ទាញយកអត្ថប្រយោជន៍ពីប្រៀបខ្លាំង ដើម្បីបង្កើតសន្ទុះសម្រាប់ឧស្សាហកម្មវប្បធម៌

(VOVWORLD) - ជាមួយនឹងសក្តានុពល និងប្រៀបខ្លាំងដែលមានស្រាប់ វៀតណាមកំពុងក្លាយជាទីផ្សារបើកចំហ និងជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ រួមទាំងតារាកំពូលលើពិភពលោកទៀតផង។ ក្នុងចំណោមឧស្សាហកម្មវប្បធម៌ទាំង១២ ឧស្សាហកម្មចំនួន២ ក្នុងនោះមានតន្ត្រី និងទេសចរណ៍វប្បធម៌អាចបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ផ្សេងៗរបស់វៀតណាម។



ទាញយកអត្ថប្រយោជន៍ពីប្រៀបខ្លាំង ដើម្បីបង្កើតសន្ទុះសម្រាប់ឧស្សាហកម្មវប្បធម៌ - ảnh 1ក្រុមតារាចម្រៀងស្ត្រីដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង BlackPink មកសម្ដែងនៅទីក្រុងហាណូយ។ (រូបថត៖ Trung Hieu)

នៅប្រទេសវៀតណាម ឆ្នាំ ២០២៣ ត្រូវបានចាត់ទុកថា ជាឆ្នាំនៃការរីកដុះដាលសម្រាប់កម្មវិធីផ្សាយផ្ទាល់ ការប្រគុំតន្ត្រីផ្ទាល់ ព្រឹត្តិការណ៍មហោស្រពតន្ត្រី និងរាត្រីតន្ត្រីទ្រង់ទ្រាយធំរបស់សិល្បករល្បីឈ្មោះក្នុងស្រុក និងតារាអន្តរជាតិជាច្រើន។ អាចនិយាយដល់ព្រឹត្តិការណ៍លេចធ្លោមួយចំនួន ដូចជា៖ ក្រុមតារាចម្រៀងកូរ៉េខាងត្បូង Super Junior បានរៀបចំកម្មវិធី Super Junior World Tour នៅទីក្រុងហូជីមិញ ទាក់ទាញទស្សនិកជន ១៥ ពាន់នាក់; កម្មវិធីសម្ដែងរយៈពេល ២ ថ្ងៃរបស់ BlackPink ដែលជាក្រុមតារាចម្រៀងស្ត្រីដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូងនៅទីក្រុងហាណូយ; តារាចម្រៀងពិភពលោក Charlie Puth ចូលរួមក្នុងមហោស្រពតន្ត្រីលំដាប់អន្តរជាតិ 8Wonder នៅ Nha Trang; ទន្ទឹមនឹងនោះគឺដំណើរសម្ដែងរបស់ក្រុមតន្រ្តី Maroon៥, Westlife ជាដើម។

ការដែល តារាអន្តរជាតិជាច្រើនជ្រើសរើសប្រទេសវៀតណាមជាគោលដៅសម្រាប់ការសម្តែងរបស់ពួកគេ គឺជាលទ្ធផលនៃចលនាយ៉ាងស្វាហាប់នៃឧស្សាហកម្មតន្ត្រីក្នុងស្រុក។ រាត្រីតន្ត្រីប្រកបដោយជោគជ័យបានបង្ហាញថា អង្គភាពរៀបចំព្រឹត្តិការណ៍ក្នុងស្រុកអាចបំពេញតម្រូវការដ៏ច្បាស់លាស់របស់ដៃគូអន្តរជាតិ។ ទាំងនេះគឺជាកត្តាសំខាន់ដែលរួមចំណែកដល់ការបង្កើតឧស្សាហកម្មតន្ត្រីអាជីព ជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មវប្បធម៌ទាំង ៥ ដែលត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជ្រើសរើសជាចំណុចស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌រហូតដល់ឆ្នាំ ២០៣០។ យោងតាមលោក Nguyen Quan Truong គ្រូបង្រៀនមុខវិជ្ជារៀបចំព្រឹត្តិការណ៍ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យជាតិហាណូយបានឲ្យដឹងថា នេះជាបុព្វបទដើម្បីឲ្យគណៈចាត់តាំង អញ្ជើញក្រុមតារាចម្រៀងជុំវិញពិភពលោកច្រើនថែមទៀតមកសម្ដែងនៅប្រទេសវៀតណាម។

“នៅពេលដែលមានកម្មវិធីតន្ត្រីអន្តរជាតិដែលប្រារព្ធឡើងនៅប្រទេសវៀតណាមនោះ ប្រាកដជាថា នឹងមានកម្មវិធី និងក្រុមអ្នកជំនាញរបរទេសជាច្រើនផ្សេងទៀត ងាកទៅមើល ហើយឃើញថា
វៀតណាមអាចបំពេញទាំងស្រុងតាមស្ដង់ដាររបស់ពួកគេ។ ដូច្នេះ នឹងមានកម្មវិធីជាច្រើនទៀតជាក់ជាពុំខាន”។

ទាញយកអត្ថប្រយោជន៍ពីប្រៀបខ្លាំង ដើម្បីបង្កើតសន្ទុះសម្រាប់ឧស្សាហកម្មវប្បធម៌ - ảnh 2សិល្បៈករ Kenny G សម្ដែងក្នុងកម្មវិធី "Kenny G Live in Vietnam"។ (រូបថត៖ Thanh Dat)

ព្រឹត្តិការណ៍តន្ត្រីដោយមានការចូលរួមពីតារាអន្តរជាតិមិនត្រឹមតែនាំមកនូវប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយរូបភាពវៀតណាមជាគោលដៅមិត្តភាព និងទាក់ទាញសម្រាប់ភ្ញៀវទេសចរផងដែរ។ 

វៀតណាមជាប្រទេសដែលមានវប្បធម៌ដ៏សម្បូរបែបតាំងពីយូរលង់មក ជាមួយបេតិកភណ្ឌចំនួន៨ដែលបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក; បេតិកភណ្ឌចំនួន ១៤ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ផលិតផលវប្បធម៌ជានិច្ចកាលមានភាពទាក់ទាញខ្លាំងចំពោះភ្ញៀវទេសចរ។ លោកបណ្ឌិត Ha Van Sieu អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានមានប្រសាសន៍ថា វៀតណាមមានធនធានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ប្លែកពីគេឯង ហើយមានសក្តានុពលសម្រាប់អភិវឌ្ឍន៍ទេសចរណ៍វប្បធម៌។

“យើងត្រូវអភិរក្ស និងលើកកំពស់តម្លៃបេតិកភណ្ឌ ហើយទន្ទឹមនឹងនោះត្រូវចេះពីធ្វើអាជីវកម្មពីតម្លៃទាំងនោះ ដោយរួមបញ្ចូលវាទៅក្នុងផលិតផលទេសចរណ៍ ផលិតផលឧស្សាហកម្ម និងសកម្មភាព ព្រឹត្តិការណ៍ផ្សេងៗរបស់វៀតណាមទៅកាន់ពិភពលោក។ ត្រូវធ្វើយ៉ាងណា ដើម្បីឲ្យរូបភាពវៀតណាម និងម៉ាកយីហោវៀតណាម សក្តិសមនឹងតម្លៃដ៏ធំធេងរបស់វប្បធម៌វៀតណាម និងបេតិកភណ្ឌវៀតណាម”។

ក្នុងបរិបទដែលតម្រូវការជីវភាពខាងស្មារតីរបស់ប្រជាជន កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការរៀបចំសកម្មភាពវប្បធម៌ចម្រុះ និងទាក់ទាញជាប្រចាំ មិនត្រឹមតែជួយផ្សព្វផ្សាយ និងរីកសាយភាយតម្លៃវប្បធម៌ដល់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងពង្រីកសក្តានុពល ប្រៀបខ្លាំង និងតម្លៃវប្បធម៌ប្រកបដោយអត្តសញ្ញាណ ក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ទៀតផង។ ភ្នាក់ងារទេសចរណ៍ជាច្រើនបានយល់ឃើញពីសក្តានុពលវប្បធម៌ក្នុងវិស័យទេសចរណ៍ ហើយបានជំរុញខ្លាំងដំណើរទេសចរណ៍វប្បធម៌ក្នុងពេលឆាប់ៗនេះ។ លោក Nguyen Ngoc An អគ្គនាយករងទទួលបន្ទុកផ្នែកអាជីវកម្មនៃក្រុមហ៊ុន Vietluxtour បានឲ្យដឹងថា៖

“ក្រុមហ៊ុន Vietluxtour បានរួមដំណើរជាមួយមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ដើម្បីធ្វើអាជីវកម្មនូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ទីក្រុងហូជីមិញ ដើម្បីរួមបញ្ចូលក្នុងកម្មវិធីទេសចរណ៍។ អាចនិយាយដល់ ដំណើរទេសចរណ៍ Saigon Rangers។ យើងនឹងបន្តពង្រីក និងស្រាវជ្រាវបន្ថែមទៀតនូវទម្រង់ និងប្រភេទនៃទេសចរណ៍វប្បធម៌”។

វៀតណាមមានសក្ដានុពល និងប្រៀបខ្លាំងដ៏ធំក្នុងការប្រកួតប្រជែងដើម្បីជំរុញនិងពង្រីកតម្លៃវប្បធម៌ ប្រែក្លាយវប្បធម៌ទៅជាទ្រព្យសកម្មនិងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ នេះគឺជាសន្ទុះដើម្បីជួយឧស្សាហកម្មវប្បធម៌របស់វៀតណាមអភិវឌ្ឍន៍ និងធ្វើសមាហរណកម្មទៅក្នុងនិន្នាការសកលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ