“ទម្លាប់បុរមបុរាណ” - បង្កើតកន្លែងប្រណិតនៅក្នុងផ្ទះ នៃទឹកដីបរមរាជវាំង
(VOVWORLD) - សង្គមបច្ចប្បន្នមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយហាណូយសព្វថ្ងៃនេះក៏មានការផ្លាស់ប្តូរជាច្រើនផងដែរ បើធៀបនឹងទីក្រុងហាណូយកាលពីអតីតកាល ពីស្ថាបត្យកម្ម ផ្លូវថ្នល់ ទៅដល់ទំហំផ្ទៃដី...។ នេះជាក្រិត្យក្រមនៃការអភិវឌ្ឍ។ ដើម្បីចិញ្ចឹមសេចក្តីស្នេហារបស់ប្រជាជនចំពោះទីក្រុងហាណូយ ជួយមនុស្សម្នាមានការចងចាំល្អអំពីទីក្រុងហាណូយបុរាណកាល ការតាំងពិព័រណ៌ “ផ្នត់ផ្ទះ” កំពុងប្រព្រឹត្តទៅនៅសារមន្ទីរហាណូយ ដែលបានបង្ហាញឡើងវិញនូវភូមិបុរាណ ដោយមានផ្លូវចូលកោងបត់បែន នាំអ្នកទស្សនាទៅដល់ប្រធានបទនីមួយៗដូចជា ៖ ផ្ទះវីឡា បន្ទប់ទទួលភ្ញៀវ បន្ទប់សក្ការៈ សំលៀកបំពាក់... ដែលត្រូវបានតុបតែងតាមរចនាបថបុរមបុរាណរបស់ប្រជាជនហាណូយក្នុងសតវត្សទី ១៩។
ម៉ាស៊ីនដេរឈ្នាន់ត្រូវបានអ្នកទស្សនាជក់ចិត្ត (រូបថត៖ TTXVN) |
ពេលចូលដល់ទីធ្លានៃការតាំងពិព័រណ៌ “ផ្នត់ផ្ទះ” ភ្ញៀវទេសចរត្រូវបានស្វាគមន៍ដោយខ្លោងទ្វារភូមិ ដែលត្រូវបានសាងសង់ឡើងតាមគំរូក្លោងទ្វារភូមិបុរាណនៃទឹកដីបរមរាជវាំង។ ឆ្លងកាត់ច្រកទ្វារភូមិ ទៅដល់កន្លែងទទួលភ្ញៀវ នៅខាងលើជាផ្ទាំង ធ្វើពីឈើលាបទឹកមាស ដោយអក្សរចិន “ភាពសុខដុមរមនា” បង្ហាញពីបំណងប្រាថ្នាសម្រាប់គ្រួសារដែលមានភាពសុខដុមរមនា និងសុភមង្គល។ ខាងក្រោម មានរបស់របរប្រចាំរបស់គ្រួសារដែលមានជីវភាពធូរធារក្នុងទីក្រុងហាណូយបុរាណ។ ឆ្លងកាត់តាមបន្ទប់ទទួលភ្ញៀវគឺមកដល់បន្ទប់សក្ការៈ ដែលជាកន្លែងដ៏ឧឡារិកបំផុតនៅក្នុងគេហដ្ឋាន ដែលដាក់តាំងវត្ថុផ្សេងៗដូចជាៈ ចាន ធូប ថាស កោដ្ឋស្ពាន់ ថូផ្កា... រួមជាមួយនឹងពាក្យប្រដូចដែលប្រែពណ៌តាមរយៈពេលវេលា។ ទៅកាន់ជ្រុងមួយដើម្បីណែនាំអាវផាយ កន្លែងនៅក្នុងហាងកាត់ដេរ Phuc Trach ដ៏ល្បីល្បាញរបស់ទីក្រុងហាណូយ ជាមួយនឹងក្រណាត់ចម្រុះពណ៌ ទាន់សម័យ ភួយសត្វក្ងោកដ៏ល្បី ឬម៉ាស៊ីនដេរឈ្នាន់ជាន់នៃសតវត្សមុន ... ធ្វើឲ្យអ្នកទស្សជក់ចិត្តដិតអារម្មណ៍យ៉ាងខ្លាំង។
សម្រាប់មនុស្សចាស់ ការដើរកាត់ខ្លោងទ្វារភូមិ ប្រៀបបាននឹងការវិលត្រឡប់ទៅខែឆ្នាំបុរាណកាល ពោរពេញទៅដោយអនុស្សាវរីយ៍...។ ចំណែកក្មេងៗ “ផ្នត់ផ្ទះ” ជួយឱ្យពួកគេយល់កាន់តែច្បាស់ពីសម័យកាលរបស់ជីដូនជីតា កាលពីជំនាន់មុន។ Nguyen Thi Thuy Hang និស្សិតនៃសកលវិទ្យាល័យវប្បធម៍ បានឲ្យដឹងថា៖ “ការតាំងពិព័រណ៌នេះបានជួយឱ្យខ្ញុំយល់យ៉ាងច្បាស់អំពីការផ្លាស់ប្តូររបស់ទីក្រុងហាណូយតាមពេលវេលា។ តាមរយៈនេះ ខ្ញុំបានយល់កាន់តែច្បាស់អំពីជីវភាពរបស់មនុស្សជំនាន់មុន ដែលជាការប្រៀបធៀបរវាងអតីតកាល និងសហសម័យ ដើម្បីមើលឃើញការអភិវឌ្ឍន៍របស់រដ្ឋធានី។ ទន្ទឹមនឹងនោះ ក៏ជួយឱ្យខ្ញុំយល់ដឹងពីវប្បធម៌ និងប្រពៃណីបុរាណរបស់ប្រជាជាតិយើង”។
នៅជាន់ទីមួយនៃសារមន្ទីរហាណូយ វត្ថុបុរាណជិត ២០០ ត្រូវបានរៀបចំ និងដាក់តាំងបង្ហាញដូចលំហភូមិបុរាណ ដោយមានផ្លូវបត់ខ្វាត់ខ្វែង នាំអ្នកទស្សនាទៅកាន់ផ្នែកនីមួយៗដែលបានតុបតែងយ៉ាងល្អិតល្អន់ អំពីរចនាបទចាស់របស់ប្រជាជនហាណូយ។ នៅទីនេះ អ្នកទស្សនាមានទិដ្ឋភាពទូទៅនៃទំនៀមទម្លាប់ជាប្រចាំនៃរបៀបរស់នៅ ការស្លៀកពាក់ និងការប្រាស្រ័យទាក់ទងពោរពេញដោយលក្ខណៈវប្បធម៌នៃតំបន់ដីបរមរាជ្យវាំង។ មិត្ត Tran Minh Ngoc មកពី Cau Giay ទីក្រុងហាណូយបានចែករំលែក៖ “ខ្ញុំឃើញថាវាគួរឱ្យចាប់អារម្មណ៍ណាស់ពេលបានទស្សនាអាផាយបុរាណ។ ឬដូចជាតុ និងកៅអីត្រូវបានឆ្លាក់យ៉ាងប្រណិត បង្ហាញថា ជាងត្រូវធ្វើការយ៉ាងយកចិត្តទុកដាក់ដើម្បីបង្កើតផលិតផលបែបនេះ”។
ជ្រុងមួយនៃកន្លែងតាំងពិព័រណ៍ “ទម្លាប់បុរមបុរាណ” (រូបថត៖ TTXVN) |
វត្ថុបុរាណ និងឯកសារដ៏សម្បូរបែបទាក់ទងនឹងជីវភាពសង្គមក្នុងដំណាក់កាលពាក់កណ្តាលនៃសតវត្សទី ២០ ក្នុងការតាំងពិព័រណ៍ ត្រូវបានសារមន្ទីរហាណូយស្រាវជ្រាវនិងប្រមូលផ្តុំក្នុងប្រទេស និងក្រៅប្រទេសសម្រាប់ណែនាំដល់សាធារណជន ដើម្បីបង្ហាញពីតម្លៃវប្បធម៌ប្រពៃណីដ៏ល្អ ក៏ដូចជាការបង្កើតការតភ្ជាប់រវាងវប្បធម៌ប្រពៃណី និងវប្បធម៌ទំនើប។ លោកស្រី Nguyen Thi Ngoc Hoa ប្រធានវិចិត្រសាលផ្សព្វផ្សាយនៃសារមន្ទីរហាណូយ បានឲ្យដឹងថា៖ “យើងត្រូវចុះទៅស្រាវជ្រាវ សិក្សាពីផ្នត់ផ្ទះបុរាណនៅទីក្រុងហាណូយ ដែលប្រជាជននៅតែរក្សារហូតមកដល់សព្វថ្ងៃនេះ ដើម្បីបង្កើតជាសាច់រឿងនៅក្នុងការដាក់តាំង។ ការរៀបចំទាំងអស់នៅក្នុងកន្លែងតាំងពិពណ៌ ចាប់ពីបន្ទប់ទទួលភ្ញៀវ រហូតដល់បន្ទប់អាសនៈ សុទ្ធតែមានសារអត្ថន័យបង្ហាញពីបុគ្គលិកលក្ខណៈរបស់ម្ចាស់ផ្ទះក៏ដូចជាវប្បធម៌និងប្រពៃណីរបស់ម្ចាស់ផ្ទះផងដែរ”។
អ្នករៀបចំពិព័រណ៍សង្ឃឹមថា តាមរយៈការតាំងពិព័រណ៌នេះ អ្នកទស្សនានឹងយល់កាន់តែច្បាស់អំពីវប្បធម៌ប្រពៃណី តាមនោះ រួមដៃគ្នាថែរក្សា និងមានការបន្តសមស្រប ដើម្បីបង្កើតជំនាន់ជនហាណូយថ្មី ប្រកបដោយភាពស្វាហាប់ រួមចំណែកដល់ការកសាងរដ្ឋធានីកាន់តែរីកចម្រើនដោយឥតឈប់ឈរ។ ការតាំងពិព័រណ៍ “ផ្នត់ផ្ទះចាស់” បើកទ្វារឲ្យសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២៕