អត្ថបទបោះពុម្ពផ្សាយស្តីពីលោកប្រធានហូជីមិញនិងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី ២ កញ្ញា
(VOVWORLD) - អបអរសាទរខួបលើកទី ៧៥ នៃបដិវត្តខែសីហា (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២០) និងទិវាបុណ្យជាតិនៃសាធា រណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២០) នាពេលថ្មីៗនេះ គ្រឹះស្ថានបោះពុម្ពផ្សាយ បានចេញផ្សាយអត្ថបទបោះ ពុម្ពផ្សាយជាច្រើន ស្តីពីលោកប្រធានហូជីមិញ បដិវត្តខែសីហា និងទិវាបុណ្យជាតិ។ អត្ថបទទាំងអស់នេះ សុទ្ធតែជាឯកសារដ៏មានតម្លៃអំពីប្រវត្តិសាស្ត្រ មានតម្លៃទ្រឹស្តី និងមានតម្លៃអនុវត្តជាក់ស្តែង ហើយបំផុសឡើងសេចក្តីស្នេហាជាតិនិងមោទនភាពជាតិក្នុងប្រជា ជនវៀតណាមគ្រប់រូប។
ការតាំងពិព័រណ៍សៀវភៅតាមអ៊ិនធឺណែតដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យជាតិទី ២ កញ្ញា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកញ្ញា នៅគេហរទំព័រ 365.vn (ប្រភព៖ dangcongsan.vn) |
រយៈពេលមុននេះ ៧៥ ឆ្នាំ បន្ទាប់ពីបដិវត្តខែសីហាប្រកបដោយជោគជ័យមក នារដូវស្លឹកឈើជ្រុះជាប្រវត្តិសាស្ត្រ នាថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh នៃទីក្រុងហាណូយ លោកប្រធានហូជីមិញបានថ្លែងសេចក្តីប្រកាសឯករាជ្យ ដោយប្រកាសប្រាប់ប្រជាជនទូទាំងប្រទេសនិងមនុស្សគ្រប់រូបនៅលើពិភពលោកឲ្យបានជ្រាបថា ចាប់ពីពេលនេះតទៅ វៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យបានចាប់បដិសន្ធិផងដែរ។ សេចក្តីប្រកាសឯករាជ្យអមតៈនោះ បានបើកចេញយុគសម័យថ្មីសម្រាប់ប្រទេសជាតិ ដែលជាយុគសម័យនៃឯករាជ្យជាតិផ្សាភ្ជាប់ជាមួយសង្គមនិយម។
ដោយប្រធានបទ “ចារឹកទុកប្រភពដើម - មោទនភាពជាតិ - ផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍប្រទេសជាតិ” ការតាំងពិព័រណ៍សៀវភៅតាមប្រព័ន្ធអ៊ិនធឺណែត ដើម្បីរំលឹកខួបលើកទី ៧៥ ទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបាន ក្រសួងព័ត៌មាននិងទូរគមនា គម រៀបចំឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកញ្ញាតាមអាស័យដ្ឋាន book365.vn។ សំភារៈឯកសារដែលបានតាំងបង្ហាញនៅទីនេះ រួមមាន សៀវភៅ វីដេអូ ឯកសារ រូបភាពនិងតែម ដែលត្រូវបានជ្រើសរើសពីគ្រឹះស្ថានបោះពុម្ពផ្សាយនានា។ ជាពិសេស ពិព័រណ៍តាមអ៊ិនធឺរណែតលើកនេះ មានកន្លែងមួយសម្រាប់តាំងបង្ហាញស្នាដៃដែលនិពន្ធឡើងដោយលោកប្រធានហូជី មិញផ្ទាល់ផងដែរ។ ស្នាដៃទាំង ៥ នេះគឺ៖ គោលមាគ៌ាបដិវត្តន៍; ទិនានុលេខន៍ក្នុងពន្ធនាគារ; សេចក្តីអំពាវនាវប្រទេសជាតិទាំងមូលតស៊ូប្រយុទ្ធ: សេចក្តីអំពាវនាវជនរួមជាតិនិងយុទ្ធជនទូទាំងប្រទេស: មរតកសាសន៍របស់លោកប្រធានហូជីមិញ។ លោក Nguyen Nguyen ប្រធាននាយកដ្ឋានបោះពុម្ពផ្សាយ (នៃក្រសួងព័ត៌មាននិងទូរគមនាគម) បានឲ្យដឹងថា៖ “សៀវភៅមួយឈុតនេះដែលមានស្នាដៃឆ្នើមចំនួន ៥ ត្រូវបានគេចាត់ទុកថាជា រតនៈសម្បត្តិ។ ហើយយើងបានជ្រើសរើសស្នាដៃឆ្នើមបំផុតសម្រាប់យកមកតាំងបង្ហាញ។ ដំបូងបង្អស់គឺឈុតសៀវ ភៅហូជីមីញដែលចងក្រងស្នាដៃច្រើន។ ក្រៅពីនេះ យើងបន្តផ្សព្វផ្សាយអំពីការសិក្សានិងធ្វើតាមមនោគមវិជ្ជា សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញផងដែរ”។
ទិដ្ឋភាពនៃពិធីប្រកាសសៀវភៅលើកទី២ឆ្នាំ ២០២០ នៃគ្រឹះស្ថានបោះពុម្ភផ្សាយការពិតនយោបាយជាតិ |
អបអរសាទរខួបលើកទី ១៣០ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២០) គ្រឹះស្ថានបោះពុម្ពព័ត៌មាននិងទូរគមនាគមន៍បានសហការជាមួយអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ និងអ្នកនិពន្ធជាច្រើន ដើម្បីបោះពុម្ភផ្សាយសៀវភៅអំពីលោកប្រ ធានហូជីមិញ។ ឈុតសៀវភៅនេះរួមមានសៀវភៅចំនួន ៦ ក្បាលជាអាទិ៍៖ ហូជីមិញ - និមិត្តរូបនៃសម័យកាល; គំរូហូជីមិញ - រតនៈសម្បត្តិដ៏មានតម្លៃរបស់គ្រួសារគ្រប់រូប; សិក្សាតាមគំរូធ្វើការនិងរៀនសូត្រអស់មួយជីវិតរបស់លោកប្រធានហូជីមិញ; មនោគមន៍វិជ្ជាហូជីមិញអំពីសាមគ្គីភាពអន្តរជាតិក្នុងបដិវត្តរំដោះជាតិ; ហូជីមិញ - ចរិតលក្ខណៈនៃវប្បធម៌វៀតណាម និងស្នាដៃហូជីមិញនាកន្លះសតវត្សរ៍។ កម្រងសៀវភៅមួយឈុតនេះ នាំមកជូនអ្នកអាននូវឯកសារដ៏មានតម្លៃអំពីសកម្មភាពបដិវត្តរបស់លោកប្រធានហូជីមិញ ក៏ដូចជាបញ្ជាក់ពីការលះបង់ដ៏ធំធេងរបស់លោកប្រធានចំពោះប្រទេសជាតិនិងចលនាបដិវត្តពិភពលោក។ ស្នាដៃនិមួយៗ បានមកពីការគោរពរបស់អ្នកនិពន្ធចំពោះអគ្គមគ្គុទេសដ៏អស្ចារ្យរបស់ប្រទេសជាតិ។ សាស្ត្រា ចារ្យរង - បណ្ឌិត Le Dinh Cuc អ្នកនិពន្ធដែលចងក្រងសៀវភៅ “ហូជីមិញ - ចរិតលក្ខណៈនៃវប្បធម៌វៀតណាម” បានរ៉ាយរ៉ាប់ថា៖ “ខ្ញុំបានចំណាយពេលវេលាជាច្រើនដើម្បីស្រាវជ្រាវប្រធាន បទអំពីលោកប្រធានហូជីមិញ។ ខ្ញុំមានសំណាងណាស់ ដែលបានកើតនិងធំដឹងក្តីនៅខេត្ត Nghe An ដែលរួមស្រុកកំណើតជាមួយលោកប្រធានហូជីមិញ។ ហេតុដូច្នេះ ខ្ញុំអាចចែករំលែកអ្វីដែលលោកប្រធានបានឆ្លងកាត់និងបានបន្សល់ទុក ជាពិសេសអំពីវប្បធម៌។ ដោយក្តីស្រ ឡាញ់ចំពោះលោកប្រធានហូជីមិញ ខ្ញុំបានសរសេរឡើងសៀវភៅនេះ”។
គ្រឹះស្ថានបោះពុម្ភផ្សាយការពិតនយោបាយជាតិ នាពេលថ្មីៗនេះ បានប្រកាសសៀវភៅដំបូងដែលបានបោះពុម្ពក្នុងឆ្នាំ ២០២០ រួមមាន សៀវភៅស្តីពី គោលនយោបាយ ទ្រឹស្តី ច្បាប់និងមនោគមវិជ្ជារបស់លោកប្រធានហូជីមិញ។ ប្រការដែលគួរឲ្យកត់សម្គាល់នោះគឺ សៀវភៅរូបថតពីរភាសា ពោលគឺជាភាសាវៀតណាម - អង់គ្លេស “ហូជីមិញ - និមិត្តរូបនៃសន្តិភាព ចំណងមិត្តភាពរវាងវៀតណាមនិងពិភពលោក” ដោយបណ្ឌិតសភានយោបាយហូជីមិញនិងសម្ព័ន្ធសមា គមបណ្តាអង្គការមិត្តភាពខេត្ត Nghe An ស្រាវជ្រាវនិងចងក្រងផងដែរ។ គ្រឹះស្ថានបោះពុម្ភផ្សាយការពិតនយោបាយជាតិក៏បានសហការជាមួយសមាគមជនវៀតណាមនៅសហព័ន្ធរុស្ស៊ី និងអ្នកវៀតណាមវិទ្យា ជនជាតិរុស្ស៊ីលោក Sveta Glazunova ដើម្បីបកប្រែនិងបោះពុម្ពផ្សាយសៀវភៅ “ហូជីមិញសរសរមរតកសាសន៍” ជាភាសារុស្សុ នៅសហព័ន្ធរុស្ស៊ី តែម្តង។ លោក Pham Chi Thanh ប្រធានស្តីទី - និពន្ធនាយកនៃគ្រឹះស្ថានបោះពុម្ភផ្សាយការពិតនយោបាយជាតិបានសង្កត់ធ្ងន់ថា៖ “លោកប្រធានហូជីមិញបានសរសេរមរតកសាសន៍កាលពីឆ្នាំ ១៩៦៥ រហូតដល់ ឆ្នាំ ១៩៦៩។ ខ្លឹមសារនៃមរតកសាសន៍ ត្រូវបានលោកគិតពិចារណាយ៉ាងយកចិត្តទុកដាក់ និងរៀបរាប់ជាក់លាក់ ទូលំទូលាយពីការងារបុគ្គល រហូតដល់ការងារសំខាន់របស់ប្រទេសជាតិ។ មរតកសាសន៍បានបង្ហាញស្មារតី ការទទួលខុសត្រូវនិងភាពក្លៀវក្លារបស់លោកចំពោះបក្ស ចំពោះបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសហរដ្ឋអាមេរិកដើម្បីសង្គ្រោះប្រទេសជាតិនិងកសាងប្រទេស សម្រាប់យុវជនជំនាន់ក្រោយប្រជាជនគ្រប់ស្រទាប់វណ្ណៈ ចលនាកុម្មុនិស្ត និងកម្មករអន្តរជាតិ។ មរតកសាសន៍របស់លោកក្លាយជាកម្មវិធីនយោបាយធ្វើសកម្មភាពរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូលក្នុងបុព្វហេតុកសាងនិងការពារប្រទេសក៏ដូចជាក្នុងកិច្ចការផ្លាស់ប្តូរថ្មី”។
លោកប្រធានហូជីមិញ បដិវត្តខែសីហាឆ្នាំ ១៩៤៥ ទិវាបុណ្យជាតិថ្ងៃទី ២ កញ្ញា គឺជាប្រធានបទទូលំទូលាយ ដែលជាប្រភពនៃអារម្មណ៍មិនចេះចប់សម្រាប់មជ្ឈដ្ឋានអ្នកនិពន្ធ។ រយៈពេល ៧៥ ឆ្នាំកន្លងមកនេះ មានសៀវភៅល្អៗ សៀវភៅពិសេសជាច្រើន ដែលត្រូវបានសរសេរលើប្រធានបទទាំងនេះ ហើយនឹងកាន់តែសម្បូរបែបជាងទៀតក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជនវៀតណាម៕