វត្តអារ៉ាមនៅក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ

(VOVWORLD) - ជនរួមជាតិខ្មែរភាគច្រើនកាន់ព្រះពុទ្ធសាសនាថេរវាទ ដូច្នេះហើយនៅទីណាដែលមានជនរួមជាតិខ្មែររស់នៅច្រើន ទីនោះមានវត្តអារ៉ាមសម្រាប់ឲ្យបងប្អូនអាចមកសូត្រធម៌ និងគោរពបូជាព្រះពុទ្ធបានយ៉ាងងាយស្រួល។ ក្រៅពីជាកន្លែងសម្រាប់ប្រជុំជីវភាពខាងជំនឿសាសនានោះ វត្តខ្មែរក៏ជាកន្លែងជួបប្រាស្រ័យ និងថែរក្សាវប្បធម៌ប្រពៃណីរបស់ជនជាតិផងដែរ។ ដូច្នេះ វត្តអារ៉ាមមានតួនាទីសំខាន់ណាស់ក្នុងជីវភាពវប្បធម៌របស់សហគមន៍ជនជាតិខ្មែរ។


វត្តអារ៉ាមនៅក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរ - ảnh 1ប្រជាពលរដ្ឋនិងពុទ្ធបរិស័ទយ៉ាងច្រើនកុះករបានចូលរួមពិធីសម្ពោធវិមានធំនៃវត្ត Kinh Xang ឃុំ Phong Phu ស្រុក Cau Ke ខេត្ត Tra Vinh នាខែមីនា ឆ្នាំ២០២៤។ (រូបថត៖ VOV)

ជនជាតិខ្មែរមានចំនួនប្រជាជនជាង ១,៣ លាននាក់ ដែលរស់នៅភាគច្រើនក្នុងខេត្តមួយចំនួននៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long។ ថ្វីត្បិតតែរស់នៅលាយឡំជាមួយជនជាតិគិញ ចិន និងចាមក៏ដោយ ក៏ជនជាតិខ្មែរនៅតែរក្សាបាននូវអត្តសញ្ញាណដ៏ពិសេស របស់ជនជាតិខ្លួន។ សម្រាប់ជនជាតិខ្មែរ វត្តគឺកន្លែងដែលបងប្អូនផ្សារភ្ជាប់អស់មួយជីវិត តាំងពីកើតរហូតដល់ពេលលាចាកលោកទៅ។ បើតាមលោកអាចារ ថាច់ ឡេ ប្រធានគណៈគ្រប់គ្រងវត្ត ខឿន ភូមិទី៧ ទីក្រុងត្រាវិញ ខេត្តត្រាវិញ ឲ្យដឹងថា សម្រាប់ជនជាតិខ្មែរ វត្តជាកន្លែងដ៏ពិសិដ្ឋ ជាទីសក្ការៈបូជាព្រះពុទ្ធ ព្រមទាំងជាកន្លែងដែលប្រជាជនផ្ដាំផ្ញើជំនឿជាក់ បំណងប្រាថ្នានិងក្ដីសង្ឃឹមអំពីអនាគត។ បងប្អូនជនជាតិខ្មែរគោរពបូជាព្រះពុទ្ធ និងគោរពព្រះសង្ឃខ្លាំងណាស់។

“ជនជាតិខ្មែរយើង មិនថាអាយុណាទេ ក៏ទៅវត្តដែរ។ ជាឧទាហរណ៍ ពេលទើបសម្រាលកូន ឬពេលដែលទារកគម្រប់មួយខែ មួយឆ្នាំ បងប្អូនសុទ្ធតែប្រគេនចង្ហាន់ទៅវត្ត ដើម្បីបួងសួងសុំឲ្យទារកមានសុខភាពល្អ និងប្រសិទ្ធពរជ័យជាច្រើន។ ពេលធំឡើង យុវជនតែងតែចូលវត្តបួសរៀន។ ឬពេលធំដឹងក្ដី រៀបការ ក្រុមគ្រួសារនឹងនិមន្តព្រះសង្ឃមកសូត្រមន្ត ជូនពរគូស្វាមីភរិយាជួបតែសេចក្តីសុខគ្រប់ប្រការ។ សូម្បីតែពេលស្លាប់ទៅ ក៏និមន្តព្រះសង្ឃសូត្រធម៌ ធ្វើបង្សុកូលឲ្យវិញ្ញាណក្ខ័ន្ធទៅកាន់សខគតិភព... ជាទូទៅសម្រាប់ជនជាតិខ្មែរ ពេលដែលគ្រួសារមានបុណ្យម្ដងៗ គឺសុទ្ធតែទៅវត្តដើម្បីបូជាព្រះពុទ្ធ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃ ដើម្បីបួងសួងសុំសេចក្តីសុខ និងសុភមង្គលក្នុងគ្រួសារ”។

ក្រៅពីជាមជ្ឈមណ្ឌលជំនឿសាសនារបស់ជនជាតិខ្មែរ វត្តក៏ជាមជ្ឈមណ្ឌលវប្បធម៌របស់សហគមន៍ ដែលរៀបចំពិធីបុណ្យទាននានារបស់ភូមិស្រុកទៀតផង។ ជនរួមជាតិខ្មែរមានពិធីបុណ្យធំៗជាច្រើនក្នុងមួយឆ្នាំ ដូចជា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណី បុណ្យសែនដូនតា បុណ្យអកអំបុក បុណ្យចូលព្រះវស្សា បុណ្យកឋិន ជាដើម ហើយពិធីបុណ្យទាំងនេះសុទ្ធតែធ្វើឡើងនៅក្នុងវត្ត។ អាស្រ័យហេតុនេះ ប្រជាជនមានឱកាសជួបប្រាស្រ័យគ្នានិងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យជាច្រើន។

លោក ថាច់ ដា អាចារ្យវត្ត សុវណ្ណនិគ្រោធ ជ្រៃភេ ឃុំ Tan Hung ស្រុក Tieu Can ខេត្តត្រាវិញ ឲ្យដឹងថា វត្តខ្មែរក៏ប្រៀបប្រដូចជាសារមន្ទីរដែលរក្សានូវរាល់តម្លៃសម្ភារៈ និងស្មារតីរបស់ជនជាតិខ្មែរ។ ជាងនេះទៅទៀត វត្តក៏ជាសាលារៀន ជាកន្លែងអប់រំសីលធម៌ របៀបរស់នៅ ដែលបង្រៀនអក្សរជូនកុមារ ដើម្បីរួមចំណែកថែរក្សាវប្បធម៌ ភាសា និងអក្សររបស់ជនជាតិខ្លួន៖

“វត្តខ្មែរ គឺជាកន្លែងដែលរក្សានូវតម្លៃវប្បធម៌រូបី និងអរូបី រួមចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជនជាតិ ដូចជាវត្តជាច្រើន តាំងបង្ហាញរបស់របរប្រើប្រាស់ប្រចាំថ្ងៃឬបង្កើតឡើងវិញនូវភូមិរបរប្រពៃណីរបស់ជនជាតិខ្មែរ រៀបចំវគ្គបង្រៀនពីរបៀបលេងភ្លេងពិណពាទ្យ - ជាទម្រង់សិល្បៈដ៏វិសេសវិសាលរបស់ជនជាតិ។ លើសពីនេះ វត្តអារាមនានាក៏បើកថ្នាក់បង្រៀនអក្សរខ្មែរ និងគម្ពីពុទ្ធសាសនាដល់កុមារ  ជួយឱ្យពួកគេក្លាយជាមនុស្សមានប្រយោជន៍សម្រាប់សង្គម មានការយល់ដឹងច្បាស់អំពីឫសគល់របស់ជនជាតិខ្លួន តាមនោះថែរក្សា ការពារ និងផ្សព្វផ្សាយវប្បធម៌របស់ជនជាតិខ្មែរ”។

ជាកន្លែងប្រមូលផ្តុំសម្រាប់ប្រជុំជីវភាពខាងជំនឿសាសនានិងសហគមន៍ ដូច្នេះវត្តខ្មែរក៏ជាកន្លែងងាយស្រួលសម្រាប់ការឃោសនា ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីគោលការណ៍ណែនាំ គោលនយោបាយ ច្បាប់របស់បក្សនិងរដ្ឋផងដែរ។ ព្រះតេជគុណ យឿង វណ្ណា ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិនៅទីក្រុងត្រាវិញ ខេត្តត្រាវិញ មានពុទ្ធដីការបញ្ជាក់ថា៖

“នៅពេលប្រជុំជីវភាពសាសនាម្ដងៗ ក្រៅពីការផ្សព្វផ្សាយធម៌ ព្រះសង្ឃនិងអាចារ្យ ក៏រួមបញ្ចូលការឃោសនាអំពីគោលជំហរ គោលនយោបាយរបស់រដ្ឋ ព្រមទាំងណែនាំ និងតម្រង់ទិសដល់ប្រជាពលរដ្ឋក្នុងការប្រកបរបររកស៊ី រួមចំណែកអភិវឌ្ឍន៍ស្រុកកំណើតនិងប្រទេសជាតិទៀតផង។ ហើយផ្សព្វផ្សាយគោលនយោបាយថ្មីដល់បងប្អូនជនរួមជាតិ ឬលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនដើម្បីជៀសផុតពីអបិយជំនឿ”។

បច្ចុប្បន្ននៅតំបន់ដីសណ្ដទន្លេ Cuu Long មានវត្តខ្មែរចំនួន ៤៤៦ វត្ត។ វត្តនីមួយៗមានសោភ័ណភាពនិងលក្ខណៈផ្សេងៗគ្នា ប៉ុន្តែសុទ្ធតែបង្កប់នូវគុណតម្លៃខាងវិញ្ញាណ ជំនឿ និងវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិខ្មែរ ដែលស្រូកយកទីតាំងដ៏រឹងមាំនៅក្នុងចិត្តនិងជីវភាពរបស់នៅរបស់ប្រជាជនតាំងពីច្រើនជំនាន់កន្លងមក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ