លើកតម្កើងបញ្ញាវៀតណាមតាមរយៈទួរទស្សនាមណ្ឌលអក្សរសាស្ត្រ Van Mieu – Quoc Tu Giam នាពេលរាត្រី
(VOVWORLD) - ចាប់ពីចុងខែតុលាមក មជ្ឈមណ្ឌលសកម្មភាពវប្បធម៌ និងវិទ្យាសាស្ត្រ Van Mieu - Quoc Tu Giam (ហាណូយ) បានរៀបចំដំណើរកម្សាន្តពេលរាត្រីនៅមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam ដោយហៅថា “ភាពប្រណិតក្នុងការសិក្សាគុណធម៌”។ ដំណើរទេសចរណ៍ថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការដើម្បីផ្សព្វផ្សាយពីដំណើរការសិក្សាអំពីគុណធម៌ដ៏វិសេសវិសាលនៃមណ្ឌលកេរដំណែលជាតិពិសេស Van Mieu - Quoc Tu Giam ទីតាំងត្រូវបានចាត់ទុកថាជាសាកលវិទ្យាល័យដំបូងគេនៅវៀតណាម។
ដំណើរកម្សាន្តពេលរាត្រី “ភាពប្រណិតក្នុងការសិក្សាគុណធម៌” បើកពីម៉ោង ៧និង៣០ យប់ ដល់ ១០និង៣០ យប់ រៀងរាល់ថ្ងៃពុធ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ (រូបថត៖ qdnd.vn) |
ដំណើរកម្សាន្តពេលរាត្រី “ភាពប្រណិតក្នុងការសិក្សាគុណធម៌” ត្រូវបានបើកពីម៉ោង ១៩ ដល់ម៉ោង ២២និង៣០នាទីយប់ រៀងរាល់ថ្ងៃពុធ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ នេះជាដំណើរកម្សាន្តនារាត្រីទី ៤ ដែលបានទីក្រុងហាណូយរៀបចំឡើង បន្ទាប់ពីដំណើរកម្សាន្តពេលរាត្រីនៅបេតិកភណ្ឌពន្ធនាគារ Hoa Lo, បរមរាជវាំង Thang Long និងសារមន្ទីរអក្សរសាស្ត្រវៀតណាម សំដៅនាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ថ្មីថ្មោង បើធៀបនឹងការទស្សនាទីតាំងនេះនាពេលថ្ងៃ។ ពោលគឺ នៅពេលល្ងាច ស្នាដៃស្ថាបត្យកម្ម និងកន្លែងបេតិកភណ្ឌមនៅមណ្ឌលកេរដំណែល Van Mieu - Quoc Tu Giam កាន់តែគួរឲ្យចាប់អារម្មណ៍ និងភ្លឺចែងចាំងជាងធម្មតា ប៉ុន្តែនៅតែរក្សាបាននូវលក្ខណៈដ៏ជ្រាលជ្រៅ និងអស្ចារ្យនៃទីកន្លែងដែលត្រូវបានចាត់ទុកថាជាសាលាជាតិដំបូងគេរបស់វៀតណាម។
ការដើរកាត់ច្រកទ្វារធំ (Van Mieu Mon) គឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍នៃពណ៌ និងសំឡេង ដែលទាំងអស់នេះត្រូវបានបង្ហាញតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាពន្លឺ និងបច្ចេកវិទ្យា 3D Mapping (បច្ចេកទេសសម្តែងដោយរួមបញ្ចូលគ្នានូវពន្លឺ និងចលនាដើម្បីបង្កើតបែបផែន 3D លើផ្ទៃរាបស្មើ ជួយឱ្យប្លុករូបភាពមានអន្តរកម្មក្នុងចន្លោះបីវិមាត្រ) នៅ លើផ្ទៃខាងក្រោយនៃតន្ត្រីប្រពៃណី ធ្វើឱ្យអ្វីៗទាំងអស់មានភាពរស់រវើស ជួយឱ្យអ្នកទស្សនាទទួលបានបទពិសោធន៍តាមរយៈរឿងរ៉ាវ និងរូបភាពពិសេសដែលតំណាងឱ្យវប្បធម៌ និងគុណធម៌របស់ប្រជាជនវៀតណាម។
ដើរកាត់ច្រកទ្វារធំ (Van Mieu Mon) គឺជាកន្លែងដ៏គួរឱ្យចាប់អារម្មណ៍នៃពណ៌ និងសំឡេងនៅក្នុងតំបន់ត្រាស់ដឹង។ (រូបថត៖ qdnd.vn) |
“នៅពេលដែលខ្ញុំចូលភ្លាម ខ្ញុំមានអារម្មណ៍ស្រឡាំងកាំង ដោយបានឃើញរូបភាពក្មេងប្រុសម្នាក់លុតជង្គង់ចូលរៀន ហើយបានឃើញក្មេងប្រុសនោះរៀនតាំងពីក្មេងរហូតដល់ពេលធំដឹងពេញវ័យ”។
“ខ្ញុំបានទៅទស្សនាមណ្ឌលអក្សរសាស្ត្រ Van Mieu ច្រើនដងហើយ ប៉ុន្តែតែងតែទៅនៅពេលថ្ងៃ។ នេះជាលើកទីមួយហើយដែលមកទីនេះនៅពេលយប់ ជាមួយនឹងបច្ចេកវិទ្យាមើលឃើញ និងពន្លឺ ខ្ញុំមានអារម្មណ៍ប្លែកនិងចាប់អារម្មណ៍ខ្លាំងណាស់”។
ទីធ្លានៅបរិវេណមណ្ឌលអក្សរសាស្ត្រ Quoc Tu Giam ត្រូវបាន “ប្រែប្រួល” ដោយប្រព័ន្ធពន្លឺនិងបច្ចេកវិទ្យា 3D Mapping។ នៅក្នុងលំហតាំងបង្ហាញដោយរួមបញ្ចូលគ្នានៃរូបភាពតំណាងឱ្យដំណាក់កាលចំនួនបួននៅក្នុងដំណើរការខិតខំសិក្សារៀនសូត្រនិងទទួលបានភាពជោគជ័យរបស់សិស្ស។ ក្រៅពីនេះ អ្នកទស្សនាក៏នឹងទទួលបានបទពិសោធអានសៀវភៅថ្មីតាមរយៈឧបករណ៍បញ្ជាចលនា 3D។ ឬនៅក្នុងសួនសិលាចារិកបណ្ឌិត ដោយមានការគាំទ្រពីបច្ចេកវិទ្យាទំនើប អ្នកទស្សនាអាចទទួលបានព័ត៌មានជាមូលដ្ឋានអំពីបេតិកភណ្ឌ ក៏ដូចជាព័ត៌មានអំពីជួរសិលាចារិកចំនួនពីរ ជាកន្លែងចារិកឈ្មោះបណ្ឌិតតាមរយៈដំណាក់កាលនីមួយៗ។ ទីធ្លាបន្ទាប់គឺ ត្រូវបានគេស្គាល់ថាជាតំបន់ Bai Duong ហើយនៅទីនេះ សាធារណជនអាចប្រែខ្លួនទៅសាវ័គ សាកល្បងសរសេរដោយប្រើបច្ចេកវិទ្យាការពិតនិម្មិត ថ្មីថ្មោង និងគួរឱ្យចាប់អារម្មណ៍។ សកម្មភាពនេះទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។ លោក Stuart Cook ភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់បានឲ្យដឹងថា៖ “យើងបានឮអំពីកន្លែងនេះ ហើយពិតជាភ្ញាក់ផ្អើលនៅពេលយើងចូលទស្សនាមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam នៅពេលយប់។ យើងបានសាកល្បងសរសេរអក្សរផ្ចង់ដោយប្រើបច្ចេកវិទ្យាការពិតនិម្មិត និងបានសិក្សាអំពីប្រវត្តិរបស់មណ្ឌលនេះផងដែរ”។
អ្នកទស្សនាក៏អាចពិសោធន៍នឹងប្រព័ន្ធការពិតនិម្មិតផងដែរ (រូបថត៖ qdnd.vn) |
អាគារ Thai Hoc ដែលជាគោលដៅចុងក្រោយក្នុងដំណើរទេសចរណ៍រាត្រី Van Mieu - Quoc Tu Giam ដែលអ្នកទស្សនាចាប់អារម្មណ៍បំផុត ជាមួយនឹងកម្មវិធីបង្ហាញ 3D Mapping លើប្រធានបទ “ភាពប្រណិតក្នុងការសិក្សាគុណធម៌”។ ផ្ទៃខាងមុខទាំងមូលរបស់អាគារ Thai Hoc ក្លាយជាអេក្រង់ដ៏ធំសម្រាប់ភ្ញៀវទេសចរស្វែងយល់ពីគុណតម្លៃដ៏វិសេសវិសាលនៃទស្សនវិជ្ជាវៀតណាម។ ព័ត៌មានលម្អិតនីមួយៗដែលបានតាំងបង្ហាញ បង្កើតឱ្យមានពិធីជបើលៀងតាមរយៈពន្លឺ សំឡេង និងអារម្មណ៍។ លោក Do Thanh Trung នៅទីក្រុង Ngoc Ha ខ័ណ្ឌ Ba Dinh បានឲ្យដឹងថា៖ “នេះគឺជាបច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍ និងលក្ខណៈលេចធ្លោជាច្រើន ដែលជួយបង្កើនលក្ខណៈដកពិសោធន៍។ នេះជាកន្លែងលើកតម្កើតភាពប្រណិតនៃគុណធម៌។ រួមផ្សំជាមួយនឹងបទពិសោធន៍ថ្មីៗបែបនេះ ខ្ញុំគិតថា ភ្ញៀវទេសចរទាំងអស់សុទ្ធតែទន្ទឹងរង់ចាំ បន្តទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងរីករាយ”។
ភាពខុសគ្នានៃដំណើរកម្សាន្តនារាត្រីនៅមណ្ឌល Van Mieu - Quoc Tu Giam ស្ថិតនៅលើការប្រើប្រាស់បច្ចេកវិទ្យា ជំនួសឲ្យទម្រង់ល្ខោន ដូចផលិតផលទេសចរណ៍ជាច្រើនទៀត។ យ៉ាងណាមិញ សកម្មភាពនេះបាននាំមកនូវអារម្មណ៍ពិត ដល់អ្នកទស្សនាម្នាក់ៗ នៅពេលដែលគេបាន មកចំកន្លែង និងទទួលយកបទពិសោធន៍សម្រាប់ខ្លួនឯង។ លោក Le Xuan Kieu នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌និងវិទ្យាសាស្ត្រនៃមណ្ឌលអក្សរសាស្ត្របានឲ្យដឹងថា៖ “ជាមួយនឹងបច្ចេកវិទ្យា Mapping យើងបានបកស្រាយរឿងរ៉ាវអំពីភាពប្រណិត នៃការសិក្សាគុណធម៌វៀត ណាម, តម្លៃនៃស្មារតីសង្វាត់សិក្សារៀនសូត្រ ប្រពៃណីនៃការគោរពគ្រូបង្រៀន, គោរពសីលធម៌និងគោរពអ្នកដែលមានទេពកោសល្យ។ យើងមិនអាចយល់ឃើញតម្លៃអរូបីទាំងនោះដោយផ្ទាល់ជាមួយនឹងអារម្មណ៍របស់យើងទេ។ ប៉ុន្តែតាមរយៈការនិទានរឿងដោយប្រើបច្ចេកវិទ្យាក្នុងបរិវែណមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam រឿងទាំងនោះកាន់តែមានភាពទាក់ទាញ និងងាយស្រួលយល់ណាស់”។
ក្នុងដំណើរការទស្សនាមណ្ឌលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam នារាត្រី អ្នកទស្សនាក៏អាចទទួលបានបទពិសោធន៍ជាមួយផលិតផលបច្ចេកវិទ្យាវ៉ែនតានិម្មិត និងរីករាយជាមួយការសម្តែងសិល្បៈប្រពៃណីផងដែរ។ ផលិតផលសិល្បៈត្រូវបានដំឡើងដើម្បីបង្ហាញយ៉ាងច្បាស់នូវសារនៃកម្មវិធីដែលលើកតម្កើងដល់បញ្ញាវៀតណាម។ នេះក៏ជាកត្តាដែលរួមចំណែកទាក់ទាញអ្នកទស្សនាឲ្យទទួលបានបទពិសោធន៍បេតិកភណ្ឌនារាត្រី និងធ្វើឲ្យផលិតផលទេសចរណ៍អាណូយកាន់តែសម្បូរបែប៕