(VOVWORLD) - ការបរិច្ចាគសៀវភៅ និងនាំយកសៀវភៅទៅកាន់ភូមិ គឺជារបៀបមួយដែលអង្គភាពផ្នែកវប្បធម៌ ក៏ដូចជាអង្គការសប្បុរសធម៌នានាកំពុងអនុវត្តន៍នៅ ខេត្ត Dak Lak ដើម្បីជួយកុមារនៅតំបន់ឆ្ងាយដាច់ស្រយាលទទួលបាន និងអានសៀវភៅ។ តាមនោះ រួមចំណែករីកសាយភាយវប្បធម៌អាន ដល់ភូមិនីមួយៗ លើកទឹកចិត្តកុមារឱ្យយកចិត្តទុកដាក់និងស្រឡាញ់ការអានបន្ថែមទៀត។
សិស្សានុសិស្សអានសៀវភៅក្រោមម្លប់ដើមឈើ។ (រូបថត៖ VOV) |
នៅក្រោមម្លប់ដើមឈើបៃតងនៅក្នុងបរិវេណអនុវិទ្យាល័យ To Vinh Dien ទីរួមខេត្ត Buon Ho ខេត្ត Dak Lak សិស្សមួយក្រុម កំពុងអង្គុយអានសៀវភៅយ៉ាងយកចិត្តទុកដាក់នៅក្បែររថយន្តដឹកទំនិញពណ៌លឿងដែលមានឈ្មោះថា "បណ្ណាល័យនិទាឃរដូវ"។
ទើបតែអានសៀវភៅកំណាព្យមួយក្បាលរួច ប្អូន H So Mi Mlo សិស្សថ្នាក់ទី ៧ បានយកក្រដាសមួយសន្លឹកមក សរសេរពីគំនិត និងអារម្មណ៍របស់នាងអំពីសៀវភៅនោះ ហើយយកមកដាក់ជូនអ្នកទទួលបន្ទុក។ ប្អូន H So Mi Mlo ចែករំលែកថា រថយន្តបណ្ណាល័យចល័តនេះគួរឱ្យចាប់អារម្មណ៍ណាស់ ដោយមានសៀវភៅជាច្រើនប្រភេទ និងប្រដាប់ប្រដាក្មេងលេងគួរឱ្យទាក់ទាញ។
“ខ្ញុំពិតជាចូលចិត្តបណ្ណាល័យនេះណាស់ ព្រោះមានសៀវភៅជាច្រើនសម្រាប់អាន និងមានប្រការជាច្រើនសម្រាប់សិក្សារៀនសូត្រ។ វាពិតជាមានប្រយោជន៍ជាច្រើនណាស់សម្រាប់ការសិក្សា និងជួយអារម្មណ៍ស្រះស្រាយ”។
មិនត្រឹមតែទទួលបានសៀវភៅសម្រាប់អានប៉ុណ្ណោះទេ សិស្សានុសិស្សក៏ទទួលបានអំណោយដ៏មានអត្ថន័យ និងចូលរួមសកម្មភាពមានប្រយោជន៍ជាច្រើនដូចជា លេងអុក គូរគំនូរ ស្មូនរូប to he និងធ្វើគម្របសៀវភៅពីក្រដាសកាតុង ជាដើម។
អ្នកស្រី Pham Khanh My នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ជាអ្នកទទួលបន្ទុករថយន្ត "បណ្ណាល័យនិទាឃរដូវ" បានចែករំលែកថា ដោយមានគោលបំណងចង់បង្កើតបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ ដោយជួយកុមារនៅតំបន់លំបាក និងតំបន់ឆ្ងាយដាច់ស្រយាលនៅ Tay Nguyen ទទួលបាននិងអានសៀវភៅបន្ថែមទៀត ចាប់ពីឆ្នាំ ២០២០ មក ក្រុមហ៊ុនសង្គម Bo Cong Anh (នៅទីក្រុង Buon Ma Thuot) បានសម្របសម្រួលជាមួយសប្បុរសជន ដើម្បីអនុវត្តន៍គម្រោងសហគមន៍មួយដែលមានឈ្មោះថា "បណ្ណាល័យមកកាន់ភូមិ"។ ក្រោយរយៈពេលជាង ២ ឆ្នាំ "បណ្ណាល័យ" នេះកាន់តែមានប្រសិទ្ធភាព ដោយមានរថយន្តតូចមួយគ្រឿង តុបតែងចម្រុះពណ៌ ដែលដឹកសៀវភៅ អំណោយ និងប្រដាប់ប្រដារក្មេងលេងគ្រប់ប្រភេទ ទៅកាន់គ្រប់ភូមិ និងសាលារៀននៅតំបន់ដាច់ស្រយាលតាមខេត្ត Dak Lak, Gia Lai, Kon Tum និង Dak Nong។ ចាប់ពីពេលនេះ រថយន្ត "បណ្ណាល័យមកកាន់ភូមិ" បានប្តូរទៅជាឈ្មោះថ្មីថា "បណ្ណាល័យនិទាឃរដូវ"។ មកទល់ពេលនេះ "បណ្ណាល័យនិទាឃរដូវ" បានបម្រើសាលារៀនប្រហែល ៥០ កន្លែងនៅតាមតំបន់ផ្សេងៗគ្នា ដោយបានជួយកុមារជាង ១៥ ពាន់នាក់អានសៀវភៅ និងចូលរួមសកម្មភាពផ្សេងៗ។ ទន្ទឹមនឹងនោះ គណៈប្រតិបត្តិការ បានប្រគល់ជូនសៀវភៅជាង ១២ ពាន់ក្បាលដល់ទូសៀវភៅ នៅក្នុងថ្នាក់រៀននៅតាមសាលានីមួយៗ ផងដែរ។ អ្នកស្រី Pham Khanh My បានចែករំលែកថា៖
“ដើម្បីឱ្យកុមារអានសៀវភៅ នៅលើរថយន្តតែងតែត្រៀមរៀបចំអំណោយដើម្បីលើកទឹកចិត្តការអាន។ ពេលអានរួច ប្អូនៗនឹងសរសេរពីអារម្មណ៍របស់ពួកគេដើម្បីដឹងថា តើពួកគេអានឬអត់ យើងប្រមូលសន្លឹកក្រដាសនោះ ហើយជូនអំណោយដល់ពួកគេវិញ វាអាចជាសៀវភៅកត់ត្រា ប៊ិច ឬអ្វីទាំងអស់ក្នុងរថយន្ត សូម្បីតែសៀវភៅ យើងក៏អាចជូនរហូត”។
រថយន្ត "បណ្ណាល័យនិទាឃរដូវ" គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដើម្បីរីកសាយភាយ និងអភិវឌ្ឍន៍វប្បធម៌អាននៅតំបន់ Tay Nguyen។ (រូបថត៖ VOV) |
រថយន្ត "បណ្ណាល័យនិទាឃរដូវ" គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដើម្បីរីកសាយភាយ និងអភិវឌ្ឍន៍វប្បធម៌អាននៅតំបន់ Tay Nguyen។ ចំណែកខាងមូលដ្ឋាន ចាប់តាំងពីឆ្នាំ ២០១៧ មក គណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានចេញផ្សាយផែនការ និងអនុវត្តន៍គម្រោង “អភិវឌ្ឍន៍វប្បធម៌អានក្នុងសហគមន៍ដល់ឆ្នាំ ២០២០ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ នៅខេត្ត Dak Lak”។ គោលដៅគឺ នៅឆ្នាំ២០៣០ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនមានទម្លាប់អាន និងបំណិនក្នុងការទទួលបាន ប្រើប្រាស់ព័ត៌មាន និងចំណេះដឹងនៅកន្លែងរស់នៅ សិក្សា និងធ្វើការ។ លោក Ngo Trung Vinh ប្រធានផ្នែកវប្បធម៌ និងព័ត៌មានស្រុក Krong Buk ខេត្ត Dak Lak បានឲ្យដឹងថា៖
“យើងខ្ញុំសម្របសម្រួលជាមួយទីភ្នាក់ងារ និងអង្គភាព ជាពិសេសសាលារៀន ដើម្បីរៀបចំទិវាសៀវភៅ និងវប្បធម៌អាននៅហ្នឹងអង្គភាព។ លើសពីនេះ រៀបចំសកម្មភាពជាច្រើន អាស្រ័យលើលក្ខខណ្ឌជាក់ស្តែង ដូចជាការរៀបចំសៀវភៅ ផ្តល់បទពិសោធន៍អានសៀវភៅដល់កុមារ និងសកម្មភាពជាច្រើនដើម្បីអប់រំកុមារអំពីប្រពៃណី វប្បធម៌ ក៏ដូចជាវប្បធម៌អានសៀវភៅផងដែរ”។
យោងតាមលោក Truong Hoai Anh នាយកមន្ទីរព័ត៌មាននិងគមនាគមន៍ខេត្ត Dak Lak ទន្ទឹមនឹងរបៀបអានបែបប្រពៃណី ការធ្វើបរិវត្តកម្មឌីជីថលក្នុងការអភិវឌ្ឍវប្បធម៌អាននឹងជំរុញឱ្យមានការរីកសាយភាយកាន់តែច្រើនក្នុងសហគមន៍ ជាពិសេសកុមារ និងសិស្ស៖
“ក្នុងយុគសម័យឧស្សាហកម្ម ៤.០ បំណងប្រាថ្នាគឺ ចង់ឲ្យមនុស្សគ្រប់រូបលើកកម្ពស់ថែមទៀត មិនត្រឹមតែការអានសៀវភៅប្រពៃណីប៉ុណ្ណោះទេ ថែមទាំងមធ្យោបាយ និងប្រភេទសៀវភៅផ្សេងទៀតដើម្បីផ្ដើល់ចំណេះដឹងអាចរីកសាយភាយយ៉ាងទូលំទូលាយក្នុងជីវភាពសង្គម ក្លាយជាសង្គមសិក្សា។ ដើម្បីធានាបាននូវការងារនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីមជ្ឈិមដល់មូលដ្ឋាន សុទ្ធតែចូលរួម ដើម្បីប្រែក្លាយការអានទៅជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃ”។
ប្រព័ន្ធបណ្ណាល័យពីខេត្តដល់មូលដ្ឋាន ទូសៀវភៅច្បាប់ ទូសៀវភៅតាមទីតាំងប្រៃសណីយ៍ ទូសៀវភៅតាមប៉ូស្តិ៍ការពារព្រំដែន រួមជាមួយនឹងបណ្ណាល័យចល័តដែលមកកាន់គ្រប់ភូមិ និងសាលារៀនក្នុងខេត្ត Dak Lak បានលើកកម្ពស់ប្រសិទ្ធភាពជាជំហានៗ បម្រើតម្រូវការអានសៀវភៅរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងសិស្សនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងតំបន់លំបាកពិសេស។ តាមនោះ រួមចំណែករីកសាយភាយវប្បធម៌អានក្នុងសហគមន៍៕