dang Nhat Minh ទទួលរង្វាន់ Bui Xuan Phai លើកទី ១៦ – សម្រាប់សេចក្តីស្រឡាញ់ទីក្រុងហាណូយ (រូបថត៖ Vietnam+) |
ទទួលបានពានរង្វាន់ដ៏ខ្ពង់ខ្ពស់របស់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ នាថ្ងៃទី ៥ ខែតុលា គឺជាសេចក្តីរីករាយដ៏អស្ចារ្យសម្រាប់អ្នកដឹកនាំរឿង លោក Dang Nhat Minh។ នេះក៏ជាពេលវេលាប្រព្រឹតទៅ "ខែភាពយន្ត Dang Nhat Minh" ដែលជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយ Trigger Film Academy និង Storii សំដៅលើកតម្កើងដល់ស្នាដៃភាពយន្តចំនួន ៩ របស់លោក។ អ្នកដឹកនាំរឿង Dang Nhat Minh បានចែករំលែកថា៖
“ហាណូយជាទីស្រឡាញ់របស់ខ្ញុំ ជាកន្លែងដែលខ្ញុំបានផ្សារភ្ជាប់អស់រយៈពេល ៦០ ឆ្នាំនៃជីវិតរបស់ខ្ញុំ។ ពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយដែលខ្ញុំទទួលបាននាពេលនេះគឺការទទួលស្គាល់សេចក្តីស្រឡាញ់នោះនៅក្នុងដួងចិត្តរបស់ខ្ញុំ។ សេចក្តីស្រឡាញ់នេះត្រូវបានបង្ហាញតាមរយៈខ្សែភាពយន្តដែលខ្ញុំផលិតអំពីទីក្រុងហាណូយ។ រង្វាន់នេះកាន់តែមានតម្លៃសម្រាប់ខ្ញុំ នៅពេលដែលខ្ញុំទទួលបាន ក្នុងអំឡុងពេលថ្ងៃខែតុលាដ៏គួរឱ្យចងចាំនេះ”។
ក្នុងអាជីពភាពយន្តដ៏ធំដែលរួមមានភាពយន្តទាំងជាតិនិងអន្តរជាតិល្បីៗជាច្រើន អ្នកដឹកនាំរឿង សិល្បករប្រជាជន Dang Nhat Minh មានខ្សែភាពយន្តចំនួន ៥ អំពីប្រជាជនហាណូយ និងទីក្រុងហាណូយគឺ៖ “ហាណូយរដូវរងាឆ្នាំ ១៩៤៦” (ផលិតនៅឆ្នាំ ១៩៩៧) “រដូវកាលផ្លែត្របែក” (ផលិតនៅឆ្នាំ ២០០១), “វិលត្រឡប់មកវិញ” (១៩៩៤), "កុំដុត" (២០០៩) និងថ្មីៗនេះគឺរឿង "ផ្កាម្លិះ" (ផលិតនៅឆ្នាំ ២០២០”។
ស្នាដៃនីមួយៗគឺជាសញ្ញាសម្គាល់ពីភាពជោគជ័យរបស់លោក។ ទាំងនេះរួមមានៈ "ហាណូយនារដូវរងារឆ្នាំ ១៩៤៦” ត្រូវបានចាក់បញ្ចាំងនៅមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូ (ខែធ្នូ ១៩៩៧) និងមហោស្រពភាពយន្តអន្តរជាតិសិង្ហបុរី (ខែមេសា ១៩៩៨); “រដូវកាលផ្លែត្របែក” បានឈ្នះពានរង្វាន់ផ្កាឈូកមាស នៅមហោស្រពភាពយន្តវៀតណាម (២០០១) ពានរង្វាន់គណៈមេប្រយោគវ័យក្មេងនិងពានរង្វាន់ Donkihote នៃសមាគមពិភពលោកនៃក្លឹបភាពយន្តនៅមហោស្រពភាពយន្ត Locarno (ប្រទេសស្វីស ឆ្នាំ ២០០០), ពានរង្វាន់ពិសេសពីសមាគមអ្នករិះគន់ភាពយន្តអន្តរជាតិនៅមហោស្រពភាពយន្តអូស្លូ (ន័រវែស ឆ្នាំ ២០០១) ប័ណ្ណសរសើរពិសេសនៅមហោស្រពភាពយន្ត Namur (បែលហ្សិក ឆ្នាំ ២០០០) ពានរង្វាន់ NETPAC នៅមហោស្រពភាពយន្ត Rotterdam (ហូឡង់); ភាពយន្តរឿង "កុំដុត" មិនត្រឹមតែទទួលបានការសរសើរពីអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងទទួលបានពានរង្វាន់ជាច្រើននៅមហោស្រពភាពយន្តជាតិ និងអន្តរជាតិដូចជា៖ មហោស្រពភាពយន្តវៀតណាម ពានរង្វាន់ខ្លែង ពានរង្វាន់ដោយទស្សនិកជនជ្រើសរើសនៅមហោស្រពភាពយន្តអន្តរជាតិ Fukuoka (២០០៩)...។ កវី Bang Viet ប្រធានក្រុមប្រឹក្សាគណៈវិនិច្ឆ័យនៃពានរង្វាន់ Bui Xuan Phai - ដើម្បីសេចក្តីស្រឡាញ់ទីក្រុងហាណូយ លើកទី ១៦ បានឲ្យដឹងថា៖ “ពី "ហាណូយក្នុងរដូវរងាឆ្នាំ ១៩៤៦" ដល់ស្នាដៃក្រោយៗរបស់អ្នកដឹកនាំរឿង Dang Nhat Minh គឺសុទ្ធតែបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះហាណូយ។ ជីវិតរបស់អ្នកដឹកនាំរឿង Dang Nhat Minh ផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទីក្រុងហាណូយ ដូច្នេះគ្រប់ទិដ្ឋភាពក្នុងស្នាដៃរបស់លោកគឺបង្កបដោយដង្ហើមនៃទីក្រុងហាណូយ ដែលផ្តើមចេញពីការស្រឡាញ់ទីក្រុងហាណូយ។ រង្វាន់ធំប្រចាំឆ្នាំនេះ ប្រគល់ជូនអ្នកដឹកនាំរឿង Dang Nhat Minh គឺសក្តិសមទាំងស្រុង ដោយទទួលស្គាល់ការរួមចំណែករបស់សិល្បករម្នាក់ចំពោះរដ្ឋធានីហាណូយ និងការស្រឡាញ់របស់លោកចំពោះទីក្រុងហាណូយ តាមរយៈស្នាដៃរបស់ខ្លួនលោក”។
ស្នាដៃរបស់អ្នកដឹកនាំរឿង សិល្បករប្រជាជន Dang Nhat Minh (រូបថត៖ Minh Anh/Vietnam+) |
អ្នកដឹកនាំរឿងសិល្បករប្រជាជន Dang Nhat Minh កើតនៅឆ្នាំ ១៩៣៨ នៅខេត្ត Thua Thien - Hue ។ ជាមួយ Hue លោករស់នៅតែក្នុងវ័យកុមារភាពប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ លោកបានផ្សារភ្ជាប់ជាមួយទីក្រុងហាណូយអស់រយៈពេល ៦០ ឆ្នាំមកហើយ។ ចំពោះលោក ហាណូយគឺជាទីស្រឡាញ់ "ដូចជាសាច់ញាតិ"។ ហាណូយដែលបានបង្កើតគលឡើងបគ្គលិកលក្ខណៈរបស់សិល្បករ Dang Nhat Minh ដែលជាអ្នកផលិតភាពយន្ត "ទាំងអស់ដោយសារទីក្រុងហាណូយ"។ ទីក្រុងហាណូយបានឃើញ Dang Nhat Minh ធំដឹងក្តី ហើយ Dang Nhat Minh ក៏បានឃើញពីការផ្លាស់ប្តូររបស់ទីក្រុងហាណូយក្នុងរយៈពេលជាច្រើនឆ្នាំ។ ដូចនោះ ដោយផ្សារភ្ជាប់មកជាមួយនិងយោគយល់គ្នា សម័យកាលនីមួយៗនៃទីក្រុងហាណូយបានក្លាយទៅជាគ្រាដ៏គួរឱ្យចងចាំក្នុងខ្សែភាពយន្តអំពីហាណូយរបស់ Dang Nhat Minh។
ក្នុងខ្សែភាពយន្តដែលដឹកនាំដោយលោក Dang Nhat Minh ទស្សនិកជនអាចមើលឃើញទីក្រុងហាណូយដែលមានទាំងអាឡោះអាល័យ ភាពប្រាកដនិយម និងសន្តិភាពជាមួយមនុស្សជាក់ស្តែងរួសរាយរាក់ទាក់។ នោះក៏ព្រោះតែលោកបានយកចិត្តទុកដាក់ជាពិសេសក្នុងការខិតជិតជោគវាសនារបស់មនុស្សម្នាក់ៗ ចូលទៅក្នុងចិត្តគំនិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនហាណូយ។ តាមលោកថា ពេលផលិតភាពយន្តអំពីទីក្រុងហាណូយ អ្វីដែលសំខាន់បំផុតគឺប្រាប់ពីបគ្គលិកលក្ខណៈរបស់ប្រជាជនហាណូយ បញ្ជាក់ពីភាពស្រស់ស្អាតនៃព្រលឹងប្រជាជនហាណូយ។ អ្នកដឹកនាំរឿង Dang Nhat Minh ចែករំលែកអំពីខ្សែភាពយន្តរឿង "ផ្កាម្លិះ" ដែលជាអំណោយដែលលោកជូនដល់ទីក្រុងហាណូយនៅពេលលោកមានអាយុលើសពី ៨០ ឆ្នាំ៖
“នេះគឺជាខ្សែភាពយន្តដែលនិយាយអំពីប្រជាជនហាណូយ មនុស្សដែលយើងជួបជារៀងរាល់ថ្ងៃនៅតាមដងផ្លូវ នៅតាមចិញ្ចើមផ្លូវ ជាមួយនឹងភាពសប្បាយរីករាយ ទុក្ខព្រួយ និងកង្វល់ក្នុងការប្រកបរបរចិញ្ចឹមជីវិត។ ពួកគេជាមនុស្សដែលជំរុញចិត្តខ្ញុំឲ្យបង្កើតឡើងខ្សែភាពយន្តនេះ។ ខ្ញុំត្រូវអរគុណប្រជាជនហាណូយដែលខ្ញុំបានជួបប្រទះ។ នេះមិនមែនជាខ្សែភាពយន្តដែលមានជម្លោះយ៉ាងខ្លាំងនោះទេ ប៉ុន្តែជាខ្សែភាពយន្តសាមញ្ញនិយាយពីមនុស្សសាមញ្ញ”។
ក្រោយរយៈពេល ៦០ឆ្នាំ ដែលបានផ្សាភ្ជាប់ យោគយល់ និងស្រឡាញ់ទីក្រុងហាណូយ បទពិសោធន៍របស់អ្នកដឹកនាំរឿង Dang Nhat Minh ជាមួយនឹងហាណូយតែងតែធ្វើឱ្យលោករំភើបចិត្ត។ អារម្មណ៍នោះត្រូវបានបង្កើតឡើងកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ហើយត្រូវបានបង្ហាញតាមរយៈភាពយន្ត។ នៅក្នុងខ្សែភាពយន្តរបស់លោក ទីក្រុងហាណូយមើលទៅសាមញ្ញ ប៉ុន្តែដូចជារូបភាពចម្រុះពណ៌ ដែលធ្វើឲ្យអ្នកទស្សនាចង់ស្វែងយល់ពីភាពស្រស់ស្អាតដែលលាក់ទុកនៅខាងក្នុង៕