អ្នកនិពន្ធ Le Luu - ស្មេរពិសេសនៃអក្សរសិល្ប៍វៀតណាម
(VOVWORLD) - អក្សរសិល្ប៍វៀតណាមទើបតែបាត់បង់ដើមឈើដ៏ធំ គឺអ្នកនិពន្ធ Le Luu។ កាលនៅរស់ សហការីរបស់លោកបានហៅលោកថា ជាអ្នកនិពន្ធយោធា អ្នកនិពន្ធប្រជាជន ហើយបានចាត់ទុកលោកថាជាដើមឈើដ៏ធំ ដែលផ្តល់ម្លប់ដល់អក្សរសិល្ប៍វៀតណាមក្នុងអំឡុងចុងសតវត្សទី ២០ និងដើមសតវត្សទី ២១។ លោកត្រូវបានចាត់ទុកថាជា ស្មេរ តួអង្គពិសេសនៃអក្សរសិល្ប៍វៀតណាម ពីព្រោះកន្លែងណាមួយនៅក្នុងស្នាដៃនីមួយៗរបស់ អ្នកនិពន្ធ Le Luu, អ្នកអាននឹងមើលឃើញពីជីវិតពេលឡើងពេលចុះផ្ទាល់ខ្លួនរបស់លោក។ ជាមួយនឹងតថៈភាពនោះ ស្នាដៃរបស់អ្នកនិពន្ធ Le Luu បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តមិត្តអ្នកអាន។
អ្នកនិពន្ធ Le Luu នៅគេហដ្ឋានក្នុងឆ្នាំ ២០១៣ នៅទីក្រុងហាណូយ (រូបថត៖ Hoang Ha/ vietnamnet.vn) |
ជាមួយនឹងសៀវភៅរឿងជាង ៤០ ក្បាល ក្នុងរយៈពេលជិត ៥០ ឆ្នាំនៃការសរសេរ អ្នកនិពន្ធ Le Luu បានបន្សល់ទុកនូវទ្រព្យសម្បត្តិដ៏ធំសម្បើមនៅក្នុងអក្សរសិល្ប៍ វៀតណាម។ អ្នកនិពន្ធ Le Luu បានឈ្នះពានរង្វាន់អក្សរសាស្ត្រជាច្រើន ជាពិសេសលោកបានទទួលរង្វាន់ថ្នាក់ជាតិសម្រាប់អក្សរសាស្ត្រ និងសិល្បៈដំណាក់កាល ទី ១ ឆ្នាំ ២០២១។ បើនិយាយពីសមិទ្ធិផលផ្នែកអក្សរសាស្ត្រ លោក Le Luu គឺជាអ្នកនិពន្ធប្រលោមលោកឈានមុខគេមួយរូបនៅចុងសតវត្សទី ២០ និងដើមសតវត្សទី ២១។ ស្មារតីច្នៃប្រឌិតមិនចេះនឿយហត់របស់លោកជាមួយនឹងទំព័រសរសេរ ដែលបង្កប់ដោយមនុស្សជាតិ បានធ្វើឱ្យកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងអក្សរសិល្ប៍វៀតណាមក្នុងទសវត្សរ៍ទី ៨០។ ស្នាដៃរបស់លោកត្រូវបានផ្សារភ្ជាប់ជាមួយនឹងដង្ហើមនៃសម័យកាល គឺជាស្នាដៃដែលមានតម្លៃសិល្បៈដែលមិនចាស់។ អ្នកនិពន្ធ Phong Diep បាននិយាយថា៖ “ក្នុងយុគសម័យអក្សរសាស្ត្រដើមនៃសម័យកាលផ្លាស់ប្តូរថ្មី រួមជាមួយ នឹងអ្នកនិពន្ធល្បីឈ្មោះជាច្រើនទៀត គឺមិនអាចមិនិយាយដល់ពីតួនាទីរបស់អ្នកនិពន្ធ Le Luu ជាមួយនឹងស្នាដៃពោរពេញទៅដោយពណ៌ជាក់ស្តែង។ ការរួមចំណែករបស់អ្នកនិពន្ធ Le Luu គឺថា លោកបានដើរតួរជាតួរអង្គអភ័ព្វនៅក្នុងស្នាដៃរបស់ខ្លួន។ អ្នកនិពន្ធដោយចិត្តសប្បុរសបានស្តាប់និងយល់អំពីជោគវាសនាទាំងនោះ”។
អ្នកនិពន្ធ Le Luu កើតនៅឆ្នាំ ១៩៤២ នៅឃុំ Tan Chau ស្រុក Khoai Chau ខេត្ត Hung Yen។ លោកបានចូលបម្រើកងទ័ព និងធ្លាប់ជាអ្នកយកព័ត៌មានឲ្យកាសែតយោធភូមិភាគ៣ អ្នកយកព័ត៌មានជួរមុខនៅសមរភូមិ ៥៥៩ ផ្លូវ Truong Son។ លោក Le Luu ជាសិស្សជំនាន់ទីមួយនៃសាលាផ្សព្វផ្សាយការសរសេររបស់សមាគមអ្នកនិពន្ធវៀតណាម។ ក្រោយសង្គ្រាម លោកបានវិលត្រឡប់ទៅធ្វើការនៅទស្សនាវដ្ដីសិល្បៈយោធាវិញ។ ស្នាដៃល្បីៗមួយចំនួនរបស់លោកអាចត្រូវបានលើកឡើងដូចជា៖ អ្នកកាន់កាំភ្លើង, ចំហៀងនៃព្រះអាទិត្យ, ព្រៃបើកចំហ, នៅពីក្រោយអ្នក, ព្រំដែន ...។ ប៉ុន្តែរឿងដែលមានប្រជាប្រិយភាពផុតនៃអាជីពនិពន្ធរបស់លោកគឺប្រលោម លោកពីររឿង "នាគ្រាដ័សែនឆ្ងាយ" និង "រលកនៅបាតទន្លេ" ដែលជាស្នាដៃបង្ហាញយ៉ាងច្បាស់អំពីបរិបទសង្គម និងជនបទនៃប្រទេសវៀតណាមក្នុងសម័យមុន។ ស្នាដៃទាំងពីរនេះត្រូវបានផលិតជាខ្សែភាពយន្ត ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកអាន និងទស្សនិកជនវៀតណាមជាច្រើនជំនាន់។ មិត្តអ្នកអានវ័យក្មេង Bui Phuong Thao មកពីទីក្រុងហាណូយ បានឲ្យដឹងថា៖ “ខ្ញុំឧស្សាហ៍អានស្នាដៃរបស់លោក ជាពិសេសរឿងដែលខ្ញុំចូលចិត្តគឺ “រលកនៅបាតទន្លេ”។ អ្នកនិពន្ធ Le Luu តែងតែសរសេរស្នាដៃអំពីជោគវាសនារបស់មនុស្សនៅជនបទ ប៉ុន្តែស្នាដៃរបស់លោកមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកអាននៅទីក្រុង”។
ស្នាដៃចំនួនពីររបស់អ្នកនិពន្ធ Le Luu ទើបតែត្រូវបានបោះពុម្ពឡើងវិញ (រូបថត៖ Sbook) |
សម្រាប់ជំនាន់អ្នកនិពន្ធវៀតណាម Le Luu ជាមិត្តដែលមានចរិតសាមញ្ញ រចនា បទបែបស្រើបស្រាល ចរិតក្លាហានរបស់ប្រជាជនជនបទនៅវៀតណាម។ លោកបានបង្កើតតួអង្គដែលនឹងរស់នៅជារៀងរហូតជាមួយអ្នកអានវៀតណាម ហើយរូបលោកផ្ទាល់គឺជាតួអង្គពិសេសនៃអក្សរសិល្ប៍វៀតណាម។ លោក Do Anh Vu នៃគណៈកម្មការអក្សរសាស្ត្រ និងសិល្បៈ (VOV6) នៃវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖ “តាមរយៈសំណេររបស់លោក តាមរយៈរឿងរ៉ាវរបស់អ្នកនិទានរឿង តាមរយៈអត្ថបទរបស់គាត់ អ្នកអានអាចស្រមៃថា Le Luu ជាមនុស្សមានទឹកចិត្តល្អ និងរីករាយ។ នៅពេលបិទសៀវភៅ អ្នកអាននៅតែចងចាំតួអង្គដូចជា Giang Minh Sai ឬ Pham Van Nui ។ អាចនិយាយបានថា តួអង្គទាំងនោះទោះតិចឬច្រើនក្តី ក៏បង្កប់ដោយជីវិតផ្ទាល់ខ្លួនរបស់ Le Luu ព្រោះលោកជាអ្នកនិពន្ធដែលមានជីវិតរស់រវើកខ្លាំង”។
លោក Le Luu ក៏ត្រូវបានគេចាត់ទុកជាអ្នកនិពន្ធពិសេសក្នុងការងារការទូត។ លោកគឺជាអ្នកនិពន្ធបដិវត្តន៍វៀតណាមដំបូងគេដែលត្រូវបានអញ្ជើញដោយភាគីអាមេរិកឱ្យចូលរួមជាមួយអ្នកនិពន្ធជើងចាស់វៀតណាម និងអាមេរិកក្នុងការអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកលុបចោលបទហ៊ុំព័ទ្ធ និងប្រក្រតីភាពទំនាក់ទំនងជាមួយវៀតណាម។ អ្នកនិពន្ធ Phong Diep បាននិយាយថា៖ “ក្នុងដំណាក់កាលប្រក្រតីភាពនូវទំនាក់ទំនងវៀតណាម-អាមេរិក អ្នកនិពន្ធ Le Luu គឺជាមនុស្សម្នាក់ក្នុងចំណោមប្រជាជនដែលបានដឹកនាំគណៈប្រតិភូវៀតណាមទៅកាន់សហរដ្ឋអាមេរិក។ ជាមួយនឹងការរួសរាយរាក់ទាក់របស់ប្រជាជនវៀតណាម រឿងដែលលោករៀបរាប់កាលនោះ បានធ្វើឱ្យជនជាតិអាមេរិកមើលឃើញអំពីវៀតណាមខុសពីអ្វីដែលខ្លួនធ្លាប់ស្គាល់។ ទន្ទឹមនឹងនោះ រឿងរ៉ាវដែលអ្នកនិពន្ធ Le Luu យកមកវិញពីអាមេរិក ក៏ត្រូវបានប្រជាជនក្នុងប្រទេសចែករំលែកយ៉ាងទូលំទូលាយ ជាហេតុជួយឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពកក់ក្តៅជាង”។
នៅថ្ងៃទី ៩ ខែវិច្ឆិកា អ្នកនិពន្ធ Le Luu បានទទួលមរណៈភាពនៅស្រុកកំណើតរបស់លោកនៅស្រុក Khoai Chau ខេត្ត Hung Yen បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺអស់រយៈពេលជាយូរ។ លោកបានលាចាកទៅឆ្ងាយហើយ ប៉ុន្តែឈ្មោះ និងតួអង្គល្បីៗនៅក្នុងប្រលោមលោករបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តមិត្តអ្នកអានជានិច្ច៕