សញ្ញាសម្គាល់នៃស្នាដៃអក្សរសាស្ត្រសិល្បៈ បានទទួលរង្វាន់ហូជីមិញ រង្វាន់រដ្ឋ
(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានរៀបចំពិធីប្រគល់រង្វាន់ហូជីមិញ រង្វាន់រដ្ឋផ្នែកអក្សរសាស្ត្រសិល្បៈឆ្នាំ ២០២២ ជូនអ្នកនិពន្ធ និងសហអ្នកនិពន្ធចំនួន ១២៨ នាក់។ ស្នាដៃអក្សរសិល្ប៍ និងសិល្បៈមួយចំនួនដែលបានទទួលរង្វាន់លើកនេះ មានលក្ខណៈល្អពិសេស មានតម្លៃអក្សរសាស្ត្រសិល្បៈខ្ពស់ ដែលបន្សល់ទុកនូវសញ្ញាសម្គាល់ក្នុងអារម្មណ៍របស់សាធារណជន។
អ្នកនិពន្ធនិងសហអ្នកនិពន្ធបានទទួលរង្វាន់ហូជីមិញសម្រាប់អក្សរសាស្ត្រសិល្បៈ (រូបថត៖ VOV) |
នៅឆ្នាំនេះ រង្វាន់ហូជីមិញ រង្វាន់រដ្ឋផ្នែកអក្សរសាស្ត្រសិល្បៈបានទៅលើអ្នកនិពន្ធ និងសហអ្នកនិពន្ធចំនួន ១២៨ នាក់ ហើយក្នុងវិស័យថតរូប អ្នកថតរូប Chu Chi Thanh ទទួលរង្វាន់ហូជីមិញសម្រាប់ឈុតរូបថតចំនួន ៤ សន្លឹក ដែលមានចំណងជើងថា "យុទ្ធជនពីរនាក់" ដែលថតក្នុងឆ្នាំ ១៩៧៣។ ក្នុងនាមជាអតីតអ្នកយកព័ត៌មាននៅសមរភូមិម្នាក់នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកមានរូបថតជាច្រើនសន្លឹក លើប្រធានបទ សង្គ្រាមបដិវត្តន៍។ ដោយរំលឹកពីប្រវត្តិបង្កើតឡើងឈុតរូបថត អ្នកថតរូប Chu Chi Thanh មិនអាចបំភ្លេចបានប៉ុន្មានឆ្នាំដែលលោកបានចំណាយពេលជាមួយមិត្តរួមក្រុមនៅឯសមរភូមិ។
“នៅពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសហៀបនឹងបានចុះហត្ថលេខា ខ្ញុំនិងលោក Tran Mai Huong ត្រូវបានអង្គភាពបញ្ជូនទៅកាន់សមរភូមិ។ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ព្រោះខ្ញុំបានឃើញទិដ្ឋភាពដែលកងទ័ពលោកអ៊ំហូ និងទាហានសាធារណរដ្ឋ "លេង" ជាមួយគ្នា។ ពួកគេសប្បាយចិត្តណាស់ដែលបានចាប់ដៃគ្នាអោបគ្នា ខ្ញុំចង់រក្សាបានទិដ្ឋភាពនោះ។ ខ្ញុំមានទស្សនៈបែបនោះ គឺអរគុណដល់គ្រួសារខ្ញុំ អរគុណដល់សាកលវិទ្យាល័យដែលបានផ្តល់ឱ្យខ្ញុំនូវទស្សនៈមនុស្សធម៌រវាងមនុស្សនិងមនុស្ស។ ជាពិសេស នៅពេលដែលខ្ញុំឃើញថា ទាហានសាធារណរដ្ឋកំពុងរាប់អានជាមួយកងទ័ពលោកអ៊ំហូ ខ្ញុំកាន់តែយល់ថា ពួកគេក៏ចង់បានសន្តិភាពខ្លាំងណាស់។ រូបថតនេះ ត្រូវបានចាត់ទុកថា ជាឯកសារដ៏មានសារសំខាន់ណាស់"។
របាំក៏ត្រូវបានបក្ស និងរដ្ឋទទួលស្គាល់ចំពោះការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងភាពស្រស់ស្អាតនៃព្រលឹងមនុស្ស។ ក្នុងនោះ សាស្ត្រាចារ្យរង បណ្ឌិត សិល្បករប្រជាជន Ung Duy Thinh (សហអ្នកនិពន្ធ) បានទទួលរង្វាន់ហូជីមិញ សម្រាប់ស្នាដៃរឿងល្ខោនរបាំ៖ “ប្រទេសជាតិ”; "អណ្តាតភ្លើង" និងគម្រោងស្រាវជ្រាវ "ផ្លូវប្រជាប្រិយឆ្ពោះទៅរកការបង្កើតរបាំអាជីព"។ សិល្បករប្រជាជន Ung Duy Thinh បានឲ្យដឹងថា៖ “ស្នាដៃរឿងល្ខោនរបាំ “ប្រទេសជាតិ” ពិតជាពិសេស។ នេះជារឿងល្ខោនដ៏វែងមួយដែលរៀបរាប់អំពីដំណើរទាំងមូលដើម្បីរំដោះប្រទេសជាតិរបស់កងទ័ពនិងប្រជាជនយើង។ ក្នុងនោះ ខ្ញុំបានបង្ហាញរឿងជាច្រើនអំពីជោគវាសនារបស់យុទ្ធជននៅសមរភូមិជួរមុខ និងជោគវាសនារបស់ប្រជាជននៅសមរភូមិខាងក្រោយ។ មូលដ្ឋានគ្រឹះនៃជោគវាសនាទាំងនោះគឺជាសេចក្តីស្រឡាញ់។ យុទ្ធជនដែលបានសម្រេចជោគជ័យ គឺដោយសារពួគគេទទួលបានសេចក្តីស្រឡាញ់ពីប្រជាជននៅសមរភូមិក្រោយ"។
តន្ត្រីករ Dinh Trung Can (រូបថត៖ toquoc.vn) |
ផ្នែកតន្ត្រីលេចធ្លោគឺបទចម្រៀង "មាតុភូមិដង្ហោយហៅឈ្មោះរបស់អ្នក" តន្ត្រីរបស់ Dinh Trung Can និងកំណាព្យរបស់ Nguyen Phan Que Mai។ នេះជាស្នាដៃមួយដែលទទួលបានរង្វាន់រដ្ឋ។ តន្ត្រីករ Dinh Trung Can រំជួលចិត្តរំនឹកដល់ពេលដែលបទចម្រៀងនេះត្រូវបានបង្កើតចេញ៖ “ស្នាដៃនេះបានបង្កើតចេញ ខណៈពេលដែល ស្ថានភាពនៃមាតុភូមិនៅសមុទ្រខាងកើត មានប្រែប្រួលយ៉ាងស្មុគស្មាញ។ បទ ចម្រៀងនេះ ប្រៀបបីដូចជាបទមនោសញ្ចេតនាដ៏រឹងមាំ ប្រៀបដូចជាឥទ្ធិពល ដូមីណូ ពីអ្នកចម្រៀងអាជីព រហូតដល់អ្នកមិនអាជីព ពីជនជាតិវៀតណាមក្នុងប្រទេស រហូតដល់ជនជាតិវៀតណាមនៅក្រៅប្រទេស ពីវាលទំនាបរហូតដល់កោះ និងព្រំប្រទល់ សុទ្ធតែបំផុសមោទនភាពអំពីប្រទេសជាតិមាតុភូមិ។ សម្រាប់សិល្បករម្នាក់ នេះជាសញ្ញាសម្គាល់ដ៏ធំមួយក្នុងជីវិតនិពន្ធរបស់ខ្លួន។ សញ្ញាសម្គាល់នោះបន្តលើកទឹកចិត្តឲ្យខ្ញុំនិពន្ធឡើងស្នាដៃជាច្រើនថែមទៀត បម្រើប្រទេសជាតិមាតុភូមិរបស់ខ្លួន។ ពោលគឺ អ្នកអក្សរសាស្ត្រសិល្បៈក៏ដូចជាយុទ្ធជនម្នាក់អញ្ជឹង”។
ក្នុងវិស័យអក្សរសាស្ត្រ រង្វាន់រដ្ឋឆ្នាំនេះបានប្រគល់ជូនអ្នកនិពន្ធ និងកវីចំនួន៩រូប។ ប្រសិនបើអ្នកនិពន្ធ Nguyen Trong Bao ត្រូវបានបក្សនិងរដ្ឋទទួលស្គាល់ចំពោះប្រលោមលោក “Thuong Duc” នោះ អ្នកនិពន្ធ Nguyen Van Tho ត្រូវបានទទួលស្គាល់ចំពោះប្រលោមលោក “Quyen” ដែលឆ្លុះបញ្ចាំងលើប្រធានបទការធ្វើចំណាកស្រុក។ ជាថ្មីម្តងទៀត អ្នកនិពន្ធ Nguyen Van Tho បានផ្ញើសារក្នុងស្នាដៃដូច្នេះ៖
“ជីវិតជនវៀតណាមឃ្លាតឆ្ងាយពីស្រុកកំណើត សុទ្ធតែទទួលបានការចាប់អារម្មណ៍ពីមនុស្សគ្រប់រូប។ បើនិយាយពីបញ្ហាចំណាកស្រុកវិញ ពេលចាកចេញពីមាតុភូមិ ជនជាតិវៀតណាមមានចំណុចខ្លាំង និងចំណុចខ្សោយ ហើយបង្ហាញភាពខ្វះខាតពេលនៅឆ្ងាយពីវប្បធម៌ដើម។ ប្រលោមលោក "Quyen" ឆ្លុះបញ្ចាំងពីជីវិតរបស់មនុស្សរាប់ម៉ឺននាក់ដែលប្រកបអាជីវកម្មនៅឆ្ងាយពីផ្ទះ។ សុភមង្គលមិនមែនថា យើងអាចទៅទីនេះទៅទីនោះ រស់នៅ និងសិក្សាក្នុងប្រទេសស៊ីវិល័យនោះទេ។ ប៉ុន្តែសុភមង្គលគឺត្រូវខិតខំធ្វើការរួមចំណែកដ៏មានន័យសម្រាប់ប្រទេសជាតិមាតុភូមិ នោះហើយជាតម្លៃពិតនៃជីវិតរបស់មនុស្សម្នាក់ៗ”។
ស្នាដៃនីមួយៗដែលត្រូវបានប្រគល់រង្វាន់ហូជីមិញរង្វាន់រដ្ឋសម្រាប់អក្សរសាស្ត្រសិល្បៈមានភាពសម្បូរបែបនៃប្រធានបទ និងរបៀបនៃការបញ្ចេញមតិ រួមចំណែកដោយផ្ទាល់ក្នុងការជំរុញ និងលើកកំពស់គុណភាពរបស់ប្រជាពលរដ្ឋ ផលិតផល និងសេវាកម្មរបស់ប្រជាជនវៀតណាមក្នុងយុគសម័យថ្មី។ ពីនោះមក ផ្សព្វផ្សាយ និងលើកតម្កើងតម្លៃល្អ ដាស់ស្មារតីសុទិដ្ឋិនិយម មោទនភាពជាតិ រួមចំណែកលើកតម្កើងកម្លាំងនៃវប្បធម៌ និងប្រជាជនវៀតណាម។ នាំរូបភាពប្រទេស និងប្រជាជនវៀតណាមទៅកាន់ពិភពលោក។
ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តស្តាប់បទចម្រៀង “មាតុភូមិដង្ហោយហៅឈ្មោះរបស់អ្នក” តន្ត្រី Dinh Trung Can កំណាព្យរបស់ Nguyen Phan Que Mai - ស្នាដៃទទួលបានរង្វាន់រដ្ឋ សម្តែងដោយតារាចម្រៀង Trong Tan៕