ស្ថាបត្យករ Tran Thi Thanh Thuy - អ្នកថែរក្សារសម្រស់ទីក្រុងហាណូយតាមរយៈស្នាមគំនូរ
(VOVWORLD) -
វិចិត្រករនិងជាស្ថាបត្យករ Tran Thi Thanh Thuy គឺជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកនៃក្រុម “គូរគំនូរអំពីទីក្រុងហាណូយ”។ ជាប្រធានក្រុមនៃ “គូរគំនូរអំពីទីក្រុងហាណូយ” ស្ថាបត្យករ Tran Thi Thanh Thuy និងសមាជិកក្រុមបានបង្កើតគំនូរព្រាងរាប់ពាន់ផ្ទាំងអំពីហាណូយ ដែលរួមចំណែកក្នុងការអភិរក្សសម្រស់បេតិកភ័ណ្ឌរបស់រដ្ឋធានីនិងប្រជាជនទីក្រុងហាណូយផងដែរ។
វិចិត្រករនិងជាស្ថាបត្យករ Tran Thi Thanh Thuy គឺជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកនៃក្រុម “គូរគំនូរអំពីទីក្រុងហាណូយ”។ ជាប្រធានក្រុមនៃ “គូរគំនូរអំពីទីក្រុងហាណូយ” ស្ថាបត្យករ Tran Thi Thanh Thuy និងសមាជិកក្រុមបានបង្កើតគំនូរព្រាងរាប់ពាន់ផ្ទាំងអំពីហាណូយ ដែលរួមចំណែកក្នុងការអភិរក្សសម្រស់បេតិកភ័ណ្ឌរបស់រដ្ឋធានីនិងប្រជាជនទីក្រុងហាណូយផងដែរ។
វិចិត្រករ ស្ថាបត្យករ Tran Thi Thanh Thuy (រូបថត៖ hanoimoi.com.vn) |
វិចិត្រករនិងជាស្ថាបត្យករ Tran Thi Thanh Thuy កើតនៅឆ្នាំ ១៩៧៥ ហើយលោកស្រីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយក្នុងឆ្នាំ ១៩៩៧។ បច្ចុប្បន្នលោកស្រីជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយ។ ក្រុម “គូរគំនូរព្រាងអំពីទីក្រុងហាណូយ” ត្រូវបានបង្កើតឡើងនៅខែកញ្ញាឆ្នាំ ២០១៦, ដើមឡើយមានសមាជិកតែ ៤ នាក់ប៉ុណ្ណោះ គឺលោកស្រី Tran Thi Thanh Thuy, លោក Dinh Hai, លោក Chu Quoc Binh និងលោកNguyen Hoang Lam។ រហូតមកដល់ឥឡូវនេះ ក្រុមបានទាក់ទាញសមាជិកជាង ៥.០០០ នាក់ ដែលស្ថិតក្នុងគ្រប់សមាសភាពសង្គមនិងគ្រប់វ័យអាយុទាំងអស់រស់នៅទីក្រុងហាណូយ សូម្បីតែជនបរទេសក៏បានចូលរួមផងដែរ។ ដោយបានកើតនិងធំដឹងក្តីនៅទីក្រុងហាណូយ សេចក្តីស្រឡាញ់ចំពោះទឹកដីនៃអរិយធម៌រាប់ពាន់ឆ្នាំនេះតែងតែឌិតជាប់ក្នុងបះដូងរបស់វិចិត្រករ ស្ថាបត្យករ Tran Thi Thanh Thuy ជានិច្ច។
“នៅពេលដែលខ្ញុំកំពុងបំពេញលំហាត់នៅសាកលវិទ្យាល័យឆ្នាំទី ១ នោះគឺខ្ញុំបានគូរគំនូរព្រាងនូវវិថីបុរាណហាណូយ ហើយស្រាប់តែខ្ញុំគិតឡើងវិញអំពីការអភិរក្សទីក្រុងដែលខ្លួនកំពុងរស់នៅ។ នៅពេលដែលយើងបង្កើតក្រុមដំបូង យើងបានគូរនិងចែករំលែកនៅលើហ្វេសប៊ុកដើម្បីចង់ទាក់ទាញមនុស្សឱ្យមកគូរ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់ត្រង់ថា នៅពេលដែលយើងទៅគូរតាមដងផ្លូវមានមនុស្សសាមញ្ញជាច្រើនសុំចូលរួមជាមួយក្រុម។ ពួកគេមិនមែនជាវិចិត្រករឬស្ថាបត្យករនោះទេ ប៉ុន្តែពួកគេមានសេចក្តីស្រឡាញ់ចំពោះទីក្រុងហាណូយ។ យូរៗទៅ ប្រជាជនជាច្រើននាក់ កាន់តែមានទំនុកចិត្តនិងមានបំណងបង្ហាញគំនូររបស់ខ្លួនតាមគំនិតរបស់ពួគគេ។ ក្រុមគំនូរព្រាងអំពីទីក្រុងហាណូយទាក់ទាញអ្នកចូលរួមមួយចំនួនធំមកពីវិស័យផ្សេងៗគ្នានៃសង្គម ពោលគឺ ពីកុមារ និស្សិត បុគ្គលិកការិយាល័យទៅដល់មនុស្សចាស់ផងដែរ”។
ជារៀងរាល់ចុងសប្តាហ៍ សមាជិកនៃក្រុម “គំនូរព្រាងអំពីទីក្រុងហាណូយ” បានជួបគ្នានៅទីតាំងមួយក្នុងទីក្រុងហាណូយ ហើយគូររូបគំនូរអំពីវិមានល្បីៗ ទេសភាព ឬទីក្រុងចាស់ និងវីឡាបារាំងជាដើម។ មកដល់កន្លែងណា គឺក្រុមមានអ្នកសូមចូលរួមនៅទីនោះ។ ការគូសវាសគឺជាវិធីគូររហ័សដែលទាមទារឱ្យវិចិត្រករមានបច្ចេកទេសល្អ បង្ហាញឱ្យបានរហ័សនូវអ្វីដែលពួកគេចង់បង្ហាញក្នុងរូបគំនូរ។ វគ្គគំនូរចុងសប្តាហ៍បែបនេះក៏ជាការបន្ធូរអារម្មណ៍ ផ្លាស់ប្តូរបទពិសោធន៍និងរៀនសូត្រពីគ្នាទៅវិញទៅមកផងដែរ។ សម្រាប់ប្អូន Nguyen An Duy នេះគឺជាឱកាសដើម្បីជួយប្អូនបង្ហាញពីទេពកោសល្យខាងគូរគំនូររបស់ខ្លួន៖ “ពេលចូលរួមគូររូបនៅចុងសប្តាហ៍ ខ្ញុំអាចរក្សាបានសម្រស់នៃទីក្រុងហាណូយចាស់។ ពីនោះមក ខ្ញុំកាន់តែស្រឡាញ់ទីក្រុងហាណូយជាង”។
វិចិត្រករ ស្ថាបត្យករ Tran Thi Thanh Thuy តែងតែលើកទឹកចិត្តនិងបំផុសគំនិតសម្រាប់សមាជិកក្នុងក្រុម។ ក្រៅពីការគូរនិងចែករំលែកគំនិតនិងកង្វល់នៅលើបណ្តាញសង្គមលោកស្រីថែមទាំងរៀបចំឲ្យសមាជិកក្នុងក្រុមជួបប្រាស្រ័យនិងផ្លាស់ប្តូរនៅអគារបុរាណទីតាំងបេតិកភណ្ឌវប្បធម៌ហាណូយទៀតផង។ ក្តីស្រឡាញ់ចំពោះទីក្រុងហាណូយរបស់លោកស្រី Tran Thi Thanh Thuy បានបំផុសគំនិតដល់មនុស្សជាច្រើនដែលគ្មានទេពកោសល្យក្នុងការគូររូប ប៉ុន្តែនៅតែចូលរួមជាមួយក្រុមផងដែរ។ លោកស្រី Le An Bich Ha សមាជិកមួយរូបនៃ “ក្រុមគូរគំនូរព្រាងអំពីហាណូយ” បានសំណេះសំណាលថា៖ “បានសេពគប់និងធ្វើការជាមួយលោកស្រី Tran Thi Thanh Thuy ខ្ញុំឃើញថា លោកស្រីមានភាពរីករាយនិងបំផុសគំនិតដល់មនុស្សជាច្រើន។ ភាពរីករាយដែលរីកសាយភាយរបស់លោកស្រីបានទាក់ទាញអ្នកចូលរួមនិងអ្នកជក់ចិត្តឌិតអារម្មណ៍ជាច្រើន។ ប្រសិនបើ បានជួបគ្នាជារៀងរាល់ចុងសប្តាហ៍ ដើម្បីគូររូបគឺបង្ហាញពីការចែករំលែកនូវចំណង់ចំណូលចិត្តដូចគ្នានេះ អាចនិយាយបានថា ឥទ្ធិពល នៃការសាយភាយរបស់លោកស្រី Thuy គឺល្អខ្លាំងណាស់ បានបង្ហាត់ភ្លើងនៃការជក់ចិត្តមនុស្សគ្រប់គ្នា”។
សៀវភៅ "ចំណាប់អារម្មណ៍ទីក្រុងហាណូយ - ពីគំនូរព្រាងនៃស្នាដៃសំណអ់សម័យបារាំង" (រូបថត៖ danviet.vn) |
មិនត្រឹមតែរីកសាយភាយសេចក្តីស្រឡាញ់ហាណូយទៅកាន់មនុស្សជាច្រើនប៉ុណ្ណោះទេ លោកស្រី Tran Thi Thanh Thuy ថែមទាំងធ្វើជាស្ពានតភ្ជាប់រវាងទីក្រុងហាណូយជាមួយមិត្តភក្តិអន្តរជាតិ។ ក្រុម “គូរគំនូរព្រាងអំពីទីក្រុងហាណូយ” បានចូលរួមព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សមាគមគំនូរអាស៊ីដែលរៀបចំឡើងនៅប្រទេសថៃ (២០១៦) ម៉ាឡេស៊ី (២០១៧) តៃវ៉ាន់ (ចិន) (២០១៨)។ ក្រុម “គំនូរព្រាងអំពីទីក្រុងហាណូយ” ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាសមាជិកនៃអង្គការគំនូរពិភពលោក។ និយាយអំពីមិត្តរួមការងាររបស់ខ្លួនលោក Trinh Ngoc Lien សាស្ត្រាចារ្យនៅសាកលវិទ្យាល័យស្ថាបត្យកម្មហាណូយបានចែករំលែកថា៖ “លោកស្រី Thuy ស្រឡាញ់ហាណូយខ្លាំងណាស់ ហើយលោកស្រីបានលះបង់អស់ពីដួងចិត្តនិងសេចក្តីស្រឡាញ់របស់ខ្លួនចំពោះហាណូយ។ លោកស្រី Thuy ពិតជាជក់ចិត្តនឹងការគូរអំពីប្រជាជនហាណូយ សំណេះសំណាលនិងប្រាប់មនុស្សនៅតាមផ្លូវអំពីទីក្រុងហាណូយ។ នៅក្នុងគំនូរព្រាងរបស់ Thuy មានរឿងរ៉ាវជាច្រើនអំពីវិថីសិល្បៈមិនត្រឹមតែតាមរយៈគំនូរព្រាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរឿងរ៉ាវអំពីការស្វែងយល់និងអារម្មណ៍អំពីទីក្រុងហាណូយទៀតផង។ ផ្ទាំងគំនូររបស់លោកស្រី Thuy មានខ្លឹមសារស៊ីជម្រៅនិងរស់រវើកជាមួយនឹងទស្សនៈផ្សេងគ្នាអំពីទីក្រុងហាណូយ”។
វិចិត្រករ ស្ថាបត្យករ Tran Thi Thanh Thuy រួមជាមួយក្រុមរបស់ខ្លួនបានណែនាំទីក្រុងហាណូយទៅកាន់សហគមន៍ពិភពលោកនៃអ្នកចូលចិត្តគំនូរព្រាង ដោយលើកកម្ពស់ភាពស្រស់ស្អាតនៃរដ្ឋធានីហាណូយ។ មិត្តភក្តិអន្តរជាតិជាច្រើននៅពេលឃើញរូបគំនូរអំពីហាណូយរបស់នាង បានមកប្រទេសវៀតណាមដើម្បីធ្វើដំណើរស្វែងយល់ទីក្រុងហាណូយ និងស្វែងយល់ពីភាពស្រស់ស្អាតរបស់ប្រទេសនិងប្រជាជនវៀតណាម។ ជារៀងរាល់ថ្ងៃ វិចិត្រករ ស្ថាបត្យករ Tran Thi Thanh Thuy នៅតែរក្សានិងលើកតម្កើងសម្រស់ទីក្រុងហាណូយតាមរយៈវិចិត្រសិល្បៈជានិច្ច៕