ផ្សព្វផ្សាយសេចក្តីស្រឡាញ់ហាណូយដល់ជនបរទេសតាមរយៈការប្រឡងសរសេរអត្ថបទ “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ”
(VOVWORLD) - នាពេលថ្មីៗនេះ សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហាណូយបានរៀបចំការប្រឡងសរសេរអត្ថបទក្រោមចំណងជើងថា “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ” ជាភាសាវៀតណាមនិងអង់គ្លេស សម្រាប់ជនបរទេសនិងជនវៀតណាមនៅឯបរទេស។ ការប្រឡងនេះ ផ្តល់ឱកាសសម្រាប់មិត្តភក្តិអន្តរជាតិនិងអាណិក ជនវៀតណាម ដែលបានសម្តែងសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ ក៏ដូចជា បង្កើនការយល់ដឹងអំពីរដ្ឋធានីដែលមានវប្បធម៌រាប់ពាន់ឆ្នាំនេះ។
គណៈប្រតិភូនិងបេក្ខជនថតរូបអនុស្សាវរីយ៍នៅបរមរាជ្យវាំងថាំងឡុង ហាណូយ |
ដោយសារស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ នៅលើពិភពលោក ហេតុដូច្នេះ ការប្រឡងសរសេរអត្ថបទ “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ” ត្រូវបានធ្វើឡើងតាមទម្រង់អនឡាញ ពោលគឺ បេក្ខជនផ្ញើរអត្ថបទប្រឡងរបស់ខ្លួនតាមរយៈអ៊ីម៉ែលតែម្តង។ ក្រៅពីនោះ បេក្ខជនអាចភ្ជាប់ជាមួយអត្ថបទប្រឡងនូវរូបថត រូបភាពវីដេអូ ដើម្បីបញ្ជាក់ពីស្នាដៃរបស់ខ្លួន។
ឆ្លងរយៈពេលជាង ២ ខែដែលបំផុសកម្មវិធីប្រឡងសរសេរអត្ថបទ “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ” នេះ គណៈចាត់តាំងទទួលបានអត្ថបទចូលរួមប្រឡងចំនួន ២០៦ ពីប្រទេសនិងតំបន់ជាច្រើន ដូចជា ជប៉ុន បារាំង រុស្ស៊ី អាល្លឺម៉ង់ តៃវ៉ាន់ (ចិន) ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ូហ្សំប៊ិក ហ្វីលីពីន ឡាវ ប៉ាឡេស្ទីន និងទីម័រខាងកើតជាដើម។ ការប្រឡងនេះក៏មានការចូលរួមពីគ្រប់ស្រទាប់វណ្ណនិងគ្រប់វ័យអាយុផងដែរ។ បេក្ខជនមានវ័យចំណាាស់ជាងគេមានអាយុ ៧៣ ឆ្នាំ ចំណែកឯបេក្ខជនវ័យក្មេងជាងគេមានអាយុត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ។ វ័យអាយុនីមួយៗ នាំមកនូវទស្សនៈខុសៗគ្នាអំពីរដ្ឋធានីហាណូយ។ លោកស្រី Nguyen Lan Huong ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហាណូយ និងជាប្រធានសម្ព័ន្ធសមាគមមិត្តភាពហាណូយបានឲ្យដឹងថា៖ “ការប្រឡងនេះទទួលបានការចូលរួមយ៉ាងច្រើនពីមន្ត្រីការទូត ពីនិស្សិតបរទេសដែលកំពុងសិក្សានៅទីក្រុងហាណូយ និងជនវៀតណាមនៅឯបរទេសផងដែរ។ មានអត្ថបទជាច្រើនត្រូវបានសរសេរឡើងយ៉ាងល្អិតល្អន់ ជាមួយខ្លឹមសារស៊ីជម្រៅ ដែលបង្ហាញពីក្តីស្រឡាញ់ពិសេសរបស់អ្នកនិពន្ធចំពោះទីក្រុងហាណូយ ដោយប្រើវេយ្យាកណ៍វៀតណាមយ៉ាងស្ទាត់ជំនាញ ទាក់អារម្មណ៍របស់អ្នកអានណាស់។ យើងខ្ញុំគោរពចំពោះសេចក្តីស្រឡាញ់របស់អ្នកទាំងអស់ចំពោះហាណូយ ហើយសង្ឃឹមថា នៅគ្រប់ទីកន្លែងទូទាំងពិភពលោក យើងនឹងនៅតែផ្សាភ្ជាប់ជាមួយគ្នាតាមរយៈសេចក្តីស្រឡាញ់ចំពោះទឹកដីនិងប្រជាជនហាណូយជានិច្ច”។
បេក្ខជន Saleem Hammad (សញ្ជាតិប៉ាឡេស្ទីន) ទទួលពានរង្វាន់លេខ ១ |
តាមអត្ថបទទាំងអស់នេះ អ្នកនិពន្ធបានរៀបរាប់អំពីអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ រួមទាំងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់ជនហាណូយ។ ជាមួយគ្នានោះ អត្ថបទរបស់សិស្សានុសិស្សនិងនិស្សិតដែលមានការអង្កេតឃើញគួរឱ្យចាប់អារម្មណ៍ អំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនហាណូយ ជាពិសេសគឺការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីរមណីដ្ឋាននិងម្ហូបអាហាររបស់ទីក្រុងហាណូយផងដែរ។ គណៈ វិនិច្ឆ័យនៃការប្រឡងបានផ្តល់រង្វាន់លេខ១ ដល់បេក្ខជន Saleem Hammad (សញ្ជាតិប៉ាឡេស្ទីន); រង្វាន់លេខ ២ បានទៅបេក្ខនារី Nilov Roman - លេខាធិការទី ៣ នៃស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម និងបេក្ខនារី Nguyen Thi Tram - អាណិកជនវៀតណាមនៅអាល្លឺម៉ង់។ រង្វាន់លេខ ៣ មាន៣រង្វាន់ បានទៅ បេក្ខជន Pascoela Barreto dos Santos - ឯកអគ្គរដ្ឋទូតនៃទីម័រខាងកើត ប្រចាំនៅវៀតណាម បេក្ខនារី Chansida Inkhavilay លេខាស្ថានទូតឡាវប្រចាំនៅវៀតណាម និងបេក្ខនារី Okabe Chikara មកពីប្រទេសជប៉ុន។ ក្រៅពីនោះ នៅមានរង្វាន់លើកទឹកចិត្តចំនួន ១០ រង្វាន់ទៀតផង។
លោក Tran Doan Lam នាយកគ្រឹះស្ថានបោះពុម្ពពិភពលោកតំណាងគណៈវិនិច្ឆ័យនៃការប្រឡងនេះបានវាយតម្លៃថា៖ “អត្ថបទនីមួយៗគឺស្តែងចេញនូវទស្សនវិស័យនីមួយៗ អំពីទីក្រុងហាណូយ ហើយអ្នកនិពន្ធទាំងអស់សុទ្ធតែផ្ញើក្តីស្រឡាញ់និងភាពស្មោះអស់ពីចិត្តរបស់ខ្លួនចំពោះហាណូយតាមរយៈអត្ថបទរបស់ខ្លួន។ យ៉ាង ណាមិញ អ្វីដែលសំខាន់ជាងនេះ ដែលសឹងតែបានបង្ហាញក្នុងអត្ថបទ គឺជាការគោរពចំពោះចរិយាសម្បត្តិជនហាណុយសុភាព និងរួសរាយរាក់ទាក់ផងដែរ។ គណៈវិនិច្ឆ័យមានការចាប់អារម្មណ៍ជាពិសេសចំពោះអត្ថបទប្រឡងរបស់លោក Saleem Hammad ដែលជាអ្នកឈ្នះរង្វាន់លេខ ១ នៃការប្រឡងសរសេរអត្ថបទ “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ”។ លោក Saleem Hammad បានប្រើសំនួនពាក្យ វោហារស័ព្ទនិងសុភាសិតយ៉ាងស្ទាត់ជំនាញក្នុងអត្ថបទសរសេររបស់ខ្លួន។ ការណ៍នេះ បានធ្វើឱ្យគណៈវិនិច្ឆ័យមានការភ្ញាក់ផ្អើលចំពោះការយល់ដឹងយ៉ាងក្បោះក្បាយរបស់អ្នកនិពន្ធចំពោះភាសានិងវប្បធម៌វៀតណាម"។
រង្វាន់លេខ ៣ បានទៅ បេក្ខជន Pascoela Barreto dos Santos - ឯកអគ្គរដ្ឋទូតនៃទីម័រខាងកើត ប្រចាំនៅវៀតណាម បេក្ខនារី Chansida Inkhavilay លេខាធិការស្ថានទូតឡាវប្រចាំនៅវៀតណាម និងបេក្ខនារី Okabe Chikara មកពីប្រទេសជប៉ុន |
លោក Saleem Hammad (សញ្ជាតិប៉ាឡេស្ទីន) ដែលជាបេក្ខជនឈ្នះរង្វាន់លេខ ១ នៃការប្រឡង ហើយបច្ចុប្បន្នលោកកំពុងបំពេញការងារជាអ្នកវិភាគទំនាក់ទំនងនៅស្ថានទូតកាតាប្រចាំនៅវៀតណាម។ ដោយបានរស់នៅទីក្រុងហាណូយអស់រយៈពេល ៩ ឆ្នាំមកហើយ លោក Saleem Hammad បានចាត់ទុកទីក្រុងហាណូយជាផ្ទះទី ២ របសស់ខ្លួន។ រាល់ពេលដែលលោកបានលឺពាក្យថា “ហាណូយ” ពាក្យពេច្រទាំងពីរនេះហាក់ដូចជាដិតជាប់ក្នុងបះដូងរបស់លោក ដែលធ្វើឲ្យលោកស្រឡាំងកាំងហើយញាប់ញ័រយ៉ាងខ្លាំងដែរ។ លោក Saleem Hammad បានសំណេះសំណាលថា៖ “ខ្ញុំបានមកដល់ប្រទេសវៀតណាមកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាឆ្នាំ ២០១១។ នៅពេលដែលខ្ញុំបានស្គាល់អំពីការប្រឡងនេះ ខ្ញុំបានកាន់ប៊ិចហើយសរសេរភ្លាម។ ចំពោះរូបខ្ញុំផ្ទាល់ ការប្រឡងនេះពិតជាមានអត្ថន័យខ្លាំងណាស់ ពីព្រោះ នេះជាឱកាសសម្រាប់រូបខ្ញុំដើម្បីបង្ហាញពីក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ។ អត្ថបទ គឺជាអារម្មណ៍ពិតរបស់ខ្ញុំ បន្ទាប់ពីបានរស់នៅអស់រយៈពេល ៩ ឆ្នាំ ដែលសិក្សានិងធ្វើការនៅទីក្រុងហាណូយ។ ខ្ញុំបានថតវីដេអូមួយឈុត អំពីទីក្រុងហាណូយក្នុងឱកាស ៩ ឆ្នាំដែលខ្ញុំរស់នៅទីក្រុងហាណូយ។ ខ្ញុំមានការចាប់អារម្មណ៍បំផុតចំពោះប្រជាជនវៀតណាម ដោយភាពរួសរាយរាក់ទាក់និងតែងតែមានការជួយគ្នាទៅវិញទៅមក។ ទន្ទឹមជាមួយគ្នានេះ វប្បធម៌ហាណូយក៏គួរឱ្យចាប់អារម្មណ៍ផងដែរ ពីម្ហូបអាហារ ពីពិធីបុណ្យទាន ស្ថាបត្យកម្ម ទៅដល់អាផាយដែលនារីៗស្លៀកពាក់យ៉ាងស្រស់ស្អាតតែម្តង”។
តាមរយៈការប្រឡង “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ” បេក្ខជនបានបង្ហាញពីអារម្មណ៍របស់ខ្លួន នៅពេលរស់នៅ សិក្សា ធ្វើការឬធ្វើដំណើរទេសចរណ៍នៅទីក្រុងហាណូយ។ អ្នកនិពន្ធទាំងអស់សុទ្ធតែស្តែងចេញក្តីស្រឡាញ់ពិសេសចំពោះហាណូយ។ ការប្រឡងសរសេរអត្ថបទ “ហាណូយស្ថិតក្នុងដួងចិត្តរបស់ខ្ញុំ” បានផ្សព្វផ្សាយពីក្តីស្រឡាញ់ចំពោះទីក្រុងហាណូយដល់មិត្តភក្តិអន្តរជាតិនិងអាណិកជន ហើយបានចូលរួមចំណែកលើកកម្ពស់រូបភាពរបស់រដ្ឋធានីហាណូយទៅកាន់ពិភពលោកផងដែរ៕