ទស្សនាទឹកដីដូនតាដើម្បីស្តាប់ចង្វាក់ភ្លេងចម្រៀងបុរាណ Xoan
(VOVWORLD) - ខេត្ត Phu Tho មានក្រុមចម្រៀង Xoan បុរាណចំនួន ៤ ក្រុម ប៉ុន្តែឃុំ Minh Duc តែមួយប៉ុណ្ណោះមានទៅដល់ ៣ ក្រុម គឺក្រុម Phu Duc, Xoan Thet និង Kim Dai។ អាស្រម Mai Len នៅភូមិ Phu Duc ឃុំ Kim Duc ជាប្រភពដើមនៃចម្រៀង Xoan។ ឆ្លងកាត់ពេលឡើងពេលចុះនៃប្រវត្តិសាស្រ្ត អ្នកភូមិ Phu Duc នៅតែរក្សាអភិរក្សនិងលើកតម្កើងការច្រៀងចម្រៀង Xoan ដែលជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
សម្តែងចម្រៀង Xoan នៅអាស្រម Mai Len (រូបថត៖ hanoimoi.com.vn) |
ចម្រៀង Xoan គឺជាប្រភេទបទចម្រៀងប្រជាប្រិយ ដែលត្រូវបានគេស្គាល់ថាជា ការច្រៀងផ្ទះសហគមន៍ដែលជាទម្រង់សិល្បៈចម្រុះ រួមមាន៖ តន្ត្រី ច្រៀង រាំដើម្បីបម្រើសេចក្តីត្រូវការខាងសាសនារបស់សហគមន៍។
អាស្រម Mai Len បានក្លាយជាបេតិកភ័ណ្ឌដ៏សំខាន់របស់ប្រជាជននៅឃុំ Kim Duc និយាយដោឡែក និងខេត្ត Phu Tho និយាយរួម។ អាស្រមនេះ មិនត្រឹមតែជាកន្លែងគោរពបូជារបស់អ្នកភូមិប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់សកម្មភាពវប្បធម៌របស់អ្នកភូមិ រួមទាំងបន្ទប់ប្រពៃណីដែលបង្ហាញពីសំភារៈដ៏មានតម្លៃអំពីចម្រៀង Xoan និងរៀបចំការសម្តែងច្រៀងចម្រៀង Xoan ដើម្បីបម្រើដល់ភ្ញៀវទេសចរ មកពីទូទាំងពិភពលោក នៅពេលមកដល់ទឹកដីដូនតា។ រឿងព្រេងដែលដំណាលថា ចម្រៀង Xoan មានតាំងពីសម័យស្តេច Hung ឯណោះ។ លោក Nguyen Xuan Hoi អ្នកថែទាំអាស្រម Mai Len បានឲ្យដឹងថា៖ “នារដូវនិទាឃរដូវស្តេច Hung និងឧត្តមសេនីយ៍ទៅស្វែងរកដីដើម្បីសាងសង់រដ្ឋធានី។ រសៀលមួយនៅពេលដែលស្តេច Hung បានបង្អង់ដំណើរនៅក្នុងទឹកដីនេះ ព្រះអង្គបានឃើញក្មេងៗឃ្វាលក្របីច្រៀងចម្រៀងប្រជាប្រិយ។ ព្រះអង្គបានឃើញបទចម្រៀងពីរោះ ដូច្នេះព្រះអង្គបានបន្ទូលឲ្យកុមារចូលជួបហើយកែសម្រួលខ្លឹមសារខ្លះដើម្បីបង្រៀនកុមារឱ្យច្រៀងតាមចង្វាក់ភ្លេង”។
យោងតាមចាស់ទំព្រឹទ្ធាចារ្យភូមិ Phu Duc ចម្រៀង Xoan មាន ៣ ប្រភេទ ដែលប្រភេទទី ១ គឺជាប្រភេទនៃការថ្វាយបង្គំ ច្រៀងថ្វាយព្រះមហាក្សត្រ ដោយសង្ឃឹមថាព្រះមហាក្សត្រនិងព្រះជាម្ចាស់នឹងធ្វើជាសាក្សីការពារអ្នកភូមិឱ្យមានជីវភាពធូរធារនិងសប្បូរសប្បាយ។ ប្រភេទចម្រៀង Xoan ទី២ គឺជាប្រភេទច្រៀងនៃការរីករាយនឹងកំណាព្យនិងតន្ត្រីរបស់មន្រ្តីនៅក្នុងពិធីជប់លៀង ដែលតែងតែបានរៀបចំឡើងនៅសាលាភូមិឬទីធ្លាព្រះវិហារ។ ប្រភេទចម្រៀងទី៣ ជាការច្រៀងតាមមហោស្រពដែលត្រូវបានគេស្គាល់ថាជាបទចំរៀងឆ្លើយឆ្លងស្នេហា ដោយខ្លឹមសារគឺមានទំនុកច្រៀងយ៉ាងជ្រាលជ្រៅ ហើយតែងតែបានរៀបចំឡើងនៅក្នុងពិធីបុណ្យភូមិ។ អ្នកភូមិ Phu Duc ច្រៀងតាមរបៀបចាស់ ដោយរក្សាបទភ្លេងចាស់និងបង្ហាញពីស្មារតីនិងអ្វីដែលជីដូនជីតាបន្សល់ទុកមក ដោយគ្មានការកែឡើងវិញឡើយ ។ លោក Nguyen Van Thuyet នៃក្រុមចម្រៀង Xoan Thet នៅឃុំ Kim Duc បានឲ្យដឹងថា៖ “បទចម្រៀង Xoan មានចង្វាក់ភ្លេងជាច្រើន។ ក្រុមរបស់ខ្ញុំច្រៀងបទភ្លេងចាស់ដែលជីដូនជីតាបន្សល់ទុកមក។ ការច្រៀងចម្រៀង Xoan តម្រូវឱ្យមានការអនុវត្តច្រើន ការសិក្សាច្រើននិងត្រូវមានចំណង់ចំណូលចិត្តទើបច្រៀងបានដែរ”។
អ្នកទស្សនារីករាយនឹងការច្រៀងចម្រៀង Xoan (ប្រភព៖ svhttdl.phutho.gov.vn) |
ខ្លឹមសារនៃបទចម្រៀង Xoan គឺសម្បូរបែបណាស់ តាំងពីរឿងបុរាណរបស់ស្តេច Hung រហូតដល់រឿងដែលស្ងើចសរសើរសម្រស់របស់មាតុភូមិនិងប្រទេសជាតិ ការរៀបរាប់ពីទេសភាពធម្មជាតិ ជីវភាពការងាររបស់ប្រជាជន ស្នេហារវាងគូស្វាមីភរិយា ជាដើម។ ទោះបីជាមើលទៅមានលក្ខណៈសាមញ្ញតាមបែបស្រុកស្រែក៏ពិតមែន ប៉ុន្តែ ដើម្បីច្រៀងបានត្រឹមត្រូវតាមចង្វាក់បទភ្លេង Xoan គឺមិនមែនជាលក្ខណៈងាយស្រួលទាល់តែសោះ។ លក្ខណៈពិសេសនៃការច្រៀង Xoan គឺមានក្បូក្បាច់បង្ហាញពីចលនា បច្ចេកទេសច្បាស់លាស់ តាមចង្វាក់ភ្លេងដែលបន្សល់ទុកពីបុរមបុរាណ។ ប្រធានក្រុមចម្រៀង Xoan តែងតែជាចាស់ទំក្នុងភូមិ ឬសិល្បករច្រៀងចម្រៀង Xoan ជើងចាស់។ លោកស្រី Nguyen Thi Thanh Hoa កម្មាភិបាលវប្បធម៌និងសង្គមឃុំ Kim Duc បានឲ្យដឹងថា៖ “បន្ទាប់ពីចម្រៀង Xoan ត្រូវបានទទួលស្គាល់ថាជាបេតិកភ័ណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមក គណៈកម្មាធិការវប្បធម៌និងសង្គម ឃុំ Kim Duc បានផ្លាស់ប្តូរមតិយោបល់ជាប្រចាំជាមួយសិប្បករនិងសាលារៀនដើម្បីអភិរក្សនិងបង្រៀនឲ្យប្រជាជនក្នុងភូមិនិងសមាជិកក្រុមចម្រៀង Xoan ផង។ នៅពេលបង្ហាត់បង្រៀនគឺដើម្បីបង្រៀនច្រៀងចម្រៀង Xoan បុរាណ និទានឲ្យសិស្សបានដឹងអំពីប្រពៃណីរបស់ជីដូនជីតា មុនពេលចូលរៀន ច្រៀងចម្រៀង Xoan”។
សូមអញ្ជើញអ្នកឱ្យមកទឹកដីដូនតា ដើម្បីស្តាប់កំសាន្តចង្វាក់ភ្លេងចម្រៀង Xoan ដែលមានកម្លាំងរស់យ៉ាងខ្លាំងក្លានិងអមតៈនៅក្នុងសហគមន៍នៅទីនេះ។ ប្រភេទវប្បធម៌ដែលមានអាយុកាលតាំងពីសម័យស្តេច Hung ត្រូវបានរក្សាទុកជាបន្តបន្ទាប់នៅក្នុងជីវិតសង្គមសម្រាប់កូនចៅជំនាន់ក្រោយ។ ចង្វាក់ភ្លេងចម្រៀង Xoan នៅភូមិ Phu Duc ត្រូវបានគេសន្មតថាជារឿងព្រេងនិទានរបស់បុព្វបុរស មិនត្រឹមតែរួមចំណែកក្នុងការបង្កើនរូបភាពនៃពិធីបុណ្យប្រពៃណីនៅខេត្ត Phu Tho ប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីប្រពៃណីនៃការផឹកទឹកនឹកដល់ប្រភពដើម ហូបផ្លែឈើនឹកដល់អ្នកដាំដើមឈើរបស់ជនជាតិវៀតណាម៕