សិល្បៈខេន- មោទនភាពរបស់ជនជាតិ Mong នៅខេត្ត Yen Bai

(VOVWORLD) - សម្រាប់ជនជាតិ Mong នៅខេត្ត Yen Bai ខេនមិនត្រឹមតែជានិមិត្តរូបនៃវប្បធម៌ជនជាតិប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយសម្រាប់តភ្ជាប់ សហគមន៍ និងផ្លាស់ប្តូរវប្បធម៌ផងដែរ។ ប្រការនេះរឹតតែមានន័យនៅពេលដែលថ្មីៗនេះ សិល្បៈខេនរបស់ជនជាតិ Mong នៅស្រុក Mu Cang Chai ស្រុក Tram Tau និង Van Chan ខេត្ត Yen Bai ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។

សិល្បៈខេន- មោទនភាពរបស់ជនជាតិ Mong នៅខេត្ត Yen Bai - ảnh 1ប្រជាជនជនជាតិ Mong នៅ Mu Cang Chai (Yen Bai) សម្តែងរបាំខេន  (រូបថត៖ Tuan Anh)

ខេន គឺជាព្រលឹង និងជាឧបករណ៍ភ្លេងដែលមិនអាចខ្វះបានក្នុងជីវភាពខាងព្រលឹងវិញ្ញាណរបស់ជនជាតិ Mong។ សូរសំឡេងខេន ជាខ្សែដែលភ្ជាប់ពីអតីតកាល បច្ចុប្បន្នកាលនិងអនាគត ហើយជាសំឡេងសាសងស្នេហារវាងគូស្នេហ៍។ ដើមខេនប្រៀបដូចជាកល្យាលមិត្តស្និទ្ធស្នាលនឹងជនជាតិ Mong តាំងពីកំណើតរហូតដល់ពេលលាចាកលោកទៅរកជីដូនជីតា។ ពេលសប្បាយចិត្ត ឬពេលអធ្សុក ជនជាតិ Mong តែងតែបណ្តោយអារម្មណ៍របស់ខ្លួនតាមសំនៀងបទចម្រៀង និងសំឡេងបទភ្លេង។ ពោលគឺ ជាមួយនឹងសំឡេងខេនដ៏រីករាយ ជនជាតិ Mong មានន័យថា ជនជាតិ Mong អញ្ជើញមិត្តជិតឆ្ងាយចូលរួមរីករាយនឹងរដូវផ្ការីក ទៅផ្សារ ជូនពរសំណាងល្អ... ប៉ុន្តែពេលសោកសៅ សំឡេងខេនក៏យឺត និងជ្រៅ តែងតែផ្លុំនៅពិធីបុណ្យសព ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ពោលពាក្យលាជូនសពទៅកាន់សុគតិភព...។ លើសពីនេះ តាមរយៈចង្វាក់ខេននីមួយៗ ហាក់ដូចជារំលឹកដល់កូនចៅ អំពីឫសគល់របស់ជនជាតិខ្លួន ស្មារតីសាមគ្គីភាព មានឆន្ទៈយកឈ្នះលើការលំបាក និងគ្រប់គ្រងជីវិតដោយម្ចាស់ការ។ សិប្បករ Giang A Su នៅទីរួមស្រុក Tram Tau ស្រុក Tram Tau ខេត្ត Yen Bai បានឲ្យដឹងថា៖  “ជនជាតិ Mong មានឧបករណ៍ភ្លេងច្រើនប្រភេទ ឧបករណ៍ភ្លេងផ្សេងៗប្រើតែក្នុងពិធីមួយចំនួនប៉ុណ្ណោះ ប៉ុន្តែមានតែខេនប៉ុណ្ណោះ ដែលស្ទើរតែជាទំនៀមទម្លាប់របស់ជនជាតិ Mong ដែលមិនអាចខ្វះបានឡើយ។  ពីហ្គេម ពិធីមង្គលការ ពិធីបុណ្យទាន និងពិធីបុណ្យសព សុទ្ធតែប្រើខេនទាំងអស់”។

ខេន (ភាសា H'Mong ហៅថា Kenh" ឬ "Khenh") គឺជាឧបករណ៍ភ្លេងដ៏ពិសេសមួយ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងរូបភាពរបស់យុវជនជនជាតិភាគតិច Mong ដែលមានកម្លាំងមាំមួននៅកណ្តាលព្រៃភ្នំ។  ពេលផ្លុំខេន និងរាំតាមចង្វាក់ខេន បុរសជនជាតិ Mong បានបង្ហាញនូវទេពកោសល្យ ភាពប៉ិនប្រសប់ ភាពខ្ជាប់ខ្ជួន និងភាពអំណត់ក្នុងការបង្កើតសំឡេងវេទមន្ត របាំដ៏មានមនោសញ្ចេតនា   បន្សល់ទុកនូវប្រាថ្នា ចង់បានជីវភាពស្រស់ស្អាតនៅភូមិស្រុកតំបន់ព្រៃភ្នំ។

ខេនត្រូវផ្លុំដោយភ្ជាប់ជាមួយក្បាច់រាំ កាយវិការបង្វិល ផ្លុំ ទាត់ខ្លាំងៗ ឬដើរថ្នមៗ  ទន់ភ្លន់អាស្រ័យតាមកាលៈទេសៈ និងលំហពេលសម្តែងខេន។ សិប្បករជាច្រើននាក់ជំនាញរបាំខេន សម្តែងចលនាប្លែកៗជាច្រើនក្នុងទីធ្លាផ្សេងៗគ្នា៖ ខេនរាំលើថ្ម លើថាសឬស្សី លើគល់ឈើធំៗ ឬលើដើមឈើដែលលាតសន្ធឹងតាមដងអូរ...។

សិល្បៈខេន- មោទនភាពរបស់ជនជាតិ Mong នៅខេត្ត Yen Bai - ảnh 2សិប្បករបង្រៀនរបាំខេនដល់សិស្សនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ Che Cu Nha ស្រុក Mu Cang Chai  (រូបថត៖ baoyenbai.com.vn)

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីរក្សាប្រពៃណីជាតិ ស្រុក Mu Cang Chai ស្រុក Tram Tau និង Van Chan បានបង្កើតក្រុមសម្តែងជនជាតិ Hmong រាប់សិបនាក់ដែលអាចសម្តែងសិល្បៈខេនជាមួយនឹងបទចម្រៀងខេនជាច្រើន ចលនាផ្សេងៗគ្នាជាច្រើន។ ជាងនេះទៅទៀត សហគមន៍ខ្លួនឯងបានចម្លងនូវមរតកនេះពីជំនាន់មុនទៅមនុស្សជំនាន់ក្រោយ តាមរយៈការអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការប្រកួតប្រជែង ការសម្តែង និងសកម្មភាពវប្បធម៌ និងសិល្បៈនៅតាមស្ថាប័នក្នុងស្រុក។ នៅស្រុក Mu Cang Chai និង Tram Tau ក៏មានថ្នាក់បង្រៀនសិល្បៈសម្តែងខេនដល់យុវជន Mong ផងដែរ។ កុមារបានរៀនពីចលនាកាន់ខេន របៀបគ្រប់គ្រងដង្ហើមខ្លួនឯង រាំខេន និងភ្លេងប្រពៃណីរបស់ជនជាតិ Mong ដោយហេតុនេះ រួមចំណែកជំរុញទឹកចិត្ត និងការស្រលាញ់ឧបករណ៍ភ្លេងរបស់ប្រជាជន។ លោក Ho A Thao ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលចូលរួមបង្រៀនខេន Mong នៅភូមិ Ta Chu ឃុំ Ban Cong ស្រុក Tram Tau បានឲ្យដឹងថា៖  “នៅឆ្នាំ ២០១៦ ខ្ញុំចាប់ផ្តើមបង្រៀនកូនរបស់ខ្ញុំ បន្ទាប់មកនៅពេលមាននរណាម្នាក់មករៀន ខ្ញុំបង្រៀនមនុស្ស ២ នាក់ បន្ទាប់មក ៣ នាក់ ៤ នាក់ បន្ទាប់មកទៀតបង្រៀនរហូតទៅដល់មនុស្ស ១៣ នាក់។ ខ្ញុំបង្រៀនណែនាំដល់ក្មេងៗ ដើម្បីឱ្យនៅស្រុក Tram Tau ស្គាល់ពីខេន និងរបៀបផ្លុំខេនឲ្យកាន់តែទូលំទូលាយជាងទៀត”។

សិល្បៈខេន ជាបេតិកភណ្ឌវប្បធម៌មួយរបស់ជនជាតិ Mong; បង្ហាញពីភាពច្នៃប្រឌិត កម្រិតសិល្បៈ ក៏ដូចជាភាពក្លាហាន ចរិតលក្ខណៈ និងអាកប្បកិរិយាវប្បធម៌របស់ជនជាតិ Mong ក្នុងទំនាក់ទំនងរវាងមនុស្ស និងមនុស្ស មនុស្ស និងធម្មជាតិ។ ថ្មីៗនេះ សិល្បៈខេនរបស់ជនជាតិ Mong នៅស្រុក Mu Cang Chai ស្រុក Tram Tau និង Van Chan ខេត្ត Yen Bai ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ រីករាយជាមួយព្រឹត្តិការណ៍នេះ លោក Giang A Pang សិល្បករផ្លុំខេន Mong  នៅឃុំ Khao Mang ស្រុក Mu Cang Chai សម្តែងអារម្មណ៍ថា៖ “សិល្បៈរបស់ជនជាតិ Mong ត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ហើយខ្ញុំនិងអ្នកទាំងអស់គ្នាសប្បាយចិត្តខ្លាំងណាស់។ សម្រាប់សហគមន៍បាននាំមកនូវគុណតម្លៃជាច្រើន រួមចំណែកលើកស្ទួយតម្លៃបេតិកភណ្ឌកុំឲ្យបាត់បង់។ នាពេលខាងមុខ ខ្ញុំនឹងបន្តបង្រៀនកូនៗរបស់ខ្ញុំអំពីសិល្បៈផ្លុំខេន”។

ការដែលសិល្បៈខេនរបស់ជនជាតិ Mong នៅ Yen Bai ត្រូវបានគេទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ គឺជាការលើកតម្កើងតម្លៃវប្បធម៌នៃបេតិកភណ្ឌ ដូច្នេះហើយទើបបានបន្ថែមភ្លើង ដើម្បីសិល្បៈប្រភេទនេះលាន់លឺរន្ទឺជារៀងរហូតនៅចំកណ្តាលព្រៃភ្នំដ៏ធំល្វឹងល្វើយ។ ទន្ទឹមនឹងនេះ លើកកម្ពស់ការទទួលខុសត្រូវក្នុងការបញ្ជូនបេតិកភណ្ឌរវាងបណ្តាជំនាន់ និងអនុវត្តមរតកក្នុងសហគមន៍ ដើម្បីឲ្យបេតិកភណ្ឌបន្តផ្សព្វផ្សាយដល់មនុស្សជំនាន់ក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ