សិប្បករឆ្នើម K'Tieu រក្សាសំឡេងគងឃ្មោះសម្រាប់ភូមិស្រុក

(VOVWORLD) - ក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ លំហវប្បធម៌គងឃ្មោះនៅតំបន់ Tay Nguyen ដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ ត្រូវបានគណៈកម្មាធិការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់នោះ គឺតែងតែប្រឈមមុខនឹងហានិភ័យនៃការបាត់បង់។ នៅចំពោះមុខស្ថានភាពជាក់ស្តែងនេះ ភូមិដាច់ស្រយាលមួយនៅស្រុក Di Linh ខេត្ត Lam Dong ព្រឹទ្ធាចារ្យភូមិ K'Tieu ជនជាតិភាគតិច K'ho ថ្វីត្បិតតែចាស់ជរា និងកម្លាំងទន់ខ្សោយក៏ដោយ ប៉ុន្តែនៅតែប្រកាន់ខ្ជាប់ជានិច្ច  ការការបង្រៀនវាយគងឃ្មោះសម្រាប់យុវជនជំនាន់ក្រោយ។

សិប្បករឆ្នើម K'Tieu រក្សាសំឡេងគងឃ្មោះសម្រាប់ភូមិស្រុក - ảnh 1សិប្បករឆ្នើម  K'Tieu (នៅកណ្តាល) ក្នុងការសម្តែងគង់ឃ្មោះនៅសហគមន៍ (រូបថត៖ VOV)

ពេលកំពុងសន្ទនាជាមួយពួកយើងនៅផ្ទះនៅភូមិ Due ឃុំ Dinh Lac ស្រុក Di Linh (Lam Dong) ព្រឹទ្ធាចារ្យភូមិ K'Tieu (អាយុ ៧១ ឆ្នាំ) បានឆ្លៀតពេលសម្អាតគងឃ្មោះដ៏មានតម្លៃ ផង និងរៀបចំកន្លែងបង្រៀនពីរបៀបវាយគងឃ្មោះ សម្រាប់ក្រុមកុមារដែលជាកូនជនជាតិភាគតិច K'ho នៅក្នុងភូមិផង។ លោកបានឲ្យដឹងថា ខ្លួនត្រូវឆ្លៀតពេលទំនេរតិចតួចនៃវិស្សមកាលរដូវក្តៅនេះ ដើម្បីជួយកុមារឱ្យស៊ាំនឹងចង្វាក់ និងបន្ទររបស់គងឃ្មោះ។

ព្រឹទ្ធាចារ្យភូមិ K'Tieu ចាប់ផ្ដើមស្វែងយល់និងរៀនលេងគងឃ្មោះតាំងពីអាយុ ១៤ ឆ្នាំ។ គ្រានោះ ឮថាមានបុណ្យនៅភូមិណា ទោះបីនៅឆ្ងាយ ប៉ុន្តែលោកក៏មកស្តាប់ និងរៀនដែរ។ ដោយសារចំណង់ចំណូលចិត្តនោះ លោកបានស្ទាត់នូវចង្វាក់ និងបន្ទររបស់គងឃ្មោះ។ មុននេះ ២០ឆ្នាំ ដោយដឹងថា សំឡេងគងឃ្មោះនៅក្នុងភូមិស្រុកត្រូវបានបំភ្លេចចោលបន្តិចម្តងៗ លោកបានកៀងគរមនុស្សមកហឹ្វកហាត់ ណែនាំដោយផ្ទាល់ដល់មនុស្សចាស់ និងបើកថ្នាក់បង្រៀនវាយគងឃ្មោះដល់ក្មេងៗក្នុងភូមិ។

“ប៉ុន្មានថ្ងៃដំបូងគឺពិបាកណាស់ ព្រោះគ្មានអ្នកណាខ្វល់ឡើយ។ គេនាំគ្នាលេងហ្គេមតាមអ៊ីនធឺណិត មិនសូវមានអ្នកណាយកចិត្តទុកដាក់នឹងគងឃ្មោះទេ។ ម្យ៉ាងវិញទៀត នៅក្នុងភូមិ គ្មានអ្នកណាចេះលេងគងឃ្មោះត្រឹមត្រូវទេ។ ដូច្នេះហើយ យើងត្រូវពន្យល់ ផ្សព្វផ្សាយ និងរៀបរាប់ពីប្រវត្តិគងឃ្មោះឡើងវិញ។ ខ្ញុំមានការរំពឹងទុកខ្ពស់ ជាពិសេសលើសិស្សថ្នាក់ទី៧ ថ្នាក់ទី៨ ព្រោះខ្ញុំបង្រៀនក្មេងៗឱ្យស្រូបយកបានលឿន ចំណែកមនុស្សចាស់ពិបាកស្រូបយកបន្តិច។ ខ្ញុំផ្តោតលើការបង្រៀនក្មេងៗ ក្នុងរដូវវិស្សមកាលនេះ ហើយពេលទំនេរ ខ្ញុំហៅមនុស្សពីថ្នាក់ចាស់មកពិនិត្យឡើងវិញ ពីរឬបីដងក្នុងមួយខែ ដើម្បីកុំឱ្យពួកគេភ្លេច”។

ដោយមានការខិតខំប្រឹងប្រែងនិងការលះបង់របស់ព្រឹទ្ធាចារ្យភូមិ K’Tieu មកទល់នឹងបច្ចុប្បន្ន ឃុំ Dinh Lac មានអ្នកចេះលេងគងឃ្មោះយ៉ាងស្ទាត់ជំនាញជាង ២០០ នាក់ ដែលក្នុងនោះមានជាង ៣០ នាក់ជាសមាជិកនៃក្លឹបគងឃ្មោះក្នុងមូលដ្ឋាន។ យោងតាមលោក M Hiu Nguyen លេខាសាខាបក្សភូមិ Due ឃុំ Dinh Lac ថា ការយកចិត្តទុកដាក់របស់ព្រឹទ្ធាចារ្យភូមិ K’Tieu ដែលបានបំផុសគំនិតឲ្យសហគមន៍ជន K’ho នៅទីនេះ រួមគ្នាសិក្សា រៀនសូត្រ និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌គងឃ្មោះរបស់ប្រជាជាតិខ្លួន។ សមាជិកទាំង ៣ នាក់នៃគ្រួសាររបស់លោក M Hiu Nguyen រួមទាំងលោក ភរិយា និងកូនស្រីរបស់លោក បានចូលរួមថ្នាក់រៀនគងឃ្មោះដែលបង្រៀនដោយព្រឹទ្ធាចារ្យភូមិ K'Tieu។

សិប្បករឆ្នើម K'Tieu រក្សាសំឡេងគងឃ្មោះសម្រាប់ភូមិស្រុក - ảnh 2ថ្វីត្បិតតែមានវ័យចំណាស់ក៏ដោយ ក៏សិប្បករឆ្នើម K'Tieu នៅតែឧស្សាហ៍បង្រៀនគងឃ្មោះ ដល់កូនចៅក្នុងភូមិស្រុក (រូបថត៖ VOV)

“លោកបានបង្រៀនដោយភាពរីករាយ។ យើងទទួលបានអារម្មណ៍នោះ ហើយព្យាយាមសិក្សាឱ្យបានល្អដើម្បីចាប់យកនិងយល់ពីបទគងឃ្មោះទាំងនេះ។ សិស្សសាលាមធ្យមសិក្សាទុតិយភូមិ ក្នុងនោះមានកូនស្រីខ្ញុំ រួមទាំងប្រពន្ធខ្ញុំក៏ចូលរៀនដែរ។ ទៅថ្ងៃអនាគត ពួកគេអាចចូលរួមចំណែកថែរក្សាវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិ K’ho   ដើម្បីកុំឱ្យសំឡេងគង ឃ្មោះ មិនសាបសូន្យទៅតាមពេលវេលា”។

យោងតាមលោក Truong Quoc Phuong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Dinh Lac ដោយសារការរួមវិភាគទានដ៏ព្យាយាមរបស់ព្រឹទ្ធាចារ្យភូមិ K'Tieu ជារៀងរាល់ឆ្នាំ ថ្នាក់បង្រៀនវាយគងឃ្មោះនៅតាមមូលដ្ឋានត្រូវបានរក្សាជាប្រចាំ។ តាមនោះ ពិធីបុណ្យប្រពៃណីដូចជាការបួងសួងសុំភ្លៀងធ្លាក់ ពិធីអំណរស្រូវថ្មី ការសម្តែងគងឃ្មោះ របាំ ។ល។  ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសកម្មភាពកីឡា និងមុខម្ហូបរបស់ជនជាតិភាគតិចត្រូវបានស្តារជាបណ្តើរៗ។  ក្នុងរយៈពេល ២ ឆ្នាំជាប់ៗគ្នា គឺឆ្នាំ ២០១៨ និង ២០១៩ ឃុំ Dinh Lac បានរៀបចំការជួបប្រាស្រ័យវប្បធម៌គងឃ្មោះនៅតាមឃុំ ទីរួមស្រុក នៃស្រុក Di Linh ចំនួន ២ ដង។ សមិទ្ធិផលទាំងនេះមានការរួមចំណែកយ៉ាងសំខាន់របស់ព្រឹទ្ធាចារ្យភូមិ K'Teu។ លោក Truong Quoc Phuong បានឲ្យដឹងថា៖ “ព្រឹទ្ធាចារ្យភូមិ K'Tieu គឺជាបុគ្គលដែលមានកិត្យានុភាពក្នុងសហគមន៍ ដោយបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាលំហវប្បធម៌គងឃ្មោះនៅតំបន់ Tay Nguyen។ ថ្នាក់បង្រៀនគងឃ្មោះជាច្រើនត្រូវបានបើក ដូច្នេះតួនាទីរបស់ព្រឹទ្ធាចារ្យភូមិមានសារៈសំខាន់ណាស់។ លោកជាអ្នកបង្រៀនផង បង្កាត់ភ្លើងផង ហើយក៏ជាអ្នកផ្សព្វផ្សាយ និងគៀងគរកូនចៅជំនាន់ក្រោយ ចូលរួមយ៉ាងសកម្មក្នុងការនាំយកគងឃ្មោះចូលសាលារៀន។ ឃុំ Dinh Lac ក៏បានតម្រង់ទិសដើម្បីបន្តរក្សាលក្ខណៈវប្បធម៌ប្រពៃណីមួយចំនួនទៀត ដូចជាសំលៀកបំពាក់ ភូមិស្រាពាង និងភូមិប៉ាក់។ នេះជាការងាយស្រួលណាស់ ព្រោះមានការរួមបញ្ចូលគ្នានៃលំហវប្បធម៌គងឃ្មោះ ជាមួយភូមិសិប្បកម្ម បង្កើតឱកាសឱ្យប្រជាជនបង្កើនប្រាក់ចំណូល”។

ជាមួយនឹងការរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាកន្លែងវប្បធម៌គងឃ្មោះនោះ ព្រឹទ្ធាចារ្យភូមិ K'Tieu បានទទួលប័ណ្ណសរសើរជាច្រើនពីស្រុក Di Linh និងខេត្ត Lam Dong។ កាលពីឆ្នាំមុន ព្រឹទ្ធាចារ្យភូមិ K'Tieu មានកិត្តិយស ដែលបានលោកប្រធានរដ្ឋប្រគល់គិត្តិយស ជាសិប្បករឆ្នើម ដោយសារការរួមចំណែករបស់លោកក្នុងការអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសជាតិ។ សិប្បករឆ្នើម K'Tieu ក៏ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលចំនួន ៣១រូប ដែលទើបតែទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល សម្រាប់ស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិឆ្នាំ ២០២២។ លោកក៏ជាគំរូឆ្នើមរបស់ខេត្ត Lam Dong  ដែលបានចូលរួមសន្និសីទកោតសរសើរនិងលើកតម្កើងគំរូឆ្នើមទូទាំងប្រទេស ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃទិវា លោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ (១១ មិថុនា ១៩៤៨ - ១១ មិថុនា ២០២៣)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ