សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen

(VOVWORLD) - ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ រួមជាមួយនឹងសកម្មភាពលេងកម្សាន្ត កុមារជនជាតិភាគតិចនៅខេត្ត Dak Lak បានចូលរួមក្នុងសកម្មភាពជាច្រើនទៀតដូចជា៖ ការរៀនលេងគងឃ្មោះ រាំរបាំ xoang និងនិពន្ធកំណាព្យ។ បទពិសោធន៍ដ៏គួរឱ្យទាក់ទាញទាំងនេះ ជួយសិស្សានុសិស្សមានវិស្សមកាលរដូវក្តៅដ៏រីករាយ និងមានប្រយោជន៍យ៉ាងពិតប្រាកដ មុនពេលចូលឆ្នាំសិក្សាថ្មី។

សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen - ảnh 1កុមារជំទង់ទៅសិក្សាស្វែងយល់អំពីវប្បធម៌ជនជាតិ Ede។ រូបថត៖ VOV

សម្រាប់កញ្ញា H Da Rin Enuol នៅភូមិ Ale B សង្កាត់ Ea Tam ទីក្រុង Buon Ma Thuot ប៉ុន្មានថ្ងៃវិស្សមកាលរដូវក្តៅ កាន់តែគួរឱ្យចាប់អារម្មណ៍ថែមទៀត នៅពេលដែលនាងបានស្វែងយល់អំពីវប្បធម៌ជនជាតិ Ede តាមរយៈថ្នាក់បង្រៀនរបាំ xoang ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលទំនាក់ទំនង វប្បធម៌និង កីឡាទីក្រុង Buon Ma Thuot។ នៅទីនេះ នាងនិងមិត្តភក្តិរបស់ខ្លួន បានស្វែងយល់អំពីប្រពៃណីពិធីបុណ្យរបស់ជនជាតិ Ede ពិធីសាសនា និងសកម្មភាពដោយប្រើរបាំ xoang។

“ខ្ញុំបានក្រេបយកចំណេះដឹងជាច្រើនបន្ថែមទៀតអំពីវប្បធម៌របស់ជនជាតិខ្លួន។ ខ្ញុំចេះចលនារាំច្រើន ហើយអាចផ្សំមេរៀនពីលោកគ្រូអ្នកគ្រូក្លាយទៅជាក្បាច់របាំជាច្រើន ហើយក៏អាចបង្រៀនដល់ប្អូនៗនៅថ្នាក់ក្រោយផងដែរ។ ពីនោះ នៅក្នុងពិធីបុណ្យ ឬពិធីផ្សេងៗដែលភូមិនិងសង្កាត់រៀបចំ យើងខ្ញុំនឹងសម្ដែងក្បាច់របាំនេះដោយទំនុកចិត្តនៅចំពោះមុខអ្នករាល់គ្នា”។

សកម្មភាពមួយទៀតដែលទាក់ទាញការចូលរួមរបស់កុមារជនជាតិភាគតិចជាច្រើននៅ Dak Lak ជារៀងរាល់វិស្សមកាលរដូវក្តៅនោះ គឺ “ជំរុំបណ្តុះបណ្តាលការនិពន្ធអក្សរសាស្ត្រនិងសិល្បៈ” ដែលរៀបចំដោយសមាគមអក្សរសាស្ត្រសិល្បៈខេត្ត Dak Lak។ មិនត្រឹមតែត្រូវបានអ្នកនិពន្ធ កវី និងវិចិត្រករនានា ណែនាំពីការនិពន្ធប្រភេទអក្សរសិល្ប៍ និងវិចិត្រកម្មផ្សេងៗគ្នាប៉ុណ្ណោះទេ សិស្សានុសិស្សក៏បានស្វែងយល់អំពីវប្បធម៌ព្រៃឈើ និងវប្បធម៌ដំរីនៅឧទ្យានជាតិ Yok Don ទៀតផង។ ប្អូន Be Thi Thu Uyen មកពីឃុំ Ea Hding ស្រុក Cu Mgar បានចែករំលែកថា៖

“យើងខ្ញុំបានចូលរួមសកម្មភាពជាច្រើនដូចជា ការស្វែងយល់អំពីសារមន្ទីរ Ama H'Mai ទៅកាន់ព្រំដែនវៀតណាម-កម្ពុជា ប៉ុស្តិ៍ការពារព្រំដែន Bo Heng និងសកម្មភាពជាច្រើនទៀត។ ក្នុងចំណោមនោះ ខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតចំពោះដំណើរទៅកាន់ប៉ុស្តិ៍ការពារព្រំដែន Bo Heng ហើយបានប៉ះបង្គោលព្រំដែនវៀតណាម-កម្ពុជាដោយផ្ទាល់។ នេះជាលើកទីមួយហើយដែលខ្ញុំទៅកាន់ព្រំដែន ហើយប៉ះបង្គោលព្រំដែន ហើយវាបាននាំមកនូវអារម្មណ៍ដ៏រំភើបចិត្តនិងពិសិដ្ឋណាស់”។

សកម្មភាពវប្បធម៌ដ៏សម្បូរបែបសម្រាប់កុមារជនជាតិភាគតិចនៅតំបន់ Tay Nguyen - ảnh 2សកម្មភាពទទួលយកបទពិសោធន៍ជួយកុមារឱ្យមានវិស្សមកាលដ៏សប្បាយរីករាយនិងមានប្រយោជន៍។ រូបថត៖ VOV

ទោះបីជាពេលវេលាទទួលយកបទពិសោធន៍ មិនយូរពេកក៏ដោយ ប៉ុន្តែកុមារបានបង្ហាញពីការយកចិត្តទុកដាក់និងភាពអន្ទៈសារចំពោះកម្មភាពនីមួយៗ។ ជារៀងរាល់ឆ្នាំ កម្មវិធីតែងតែមានការផ្លាស់ប្តូរ មិនរៀបចំដដែលៗ ដើម្បីឱ្យសិស្សានុសិស្សមានអារម្មណ៍ទាក់ទាញ ថ្មីថ្មោង សូម្បីតែអ្នកដែលបានចូលរួមពីមុនក៏ដោយ។ លោកស្រី Nie Thanh Mai ប្រធានសមាគមអក្សរសាស្រ្តសិល្បៈ ខេត្ត Dak Lak បានវាយតម្លៃថា៖

“យើងខ្ញុំបានឃើញថា សិស្សានុសិស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលស្ដាប់ពូមីងពន្យល់អំពីប្រពៃណីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់បណ្ដាជនជាតិ។ ប្អូនៗទាំងអស់គ្នាបានកត់ចំណាំដោយយកចិត្តទុកដាក់ ចាប់ពីរឿងតូចបំផុតនៃដំណើរកម្សាន្តនីមួយៗ និងការជួបគ្នានីមួយៗ”។

លោក Mai Van Chuyen នៅឃុំ Ea Mdroh ស្រុក Cu Mgar ដែលមានកូនបានចូលរួមពិសោធន៍ បានចាត់ទុកថា សកម្មភាពទាំងនេះបាននាំមកនូវផលវិជ្ជមានជាច្រើន។ នៅពេលត្រឡប់មកផ្ទះវិញបន្ទាប់ពីសកម្មភាព លោកបានរកឃើញថា កូនមានការផ្លាស់ប្តូរច្បាស់លាស់ ដោយកាន់តែសកម្ម ម្ចាស់ការ និងមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់គ្នា។

“ក្នុងអំឡុងពេលចូលរួម និងពេលដែលត្រឡប់មកផ្ទះវិញ ខ្ញុំបានរកឃើញថា កូនមានផ្លាស់ប្តូរជាវិជ្ជមានជាច្រើនក្នុងការនិយាយ និងសកម្មភាពប្រចាំថ្ងៃ ហើយកូនបានយល់ដឹងបន្ថែមទៀតអំពីវប្បធម៌ជនជាតិ។ ដោយសង្កេតមើលការប្រាស្រ័យទាក់ទងជាមួយគណៈកម្មាធិការរៀបចំក្នុងអំឡុងពេលចូលរួម ខ្ញុំឃើញថា គណៈកម្មាធិការរៀបចំ និងលោកគ្រូអ្នកគ្រូ បានផ្តល់ការណែនាំយ៉ាងលម្អិត និងជាក់លាក់ ដូច្នេះមានឥទ្ធិពលវិជ្ជមានដល់ក្មួយៗ។ នោះក៏ជាបទពិសោធន៍ដ៏មានប្រយោជន៍សម្រាប់ក្មួយៗក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ”។

វិស្សមកាលរដូវក្តៅជិតបញ្ចប់ហើយ ប៉ុន្តែសម្រាប់កុមារជនជាតិភាគតិចនៅខេត្ត Dak Lak បទពិសោធន៍វប្បធម៌បានបើកឱកាសដើម្បីស្វែងយល់បន្ថែមអំពីលក្ខណៈពិសេសនិងទាក់ទាញរបស់ជនជាតិខ្លួន។ អាស្រ័យហេតុនេះ ពូនជ្រុំសេចក្ដីស្រឡាញ់របស់ប្អូនៗចំពោះវប្បធម៌ ដើម្បីឱ្យវិស្សមកាលរដូវក្តៅកាន់តែគួរឱ្យចាប់អារម្មណ៍និងមានប្រយោជន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ