ស្តារល្បែងប្រជាប្រិយឡើងវិញនៅក្នុងជីវភាពសម័យទំនើបរបស់កុមារ

(VOVWORLD) -  នៅក្នុងលំនឹកអំពីអនុស្សាវរីយ៍កុមារភាពរបស់ប្រជាជន វៀត ណាមជាច្រើនជំនាន់ ល្បែងប្រជាប្រិយគឺជាផ្នែកសំខាន់មួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅទាំងខាងវប្បធម៌និងខាងស្មារតី។ ប៉ុន្តែយោងទៅតាមនិន្នាការនៃការអភិវឌ្ឍសង្គមបច្ចុប្បន្ន ល្បែងប្រជាប្រិយកំពុងសាបសូន្យបន្តិចម្តងៗ។ ហេតុដូច្នេះ ការស្តារល្បែងប្រជាប្រិយក្នុងជីវភាពសម័យទំនើបរបស់កុមារនោះ ក្រៅពីការចូលរួមពីស្ថាប័នមានសមត្ថកិច្ចមក ក៏ត្រូវមានសហការណ៍ពីសហ គមន៍ទៀតផងដែរ។

ស្តារល្បែងប្រជាប្រិយឡើងវិញនៅក្នុងជីវភាពសម័យទំនើបរបស់កុមារ - ảnh 1ទិដ្ឋភាពលេងល្បែងប្រជាប្រិយនៅជុំវិញបឹង Guom នៃទីក្រុងហាណូយ

ល្បែងប្រជាប្រិយកើតមានឡើង ពីការធ្វើពលកម្ម និងពីជីវភាពជំនឿសាសនារបស់មនុស្ស។ វៀតណាមមានក្រុមជនជាតិចំនួន ៥៤ ដែលក្រុមនីមួយៗ តែងតែមានល្បែងប្រជាប្រិយដោយឡែករបស់ខ្លួន។ ល្បែងប្រជា ប្រិយរបស់ជនជាតិ Kinh គឺសម្បូរបែបណាស់ ដូចជា ល្បែងលោតអន្ទាក់ ល្បែងបិទភ្នែកចាប់ ពពែ (មានលក្ខណៈដូចទៅនឹងល្បែង រាវបង្កង ឬល្បែងអាខ្វាក់ អាខ្វិនរបស់ខ្មែរយើង) និងល្បែងទាញព្រ័ត្រជាដើម។ សម្រាប់ជនជាតិភាគតិច ក៏មានល្បែងប្រជាប្រិយប្លែកៗ និងគួរឱ្យចាប់អារម្មណ៍ផងដែរ ដូចជា៖ របាំ Xoe, បុកនំ day,  ល្បែង ចោលឈូង, បាញ់ធ្នូ, ល្បែងទាញព្រ័ត្រ និងដើរជើងទោមជាដើម។ ល្បែងទាំងអស់នេះ បានបង្កើតទៅជាលក្ខណៈល្អប្រពៃ ជាពិសេសតែងតែបានប្រព្រឹត្តទៅក្នុងអំឡុងពេលមានពិធីបុណ្យទាន។ ល្បែងប្រជាប្រិយបានបង្កប់នូវការពង្រឹងស្មារតី ភាពឆ្លាតវៃ មានតម្លៃសោភ័ណភាពខ្ពស់ ព្រមទាំងលើកកម្ពស់លក្ខណៈ សហគមន៍ ទាក់ទាញមនុស្សគ្រប់រូបចូលរួមដោយរីករាយ។

ល្បែងប្រជាប្រិយត្រូវបានបែងចែកជាពីរប្រភេទ គឺល្បែងប្រជាប្រិយក្នុងពិធីបុណ្យទាននិងល្បែងប្រជាប្រិយសម្រាប់កុមារ។ ក្នុងនោះ ល្បែងប្រជាប្រិយសម្រាប់កុមារ មានភាពខុសគ្នាច្រើនបើប្រៀបធៀបទៅនឹងល្បែងនៅក្នុងពិធីបុណ្យទាន។ ប្រសិនបើនៅក្នុងពិធីបុណ្យទានល្បែងតែងតែបង្គប់នូវអត្ថន័យទាក់ទងនឹងរឿងព្រេងនិទាននិងពង្សាវលីឯណោះ ប៉ុន្តែល្បែងសម្រាប់កុមារវិញគឺតែងតែមានជាការលេងកម្សាន្តប៉ុណ្ណោះ។ ប្អូន Nguyen Nhu Bao Uyen ជាសិស្សនៅអនុវិទ្យាល័យ Dong Da នៃទីក្រុងហាណូយបានឲ្យដឹងថា៖ “ខ្ញុំពិតជាចូលចិត្តលេងល្បែងប្រជាប្រិយរបស់ប្រជាជនវៀតណាម ដូចជា លោតអន្ទាក់ លេងសី និងល្បែង ចោលឈូង ។ល។ ពេលលេងល្បែងទាំងនេះ ខ្ញុំមានអារម្មណ៍ស្រស់ស្រាយ។  ក្រោយពីហត់នឿយពីការសិក្សា យើងអាចកំសាន្ដសប្បាយជាមួយនឹងល្បែងគឺល្អណាស់”។

ស្តារល្បែងប្រជាប្រិយឡើងវិញនៅក្នុងជីវភាពសម័យទំនើបរបស់កុមារ - ảnh 2 ប្អូនកុមាររីករាយជាមួយល្បែងទាញព្រ័ត្រ

ដោយសារតែធម្មជាតិនៃល្បែងប្រជាប្រិយគឺត្រូវបានគេមរតកតាមបែបបង្រៀនផ្ទាល់ បង្រៀនផ្ទាល់មាត់ ដែលធ្វើឲ្យល្បែងប្រជាប្រិយជៀសមិនផុតពីការសាបសូន្យក្នុងសម័យទំនើបនោះឡើយ។ ម៉្យាងទៀត នៅក្នុងបរិបទនៃការធ្វើនគរូបនីយកម្មខ្លាំងរួមជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដែលធ្វើឲ្យបាត់បង់លំនាំល្បែងប្រជាប្រិយជាបណ្តើរៗ ហើយជំនួសដោយល្បែងអេឡិចត្រូនិចវិញ។ យ៉ាងណា មិញ មានកុមារមួយចំនួនហាក់ដូចជាមិនត្រឹមតែជាការនិយមចូលចិត្តទេ ថែមទាំងញៀនល្បែងកំសាន្តលើបណ្តាញអ៊ិនធឺណែតតែម្តង។  ហេតុដូច្នេះ ការស្តារល្បែងប្រជាប្រិយត្រូវតែជាការជ្រើសរើសឲ្យមត់ចត់ ពោលគឺគួរតែជ្រើសរើសល្បែងមានលក្ខណៈប្រវត្តិសាស្ត្រ បង្គប់លក្ខណៈអប់រំ ពោរពេញទៅដោយវប្បធម៍និងសោភ័ណដើម្បីឈានដល់ការលុបបំបាត់ល្បែងអសុវត្ថភាព សំដៅឆ្ពោះទៅគោលដៅអប់រំសីលធម៌និងលើកកម្ពស់ស្មារតីមោទនភាពជនជាតិក្នុងមនុស្សម្នាក់ៗ។

បណ្ឌិត Tran Huu Son អនុប្រធានសមាគមសិល្បៈប្រជាប្រិយវៀតណាមបានឲ្យដឹងថា៖ “ប្រសិនបើចង់ឲ្យល្បែងប្រជាប្រិយគងវង្សជារៀងរហូត យើងត្រូវមានដំណោះស្រាយជាច្រើន។  យើងគួរតែណែនាំល្បែងប្រជា ប្រិយទៅក្នុងគ្រួសារ។ ពោលគឺ ឪពុកម្តាយត្រូវចំណាយពេលបន្តិចបន្តូចដើម្បីបង្រៀនឲ្យកូនៗចេះលេងល្បែងប្រជាប្រិយក៏ដូចជាឆ្លៀតពេលលេងជាមួយកូនៗផង។ យើងដឹងថា ល្បែងប្រជាប្រិយគឺជាល្បែងដោយសហ គមន៍ទាំងមូលច្នៃប្រឌិត និងផ្ទេប្រគល់ពីមួយជំនាន់ទៅមួយជំនាន់។ សូម្បីតែហ្គេមអេឡិចត្រូនិចក៏ត្រូវបានមនុស្សច្នៃប្រឌិតហើយផ្សព្វផ្សាយទៅកាន់សហគមន៍ ហើយសហគមន៍នីមួយៗបន្ថែមគំនិតមួយ ទំនង ជានឹងក្លាយជាល្បែងប្រជាប្រិយមួយដែរ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ល្បែងប្រជាប្រិយត្រូវបានស្តារឡើងវិញ តាមរយៈពិធីបុណ្យទាន និងនាំយកទៅក្នុងស្ថាប័នវប្បធម៌ ដូចជា សារមន្ទីរ ផ្ទះវប្បធម៌ ផ្ទះកុមារ និងក្លឹបកំសាន្តជាដើម។ នៅក្នុងពិធីបុណ្យវប្បធម៌តាមទីសាធារណៈ ល្បែងប្រជាប្រិយកំពុងលេចឡើងកាន់តែច្រើនឡើងៗ ដែលទាក់ទាញអ្នកលេងច្រើន ជាពិសេសក្មេងៗ។ សាលារៀនក៏ត្រូវបានលើកទឹកចិត្តឱ្យរៀបចំសកម្មភាពក្រៅម៉ោងសិក្សា ដោយល្បែងប្រ ជាប្រិយមានលក្ខណៈអប់រំប្រពៃណី។ លើសពីនេះទៅទៀត មានអ្នកផលិតខ្លះបានផលិតប្រដាប់ប្រដាប្រពៃ ណីសម្រាប់ក្មេងៗ ជំនួសការនាំចូលប្រដាប់លេងសម្រាប់កុមារពីបរទេស។ ល្បែងប្រជាប្រិយជួយបំប៉ន់សុខភាពភាព បណ្តុះចំណេះដឹង និងអប់រំសេចក្តីស្នេហាជាតិ។

តាមបណ្តោយប្រវត្ដិសាស្ដ្ររបស់ប្រទេសជាតិ ល្បែងប្រជាប្រិយជាប្រពៃណីបង្កើតសម្រស់ដ៏ជ្រាលជ្រៅនៃផ្នត់វប្បធម៌របស់ប្រជាជាតិវៀតណាម។ នៅពេលមនុស្សធំឡើងល្បែងប្រជាប្រិយគឺជាការចងចាំ ដែលទាក់ទងនឹងកុមារភាពដ៍ល្អស្រស់បរិសុទ្ធ។  ការថែរក្សានិងលើកកម្ពស់តម្លៃនៃល្បែងប្រជាប្រិយគឺជាការងារសំខាន់របស់ផ្នែកវប្បធម៌និងសង្គមទាំងមូល។ នៅពេលដែលល្បែងប្រជាប្រិយត្រូវបានរៀបចំជាទៀងទាត់សម្រស់វប្បធម៌ប្រពៃណីរបស់ប្រទេសជាតិនឹងមិនបាត់បង់ហើយលិចលង់ចូលអតីតកាលជាដាច់ខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ