ព្រឹទ្ធាចារ្យភូមិដែលរក្សាវប្បធម៌របស់ជនជាតិ Co Tu
(VOVWORLD) - ក្រុមជនជាតិ Co Tu រស់នៅភាគច្រើននៅតំបន់ភាគកណ្តាល វៀតណាម ក្នុងនោះ ខេត្ត Quang Nam ជាតំបន់ដែលមានចំនួនជនជាតិ Co Tu រស់នៅច្រើនជាងគេបំផុតបំផុត។ លក្ខណៈវប្បធម៌ដ៏វិសេសវិសាល ដូចជាទំនុក ច្រៀង ក្បាច់រាំ និងការវាយគង វាយស្គរ ដែលសុទ្ធតែផ្សាភ្ជាប់នឹងជីវភាពរស់នៅប្រចាំថ្ងៃនិងផលិតកម្មរបស់ប្រជាជនក្នុងតំបន់។ ព្រឹទ្ធាចារ្យជនជាតិ Co Tu ជាច្រើន បានចំណាយពេលដើម្បីប្រមូលនិងស្តារតម្លៃវប្បធម៌របស់ជនជាតិខ្លួនឡើងវិញ។
ព្រឹទ្ធចារ្យ Bhling Hanh បង្រៀនឲ្យក្មេងៗ Co Tu នៅភូមិ Cong Don ឃុំ Zuoih ស្រុក Nam Giang នូវរបាំរបស់ជនជាតិខ្លួន (រូបថត៖ VOV) |
ទោះបីមានអាយុជាង ៧០ ឆ្នាំហើយក៏ដោយ ក៏សំឡេងរបស់លោកតា Bhling Hanh នៅភូមិ Cong Don ឃុំ Zuoih ស្រុក Nam Giang ខេត្ត Quang Nam នៅតែត្រូវបានលាន់លឺរន្ទឺពេញព្រៃប្រឹក្សា។ ប្រជាជននៅទីនេះបានហៅលោកថាជា “ព្រលឹងនៃព្រៃភ្នំ”។
កាលពីដើមឡើយ ព្រឹទ្ធាចារ្យភូមិគឺលោក Bhling Hanh បានប្រកបមុខរបរក្នុងវិស័យវេជ្ជសាស្ត្រ យុត្តិធម៌ ហើយត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃឃុំ Zuoih។ នៅឆ្នាំ ១៩៩៨ ស្រុក Nam Giang ខេត្ត Quang Nam បានដឹកនាំឲ្យបង្កើតក្រុមស្គរនិងឃ្មោះក្នុងឃុំនីមួយៗ។ ព្រឹទ្ធាចារ្យភូមិ Bhling Hanh បានទៅដល់គ្រប់ផ្ទះទាំងអស់ក្នុងភូមិនិងឃុំ ដើម្បីប្រមូលផ្តុំ ស្វែងរក និងថែរក្សាឧបករណ៍ភ្លេងបុរាណ ដូចជា គងឃ្មោះ ចាប៉ី Abel ហើយបន្ទាប់មកបានបង្កើតក្រុមគងឃ្មោះមួយមានឈ្មោះថា Cong Don។ ម្យ៉ាងវិញទៀត ខ្លួនលោកផ្ទាល់ក៏បានកែប្រែរបាំស្គរឃ្មោះ ហើយបានទៅសម្តែងនៅទីក្រុងហាណូយ Da Nang, Can Tho និង Tay Ninh ផងដែរ។ ព្រឹទ្ធាចារ្យ Bhling Hanh បានសំណេះសំណាលថា៖ “តាំងពីនៅក្មេង ដោយសារគ្រួសារខ្ញុំក្រពេក ខ្ញុំមិនមានស្គរវាយទេ។ មានតែក្នុងឱកាសបុណ្យភូមិដែលខ្ញុំទើបអាចសាកល្បងវាយគងឃ្មោះបាន។ រហូតមកដល់ពេលនេះថ្ងៃណា ដែលខ្ញុំមិនបានលឺសំឡេងស្គរ និងសំឡេងគងឃ្មោះ នោះគឺខ្ញុំមិនអាចធ្វើអ្វីបានទេ។ តន្ត្រីគឺជាព្រលឹងរបស់ប្រជាជន Co Tu ដែលជាសេចក្តីស្រឡាញ់ចំពោះជីវិត ហើយត្រូវបានជីដូនជីតាមរតកពីច្រើនជំនាន់។ ហេតុដូច្នេះ ត្រូវរក្សាជារៀងរហូត”។
ពីការបង្រៀនរបស់ព្រឹទ្ធចារ្យ Bhling Hanh យុវជនជាច្រើនក្នុងឃុំ Zuoih អាចវាយបានបទគងឃ្មោះរបស់ជនជាតិខ្លួនសឹងតែគ្រប់ទាំងអស់។ លោក Bhling Thai សមាជិកក្រុមគងឃ្មោះ Cong Don នៅឃុំ Zuoih បានសំណេះសំណាលថា៖ “ខ្ញុំមានសេចក្តីសោមនស្សរីករាយនិងមានកិត្តិយសក្នុងការផ្សព្វផ្សាយនិងណែនាំវប្បធម៌ជនជាតិ Tu Co នៅតាមខេត្តនិងទីក្រុងជាច្រើនទូទាំងប្រទេស។ ដោយសារការណែនាំដ៏ក្លៀវក្លានិងការផ្តល់ចំណង់ចំណូលចិត្តចំពោះវប្បធម៌របស់ព្រឹទ្ធចារ្យ Bhling Hanh បានធ្វើឲ្យខ្ញុំមើលឃើញពីវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួនគឺស្រស់ស្អាតយ៉ាងដូចម្ត៉េច”។
ព្រឹទ្ធចារ្យ Y Kong លេងរនាត Abel-ដែលជាឧបករណ៍តន្រ្តីប្រពៃណីរបស់ក្រុមជនជាតិ CoTu (រូបថត៖ VOV) |
ក្នុងដំណើរអភិរក្សវប្បធម៍របស់ជនជាតិ Co Tu គឺមិនអាចមិននិយាយដល់ព្រឹទ្ធចារ្យ Y Kong នៅឃុំ Ba ស្រុក Dong Giang ខេត្ត Quang Nam នោះឡើយ។ ឥឡូវនេះមានឆន្មាយុជិត ១០០ ឆ្នាំហើយ ប៉ុន្តែព្រឹទ្ធាចារ្យភូមិ Y Kong តែងតែមានការព្រួយបារម្ភអំពីការបាត់បង់នៃវប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu។ ព្រឹទ្ធចារ្យភូមិ Y Kong បានបរិច្ឆាកប្រាក់ដើម្បីសាងសង់ផ្ទះ Gươl មួយខ្នងនៅលើទឹកដីរបស់ក្រុមគ្រួសារ ដែលជាកន្លែងសម្រាប់កូនចៅពេលវិលត្រឡប់មកលេងភូមិម្តងៗ។ នៅឯផ្ទះ Gươl ព្រឹទ្ធចារ្យ Y Kong បានដាក់តាំងបង្ហាញនូវឧបករណ៍ភ្លេងបុរាណជាច្រើនប្រភេទ ដូចជា រនាតថ្ម ខ្លុយនិងគងឃ្មោះជាច្រើនឈុតទៀត។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹទ្ធចារ្យ Y Kong ថែមទាំងបានទៅសាលារៀនតាមស្រុក ដើម្បីបង្រៀនក្មេងៗពីរបៀបច្រៀង ឬការវាយគងឃ្មោះ រួមទាំងស្វែងយល់ពីដើមកំណើតរបស់ជនជាតិខ្លួនទៀតផង៖ “ខ្ញុំបានដើរទិញឥវ៉ាន់និងតុបតែងលំអផ្ទះ ហើយបន្ទាប់មកខ្ញុំធ្វើស្គរផ្ទាល់ខ្លួន សម្រាប់វាយនៅពិធីភ្ជាប់ពាក្យឬពិធីមង្គលការ។ បំណងប្រាថ្នារបស់ខ្ញុំគឺចង់រក្សាប្រពៃណីរបស់ជនជាតិ Co Tu តែប៉ុណ្ណោះ”។
ស្រុក Dong Giang មានមនុស្សតិចណាស់ដូចនឹងព្រឹទ្ធចារ្យ Y Kong ដែលអាចចេះលេងនិងចេះផលិតឧបករណ៍តន្រ្តីជាច្រើនប្រភេទ។ ការបង្រៀនពីទំនុកច្រៀង របាំ និងការវាយស្គរនិងគងឃ្មោះ ដល់យុវជនជំនាន់ថ្មីរបស់ព្រឹទ្ធចារ្យ Y Kong មិនត្រឹមតែចូលរួមក្នុងការថែរក្សានូវតម្លៃវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការលើកកម្ពស់ជីវភាពខាងព្រលឹងវិញ្ញាណរបស់ជនជាតិ Co Tu ទៀតផង។ លោក Do Huu Tung អនុប្រធានគណៈកម្មាធិការប្រជាជន ស្រុក Dong Giang បានឲ្យដឹងថា៖ “ព្រឹទ្ធាចារ្យភូមិ Y Kong បានអប់រំឲ្យជំនាន់យុវជន នូវលក្ខណៈវប្បធម៌ដ៏ល្អប្រសើរជាច្រើនរបស់ប្រជាជន Co Tu ក្នុងនោះមានរបៀបវាយគងឃ្មោះ របៀបរាំនិងតម្បាញចារបាប់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ លោកព្រឹទ្ធាចារ្យភូមិក៏មានសកម្មភាពយ៉ាងសកម្ម ក្នុងការរក្សាអត្តសញ្ញាណវប្បធម៌ឆ្លាក់លើឈើរបស់ជនជាតិ Co Tu ដែលបានរសាត់បន្តិចម្តងៗ ដែរ”។
សិប្បកម្មប្រពៃណីរបស់ជនជាតិ Co Tu ក៏ត្រូវបានអភិរក្សនិងអភិវឌ្ឍន៍ដោយព្រឹទ្ធចារ្យក្នុងភូមិច្រើនរូបផងដែរ ដូចជាតម្បាញចារបាប់នៅភូមិ Ta Lu ឃុំ A Ting ត្បាញ ផ្តៅនៅឃុំ Song Kon ជាដើម។ យ៉ាងណាមិញ វប្បធម៌ធ្វើម្ហូប Co Tu មានដូចជា ក្រឡាន នុំស្នែងក្របី ស្រា ta din និង ta vat ក៏ត្រូវបានលើកទឹកចិត្តដោយព្រឹទ្ធាចារ្យក្នុងភូមិឱ្យកែច្នៃ សម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យទាន បុណ្យតេតឬទទួលភ្ញៀវផងដែរ។ ក្រុមព្រឹទ្ធចារ្យភូមិនិងមេភូមិជនជាតិ Co Tu នៅខេត្ត Quang Nam តែងតែមានប្រាថ្នាក្នុងការអភិរក្សនិងលើកកម្ពស់វប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu៕