វិចិត្រករ Vu Thai Binh ជាមួយនឹងចំណង់ចំណូលចិត្តនឹងក្រដាស do

(VOVWORLD) -  នៅក្នុងវិស័យវិចិត្រសិល្បៈ ក្រដាស do ជាវត្ថុធាតុដើមដែលបង្កើតឡើងនូវគំនូរប្រជាប្រិយចំនួនពីរប្រភេទដ៏ល្បីឈ្មោះរបស់វៀតណាម នោះគឺគំនូរ Hang Trong និងគំនូរ Dong Ho។ ការគូរលើក្រដាស do ទាមទារឲ្យមានបច្ចេកទេសខ្ពស់ ដែលមិនមែនថា វិចិត្រករណាក៏អាចគូរបានឡើយ។ វិចិត្រករ Vu Thai Binh បានខិតខំប្រឹងប្រែងស្រាវជ្រាវនិងទទួលបានជោគជ័យលើវត្ថុធាតុដើមប្រពៃណីដោយរួមបញ្ចូលជាមួយវិចិត្រសិល្បៈសម័យកាល។

វិចិត្រករ Vu Thai Binh ជាមួយនឹងចំណង់ចំណូលចិត្តនឹងក្រដាស do - ảnh 1 វិចិត្រករ Vu Thai Binh

វិចិត្រករ Vu Thai Binh កើតនៅឆ្នាំ ១៩៧៦ នៅខេត្ត Hung Yen។ មជ្ឈដ្ឋានវិចិត្រករស្គាល់ដល់គំនូរគូរលើក្រដាស do របស់វិចិត្រករ Vu  Thai Binh ដោយសារលោកប្រហែលជា ជាអ្នកដែលមានការជក់ចិត្តបំផុតចំពោះក្រដាស do។ លោក Vu Thai Binh ធ្លាប់សាកល្បងប្រើវត្ថុធាតុដើមផ្សេងៗជាច្រើនក្នុងការគូគំនូរ ប៉ុន្តែនៅឆ្នាំ ២០១៣ ពេលដែលលោកបានសាកល្បងគូលើក្រដាស  do ទើបលោកដឹងខ្លួនថា ក្រដាស do ជាព្រលឹង ជាការជក់ចិត្តបំផុតរបស់ខ្លួន។ លោកបានបើកតាំងពិព័រណ៍ចំនួន ២ គឺ “ពណ៌របស់ក្រដាស do ទី ១” នៅឆ្នាំ ២០១៦ និង “ពណ៌របស់ក្រដាស do ទី២” នៅឆ្នាំ ២០១៨ នៅទីក្រុងហាណូយ ដែលធ្វើឱ្យអ្នកសិល្បៈជាច្រើនកោតសរសើរយ៉ាងខ្លាំង។ លោកគ្រោងនឹងបើកតាំងពិព័រ “ពណ៌របស់ក្រដាស do ទី៣” នៅឆ្នាំ ២០២១ ផងដែរ។

ក្រដាស do ជាប្រភេទក្រដាសដែលបានផលិតចេញពីសំបកដើម do ដែលមានលក្ខណៈស្វិតនិងរក្សាទុកបានរយៈពេលយូរ។  មុខរបរធ្វើក្រដាស do នៅវៀតណាមបានប្រសូត្រឡើងរាប់ពាន់ឆ្នាំមកហើយ ហើយក្រដាសនេះត្រូវបានប្រើប្រាស់សម្រាប់បោះពុម្ពអត្ថបទគម្ពីរ សរសេរអក្សរ Han, Nom, បោះពុម្ភគំនូរប្រជាប្រិយ រួមទាំងត្រូវបានប្រើក្នុងរាជវង្សសក្ដិភូមិវៀតណាមទៀតផង។ ដើម្បីមានបច្ចេកទេសស្ទាត់ជំនាញសម្រាប់រគូរលើក្រដាស do វិចិត្រករ Vu Thai Binh ត្រូវតែធ្វើការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ ហើយពេលខ្លះក៏បានធ្វើឲ្យលោកនឿយណាយដែរ។ ពេលដែលលោកគូរ លោកឃើញថា ការគូរកាន់តែពិបាក នៅពេលបង្ហាញស្នាដៃ តម្រូវឱ្យសិល្បករប្រមូលផ្តុំអារម្មណ៍ឱ្យបានម៉ត់ចត់។ វិចិត្រករ Vu Thai Binh បានសំណេះ សំណាលថា៖ “គូរលើក្រដាស do គឺពិបាកណាស់។ កាលពីមុន ក្រដាស do ត្រឹមតែជាឯកសារសម្រាប់កត់ត្រាប៉ុណ្ណោះ ក្រោយមកប្រជាជនបានប្រើរូបភាពដែលបានបោះពុម្ពដូចជាផ្ទាំងគំនូរ Hang Trong និង Dong Ho ជាដើម។ ខ្ញុំចង់បានសាច់ក្រដាស do មិនត្រឹមតែដូចមុនទេ ពោលគឺ ត្រូវមានដង្ហើមថ្មីនិងមានការច្នៃប្រឌិតទៀតផង។ ខ្ញុំចង់អោយក្រដាស do ត្រូវបានពង្រីកផង។  ពេលបានគូរលើក្រដាស do នោះ ខ្ញុំមានអារម្មណ៍ពេញចិត្ត អ្វីៗគ្រប់យ៉ាងខ្ញុំបានលាតត្រដាងនៅលើក្រដាស។ ម្យ៉ាងមួយទៀត ខ្ញុំកំពុងគូរគំនូរលើវត្ថុធាតុដើមប្រពៃណី ហើយខ្ញុំចង់រក្សាវប្បធម៌ប្រពៃណីលើសាច់ក្រដាសនេះ”

វិចិត្រករ Vu Thai Binh ជាមួយនឹងចំណង់ចំណូលចិត្តនឹងក្រដាស do - ảnh 2 គំនូរដែលតាំងបង្ហាញក្នុងតាំងពិព័រ នាឆ្នាំ ២០១៨ របស់វិចិត្រករ Vu Thai Binh

វិចិត្រករ Vu Thai Binh បានរកឃើញបច្ចេកទេសនិងភាសារដោយឡែករបស់ក្រដាស do។ សម្រាប់រូបលោក ការគូរលើក្រដាស do មិនចាំបាច់ប្រើដៃធ្ងន់ពេកទេ ត្រឹមតែត្រូវការភាពទន់ភ្លន់ប៉ុណ្ណោះបានហើយ។ ស្នាដៃរបស់លោកតែងតែមានទំហំធំ សម្បូរទៅដោយប្រធានបទដូចជា៖ ទេសភាព មនុស្ស សត្វ និងស្រុកស្រែជាដើម។ ស្ថាបត្យករលោក Doan Van Tuan បានឲ្យដឹងថា៖ “ពេលទស្សនាគំនូររបស់លោក Vu Thai Binh ខ្ញុំបានឃើញថា លោកស្ទើរតែបានរៀបចំយ៉ាងមានវិទ្យាសាស្ត្រតាមលក្ខណៈជាប្រព័ន្ធ។ គំនូររបស់លោក Binh គឺបច្ចេកទេសរួមបញ្ចូលជាមួយសិល្បៈនិងសិល្បៈរួមបញ្ចូលជាមួយបច្ចេកទេស។ កត្តាទាំងពីរដែលលាយបញ្ចូលគ្នាជាមួយវិជ្ជាជីវៈស្ថាបត្យកម្ម ហើយតាមពិតធ្វើឱ្យកត្តាទាំងពីរនេះដំណើរការទន្ទឹមជាមួយគ្នាគឺពិបាកខ្លាំងណាស់។ បើនិយាយរួម បាតុភូតដដែល វត្ថុធាតុដើមដដែល ប៉ុន្តែពេលទស្សនាផ្ទាំងគំនូររបស់លោក Binh អ្នកទស្សនាមានអារម្មណ៍ថា មានភាពបត់បែននិងភាពរស់រវើក”

វិចិត្រករ Vu Thai Binh បានចំណាយពេលជាច្រើនដើម្បីស្រាវជ្រាវនិងសាកពិសោធនូវវិធីផ្សេងៗ លើក្រដាស do។ នៅពេលទស្សនាផ្ទាំងគំនូររបស់វិចិត្រករ Vu  Thai Binh អ្នកទស្សនាតែងតែមានអារម្មណ៍ថា លោកជាអ្នកវិទ្យាសាស្រ្តសិល្បៈព្រោះថា ក្រដាសមានលក្ខណៈស្តើងយ៉ាងនេះ ប៉ុន្តែលោកនៅតែគូរបាននូវគំនូរយ៉ាងល្អិតល្អន់គួរឲ្យចាប់អារម្មណ៍ណាស់។ វិចិត្រករ Minh Phuong បានឲ្យដឹងថា៖ “ដូចអ្នកបានដឹងស្រាប់ ក្រដាស do គឺស្តើងណាស់ ប្រសិនបើយើងមិនស្ទាត់ជំនាញគូរទេ គឺពេលគូរខុសហើយមិនអាចគូរឡើងវិញបានទេ។ មិនត្រឹមតែប៉ុណ្ណោះ យើងគូរធ្ងន់ដៃពេកក៏ធ្វើឲ្យក្រដាសរហែកដែរ។ យ៉ាងណាមិញ គូរលើក្រដាស do គឺស្រស់ស្អាតនិងទុកបានយូរ ពោលគឺ ដល់មានអាយុកាល ៥០ ឆ្នាំគំនូរនៅតែថ្មីដដែល”

ពេលទស្សនាផ្ទាំងគំនូររបស់វិចិត្រករ Vu Thai Binh ទើបឃើញកម្លាំងសិល្បៈរបស់លោកគឺគ្មានដែនកំណត់ឡើយ។ ផ្ទាំងគំនូររបស់លោកហាក់ដូចជា នាំអ្នកទស្សនាទៅដល់កន្លែងរស់នៅសាមញ្ញនិងនាំមកនូវអារម្មណ៍ស្រស់ស្រាយដែលសិល្បករតិចតួចធ្វើបាន។ វិចិត្រករ Vu Thai Binh បានយកគំនូរគូរលើក្រដាស do ឡើងដល់កម្រិតថ្មីមួយ។ ទាំងនេះគឺជាស្នាដៃដែលមិនត្រឹមតែស្រស់ស្អាត ប៉ុណ្ណោះទេ ថែមទាំងបង្គប់នូវជីវភាពប្រចាំថ្ងៃហើយនឹងដូងព្រលឹងរបស់មនុស្សទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ