ពិធីបុណ្យព្រះច័ន្ទពេញវង់ (មាឃបូជា) នៅខេត្ត Binh Duong

(VOVWORLD) -  ជារៀងរាល់ឆ្នាំ ក្នុងឱកាសព្រះចន្ទពេញ វង់ (Magha) -មាឃបូជា  នៅខេត្ត Binh Duong តែងតែបានប្រារព្ធពិធីបុណ្យវត្ត Ba Thien Hau (Thien Hau គឺជាព្រះមហាក្សត្រិយានីមួយអង្គ)។ ពិធីបុណ្យនេះ បានក្លាយទៅជាពិធីបុណ្យដ៏ធំមួយរបស់បងបង្អូនជនជាតិចិននិងជនជាតិ Kinh នៅភាគខាងត្បូងវៀតណាម។ ពិធីបុណ្យនេះ បានប្រារព្ធធ្វើឡើងក្នុងគោលបំណង រួមចំណែកពង្រឹងសាមគ្គីភាពរបស់ប្រជាជនបណ្តាជនជាតិនិងក្លាយទៅជាលក្ខណៈវប្បធម៌រួមនៅក្នុងសហគមន៍បណ្តាជនជាតិវៀត ណាម។ នៅក្នុងកម្មវិធីថ្ងៃនេះ យើងចង់ណែនាំអំពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតនៃពិធីបុណ្យនេះ។

ពិធីបុណ្យព្រះច័ន្ទពេញវង់ (មាឃបូជា) នៅខេត្ត Binh Duong - ảnh 1ក្នុងឱកាសព្រះចន្ទពេញវង់ (Magha) -មាឃបូជា  នៅខេត្ត Binh Duong តែងតែបានប្រារព្ធពិធីបុណ្យវត្ត Ba Thien Hau (Thien Hau គឺជាព្រះមហាក្សត្រិយានីមួយអង្គ) 

យោងតាមឯកសារបានបញ្ជាក់ថា ទីសក្ការៈគោរពបូជាព្រះមហាក្សត្រីយានីព្រះម៉ែត្រូវបានកសាងឡើងនៅដើមសតវត្សរ៍ទី ២០ នៅឯទីក្រុង Thu Dau Mot ជាមួយគោល បំណងគោរពបូជា ព្រះមហាក្សត្រីយានី ដោយផ្តើមចេញពីជំនឿរបស់អ្នកនេសាទដើមកំណើតចិន ចំពោះទេពធីតាសមុទ្រដែលបានតាមថែរក្សាពួកគេក្នុងដំណើរការចាប់ផ្តើមអាជីវកម្មនៅតំបន់ភាគខាងត្បូងវៀតណាម។  ព្រះនាងត្រូវបានអ្នកតំបន់ចាត់ទុកថាជាពេទធីតាតែងតែប្រទានពរជ័យសម្រាប់អាជីវកម្មទាំងអស់របស់ពួកគេដែរ ។ ទោះបីជាគ្រាន់តែជាសកម្មភាពសាសនាប្រជាប្រិយប៉ុណ្ណោះក្តី ប៉ុន្តែឆ្លងកាត់រយៈពេលរាប់រយឆ្នាំកន្លងមកនេះ ជំនឿនេះបានក្លាយជាពិធីបុណ្យមួយដែលមានទ្រង់ ទ្រាយធំបំផុតនៅតំបន់បែកខាងកើតនៃភាគខាងត្បូងក្នុងឱកាសនៃព្រះចន្ទពេញវង់ក្នុងខែទីមួយតាមច័ន្ទគតិ តាមរយៈពិធីបុណ្យវប្បធម៌ ដែលមានលក្ខណៈវិសេសវិសាលនៃតំបន់ដី Binh Duong តែម្តង។  

លោក Vuong Vinh Thang ប្រធានក្រុមប្រឹក្សាភិបាលនៃពិធីបុណ្យព្រះច័ន្ទពេញវង់ - មាឃបូជា Binh Duong បានអោយដឹងថា៖ “បច្ចុប្បន្ននេះពិធីបុណ្យព្រះចន្ទពេញវង់-មាឃបូជា លែងជាពិធីបុណ្យរបស់ជនជាតិចិនទៀតហើយ ពោលគឺជាបុណ្យប្រជាប្រិយតែម្តង។ ប្រជាជន ជនជាតិ Kinh ក៏បានមកទីនេះដើម្បីធ្វើការបួងសួងសុំពរ ជ័យពីព្រះមហាក្សត្រីយានី។ យើងខ្ញុំតែងតែបានរៀបចំក្បួនដង្ហែព្រះមហាក្សត្រីយានី ចំថ្ងៃព្រះច័ន្ទពេញបូរមីដើម្បីអោយព្រះនាង អាចមើលឃើញថាតើឋានមនុស្សលោកមានភាពសុខសាន្តត្រាន្តដែរឬទេ ដើម្បីព្រះនាងប្រទានពរជ័យអោយបានច្រើនថែមទៀត”។

ពិធីបុណ្យព្រះច័ន្ទពេញវង់ (មាឃបូជា) នៅខេត្ត Binh Duong - ảnh 2 ពិធីបុណ្យនេះបានទាក់ទាញការចូលរួមរបស់ប្រជាជនស្រុកនិងជំវិញជាច្រើនផងដែរ

ពិធីបុណ្យនៃព្រះចន្ទពេញវង់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានទាក់ទាញភ្ញៀវទេសចររាប់រយរាប់ពាន់នាក់ទាំងជិត ទាំងឆ្ងាយ មកគោរពបូជាព្រះមហាក្សត្រីយានីដោយទឹកចិត្តបរិសុទ្ធ។  ក៏ដូចសកម្មភាពសាសនាជាច្រើន មកទីនេះ អ្នកទាំងអស់គ្នាក៏ប្រាថ្នាចង់បានជីវភាពរស់នៅសុខសាន្តត្រានប្រកបដោយវិបុលភាពផងដែរ ។ ទស្សនិកជនម្នាក់ដែលចូលរួមក្នុងពិធីបុណ្យនេះបានសំណេះសំណាលថា៖ “ឆ្នាំណាក៏ដូចឆ្នាំណាដែរ អោយតែជិតដល់រដូវព្រះច័ន្ទពេញវង់នៃមាឃបូជា នាងខ្ញុំតែងតែមកវត្តដោយមិនខានឡើយ។  ខ្ញុំបានចាត់ទុកថា ការទៅវត្តបានជួយអោយយើងស្រស់ ស្រាយក្នុងអារម្មណ៍ រស់នៅប្រកបដោយផាសុកភាព ជាពិសេស ធ្វើអោយយើងមានកម្លាំងចិត្តនិងធ្វើអោយជីវិតកាន់តែមានន័យ”។

ដំណើរចូលរួមពិធីបុណ្យនារដូវព្រះច័ន្ទពេញវង់កាន់តែមានអត្ថន័យ ខណៈពេលដែល ពិធីបុណ្យនេះ ត្រូវបានអាជ្ញាធរនិងប្រជាជនរួមបញ្ចូលទាំងការងារស្ម័គ្រចិត្ត ដើម្បីរដូវបុណ្យមួយប្រកបដោយភាពសុខសាន្តត្រាន ដើម្បីភាពរាក់ទាក់របស់ប្រជាជន Binh Duong តែម្តង។  មកទស្សននាពិធីបុណ្យនេះចំប៉ុន្មានថ្ងៃព្រះច័ន្ទពេញវង់ នៅគ្រប់ទីកន្លែង គេតែងតែឃើញឃ្លាអក្សរថា “ឥតគិតថ្លៃ”។ នាប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការរួមកម្លាំងកាយចិត្តពីសម្បុរសជន បន្ទប់អនាម័យមួយដែលមានតម្លៃប្រ ហែល ១,៥ ពាន់លានដុងដើម្បីសាងសង់ឡើង ដើម្បីបម្រើភ្ញៀវទេសចរទាំងជិតនិងឆ្ងាយពេញមួយឆ្នាំដោយឥតគិតថ្លៃ។ លោក Vuong Vinh Thang ប្រធានក្រុមប្រឹក្សា ភិបាលនៃពិធីបុណ្យព្រះច័ន្ទពេញវង់ ខេត្ត Binh Duong បានអោយដឹងថែមទៀតថា៖ “យើងខ្ញុំបានរៀបចំកន្លែងចែកធូបនិងចែកទឹក ដោយឥតគិតថ្លៃ រួមទាំងបម្រើអាហារឥតគិតថ្លៃសម្រាប់បងប្អូនមកទស្សនានៅទីនេះ។ យើងខ្ញុំចង់បង្ហាញពីភាពរាក់ទាក់រួសរាយរបស់ប្រជាជនខេត្ត Binh Duong ទៅកាន់ភ្ញៀវទេសចរមកពីគ្រប់ទិសទីទូទាំងប្រទេសផងដែរ”។

នៅក្នុងថ្ងៃព្រះចន្ទពេញវង់នាខែទី១ តាមច័ន្ទគតិ មុននឹងប្រព្រឹត្តទៅពិធីបុណ្យធំ គឺការដង្ហែស្នែងព្រះមហាក្សត្រីយានី នៅក្នុងក្របខ័ណ្ឌនៃសកម្មភាពនឹងមានការដេញថ្លៃមួយដែរ។ ចូលរួមការដេញថ្លៃនេះ មានអាជីវកម្មជាច្រើនទាំងក្នុងនិងក្រៅខេត្ត ដែលភាគច្រើនជាអាជីវកម្មជនជាតិចិន។ តាមរយៈការដេញថ្លៃនេះ ទឹកប្រាក់សរុបដែលប្រមូលបានជារៀងរាល់ឆ្នាំ  ប្រហែលពី ៣ ទៅ ៥ ពាន់លានដុង។ យោងតាមគណៈកម្មាធិការរៀបចំពិធីបុណ្យបានអោយដឹងថា ចំនួនប្រាក់មានមកពីការប្រមូល ពីការដេញថ្លៃត្រូវបានចំណាយសំរាប់ការបង្រៀននិងរៀនភាសាចិននៅសាលាបឋមសិក្សា Le Van Tam  (នៃទីក្រុងThu Dau Mot) និងត្រូវបានប្រើសម្រាប់សកម្មភាពសប្បុរសធម៌ក្នុងឆ្នាំផងដែរ។

ពិធីបុណ្យព្រះច័ន្ទពេញវង់-មាឃបូជា នៅទីក្រុង Thu Dau Mot ពោរពេញទៅដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់តំបន់។ ពិធីបុណ្យនេះបានទាក់ទាញមនុស្សមកពីគ្រប់ទិសទីទូទាំងប្រទេសមករីករាយនឹងលក្ខណៈវប្បធម៌ប្រជាប្រិយ និងទទួលលាភដើមឆ្នាំ និងជូនពរគ្នាទៅវិញទៅមក ដោយពេញមួយឆ្នាំជួបតែសេចក្តីសុខចម្រូងចម្រើន ។ តាមរយៈពិធីបុណ្យនេះ រួមចំណែករឹតចំណងសាមគ្គីភាពរវាងក្រុមជនជាតិនានាក្នុងតំបន់។ ពិធីបុណ្យព្រះច័ន្ទពេញវង់-មាឃបូជានៅខេត្ត Binh Duong បានក្លាយជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងជាពិធីបុណ្យដើមនិទាឃរដូវរបស់មនុស្សគ្រប់រូប គ្រប់គេហដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ