ទិវាសៀវភៅនិងវប្បធម៌អំណានវៀតណាមលើកដំបូង

(VOVWORLD) - ទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមលើកទីមួយឆ្នាំ២០២២ ដោយមានប្រធានបទ “ពង្រឹងវប្បធម៌និងការអភិវឌ្ឍន៍វប្បធម៌អំណាន”។ ទិវាសៀវភៅនិងវប្បធម៌អានវៀតណាមបានប្រព្រឹត្តទៅនៅគ្រប់មូលដ្ឋានទូទាំងប្រទេសពេញខែមេសា ឆ្នាំ ២០២២ ដោយផ្តោតសំខាន់ចាប់ពីថ្ងៃទី ១៥ ខែមេសាដល់ថ្ងៃទី ១ឧសភា នៅតាមទីក្រុងធំៗ ទូទាំងប្រទេស។

ទិវាសៀវភៅនិងវប្បធម៌អំណានវៀតណាមលើកដំបូង - ảnh 1កាត់ខ្សែបូសម្ពោធមហោស្រពវប្បធម៌អានសៀវភៅវៀតណាមនៅបណ្ណាល័យជាតិវៀតណាម (រូបថត៖ ង៉ុក អាញ់)

ចាប់ពីឆ្នាំ ២០២២ ទិវាសៀវភៅនិងវប្បធម៌អំណានវៀតណាមតែងតែប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមេសា ទូទាំងប្រទេស ដើម្បីលើកដំកើងដល់អ្នកអាន អ្នកនិពន្ធ ការបោះពុម្ព ផ្សាយ ការចែកចាយ បណ្ណាល័យ អ្នកផ្សព្វផ្សាយសៀវភៅ អង្គការនិងបុគ្គលដែលរួមចំណែកក្នុងការអភិវឌ្ឍវប្បធម៌អំណាននៅក្នុងសហគមន៍។ មូលដ្ឋាននានាបានឆ្លើយតបនឹងទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមជាមួយសកម្មភាពដូចជា “ខែផ្សព្វផ្សាយសៀវភៅដើម្បីអបអរសាទរទិវាសៀវភៅនិងវប្បធម៌អានវៀតណាម”; “សប្តាហ៍ចេញផ្សាយសៀវភៅដើម្បីអបអរសាទរទិវាសៀវភៅ និងវប្បធម៌អានវៀតណាម” ដោយគោលបំណងលើកកម្ពស់វប្បធម៌អាននិងជួយដល់អង្គភាពបោះពុម្ពសៀវភៅអនុវត្តន៍កម្មវិធីចែកចាយសៀវភៅដល់សហគមន៍។

នៅទីក្រុងហូជីមិញ ចំណុចស្នូលនៃទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមគឺមហោស្រពវប្បធម៌អានសៀវភៅវៀតណាមនៅវិថីសៀវភៅ Nguyen Hue។ ពិព័រណ៍សៀវភៅលើកនេះមានការចូលរួមពីអង្គភាពបោះពុម្ពជាង ២០ អង្គភាព ដែលដាក់តាំងបង្ហាញសៀវភៅរាប់ពាន់ក្បាល ចែកចេញជា ៣ កន្លែង រួមមានៈ លំហបំប្លែងឌីជីថល; លំហនៃទីក្រុងសៀវភៅ និងលំហរៀបចំគំរូវប្បធម៌អាន។

ចំណែកឯនៅទីក្រុងហាណូយ សកម្មភាពដើម្បីអបអរសាទរ “ទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀត ណាមដំបូង” បានប្រព្រឹត្តទៅយ៉ាងផុលផុស រួមមាន ការតាំងបង្ហាញ ការណែនាំសៀវភៅ ផ្សព្វផ្សាយវប្បធម៌អាន ផ្តល់ការពិភាក្សា និងផ្លាស់ប្តូររវាងមិត្តអ្នកអាន។ សកម្មភាពទាំងនេះបានប្រមូលផ្តុំនៅវិថីសៀវភៅហាណូយ បណ្ណាល័យជាតិវៀតណាម។ លោកស្រី Kieu Thuy Nga នាយិការបណ្ណាល័យជាតិ ប្រធានគណៈកម្មាធិការរៀបចំមហោស្រពសៀវភៅនិងវប្បធម៌អានសៀវភៅឆ្នាំ ២០២២ នៅទីក្រុងហាណូយ បានឲ្យដឹងថា៖ “នៅឆ្នាំនេះ យើងរៀបចំសកម្មភាពក្រោមទម្រង់ជាច្រើនយ៉ាងបត់បែន ដោយមានសកម្មភាពផ្ទាល់ រួមបញ្ចូលគ្នាជាមួយអ៊ីនធឺណិត រួមទាំងការផ្សាយបន្តផ្ទាល់ ឬពីចម្ងាយ។ សកម្មភាពលេចធ្លោដូចជាការប្រកួតគូរគំនូរសៀវភៅក្នុងទម្រង់ពីចម្ងាយសម្រាប់សិស្សានុសិស្សសាលានានានៅទីក្រុងហាណូយ។ សកម្មភាពពិសេសនៅឆ្នាំនេះគឺជាសប្តាហ៍នៃការជួបប្រាស្រ័យរវាងអ្នកនិពន្ធជាមួយអ្នកអានចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ ខែមេសា។ នៅទីនេះ មិត្តអ្នកអានអាចជួបប្រាស្រ័យ និងណែនាំស្នាដៃថ្មីៗ ជាមួយអ្នកនិពន្ធល្បីឈ្មោះ កវី និងអ្នកនយោបាយ។ យើងចង់លើកកម្ពស់ការអភិវឌ្ឍវប្បធម៌អាននៅក្នុងសហគមន៍ ជាពិសេសកុមារ យុវជន ដែលជាអនាគតម្ចាស់ប្រទេសជាតិ”។

ទិវាសៀវភៅនិងវប្បធម៌អំណានវៀតណាមលើកដំបូង - ảnh 2យុវជនមកចូលរួមទិវាវប្បធម៌អានសៀវភៅវៀតណាមនៅបណ្ណាល័យជាតិ (ហាណូយ) (រូបថត៖ ង៉ុក អាញ់)

មកទស្សនាទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមនៅបណ្ណាល័យជាតិ (ហាណូយ) ប្អូន Vu Thu Ngan សិស្សនៅវិទ្យាល័យ Viet Duc ទីក្រុងហាណូយបានសម្តែងថា៖ “ខ្ញុំរំភើបចិត្តជាខ្លាំងចំពោះមហោស្រពអំណាននេះ ព្រោះរូបខ្ញុំផ្ទាល់បានរៀនបន្ថែមអំពីអត្ថន័យនៃសៀវភៅនីមួយៗ។ ខ្ញុំអាចជួបប្រាស្រ័យជាមួយលោកគ្រូអ្នកគ្រូ និងមិត្តភក្តិរបស់ខ្ញុំ។ ពីមុនខ្ញុំកម្រអានសៀវភៅណាស់ ហើយបន្ទាប់ពីចូលរួមពិធីបុណ្យអំណានច្រើនដងបែបនេះ ខ្ញុំមានឱកាសល្អកាន់តែច្រើនក្នុងការក្របយកចំណេះដឹងបន្ថែមក្នុងការសិក្សាក៏ដូចជាក្នុងជីវភាពប្រចាំថ្ងៃ”។

សម្រាប់អ្នកគ្រូ Nguyen Nguyet Nga គ្រូបង្រៀននៅវិទ្យាល័យ Viet Duc (ហាណូយ) នេះគឺជាឱកាសដ៏ល្អសម្រាប់សិស្សរបស់អ្នកគ្រូក្នុងការបង្កើនចំណេះដឹង៖ “ការរៀបចំមហោស្រពសៀវភៅបែបនេះមានអត្ថន័យខ្លាំងណាស់សម្រាប់យុវជន ជាពិសេសសិស្សានុសិស្ស។ ក្នុងនាមខ្ញុំជាគ្រូបង្រៀនអក្សរសាស្ត្រ ខ្ញុំតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវប្បធម៌អានសម្រាប់សិស្សរបស់ខ្ញុំ។ នៅពេលមកទីនេះ សិស្សរបស់ខ្ញុំមានការចាប់អារម្មណ៍ជាមួយនឹងស្តង់តាំងបង្ហាញសៀវភៅ សៀវភៅដែលទទួលបានពានរង្វាន់ និងបន្ទប់ដែលសិស្សអាចចូលរួមក្នុងវប្បធម៌អានដោយផ្ទាល់។ ជាពិសេស ខ្ញុំឱ្យសិស្សរបស់ខ្ញុំចូលរួមក្នុងកម្មវិធី super memory នោះគឺរបៀបអានសៀវភៅមួយក្បាល ៣០០ពាក្យ/១ នាទី។ ខ្ញុំសង្ឃឹមថា ក្នុងពេលដ៏ខ្លីនេះ អាចធ្វើឱ្យវប្បធម៌អានរបស់កុមារមានភាពប្រសើរឡើង”។

ឆ្នាំនេះ ទន្ទឹមជាមួយនឹងពិព័រណ៍សៀវភៅផ្ទាល់ ពិព័រណ៌សៀវភៅអនឡាញថ្នាក់ជាតិនៅលើ Book365 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែមេសាដល់ថ្ងៃទី ២០ ខែឧសភា។ ជាមួយនឹងសារ “បង្កាត់ភ្លើងចំណេះដឹង” ពិព័រណ៍សៀវភៅថ្នាក់ជាតិឆ្នាំ ២០២២ មានការចូលរួមពីអង្គភាពបោះពុម្ពនិងផ្សព្វផ្សាយជិត ១០០ នៅទូទាំងប្រទេស ដែលមានសៀវភៅ ៤០.០០០ក្បាល។ នៅក្នុងក្របខ័ណ្ឌនៃពិព័រណ៍សៀវភៅអនឡាញ មិត្តអ្នកអានអាចចូលរួមសិក្ខាសាលា ណែនាំនិងជួបប្រាស្រ័យអ្នកនិពន្ធនិងមនុស្សល្បីៗអំពីសៀវភៅល្អៗ។ ពិព័រណ៍សៀវភៅអនឡាញនេះ ត្រូវបានព្យាករណ៍ថា នឹងទាក់ទាញអ្នកទស្សនាប្រហែល ១០ លាននាក់ ផ្តល់សៀវភៅចំនួន ៣០.០០០ ក្បាលដល់មិត្តអ្នកអាន ដោយផ្តល់អាទិភាពដល់មិត្តអ្នកអាននៅតាមតំបន់ក្រៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ នៅតាមតំបន់ជាច្រើនក៏រៀបចំការប្រឡងឯកអគ្គទូតវប្បធម៌អំណានសម្រាប់សិស្សានុសិស្សផងដែរ។

ទិវាសៀវភៅនិងវប្បធម៌អំណានវៀតណាមលើកដំបូង - ảnh 3មិត្តអ្នកអានទស្សនានិងទទួលបទពិសោធន៍ពីសកម្មភាពពិធីបុណ្យ (រូបថត៖ hanoimoi.com.vn)

ទិវាសៀវភៅនិងវប្បធម៌អានសៀវភៅវៀតណាមបានបញ្ជាក់ពីគោលជំហរ និងសារៈសំខាន់នៃសៀវភៅក្នុងការលើកកម្ពស់ចំណេះដឹង បំណិនជីវិត អភិវឌ្ឍន៍ការគិត ការអប់រំ និងបណ្តុះបណ្តាលបុគ្គលិកលក្ខណៈរបស់មនុស្ស។ ទន្ទឹមនឹងនោះ លើកទឹកចិត្ត និងអភិវឌ្ឍន៍ចលនាអំណានក្នុងសហគមន៍ រួមចំណែកកសាងសង្គមសិក្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ