អភិរក្សនិងលើកកម្ពស់តម្លៃកេរដំណែលជាតិ-មណ្ឌលវិថីបុរាណហាណូយ

(VOVWORLD) -  មណ្ឌលវិថីបុរាណហាណូយគឺជាតំបន់ប្រជុំបេតិកភណ្ឌ ដែលរួមមានកេរដំណែលជាង ១០០ ប្រភេទ ផ្ទះចាស់និងផ្ទះបុរាណរាប់ពាន់ខ្នង ដែលមានតម្លៃស្ថាបត្យកម្ម។ ឆ្នាំ ២០០៤ មណ្ឌលវិថីបុរាណហាណូយត្រូវបានទទួលស្គាល់ថាជាកេរដំណែលជាតិ ហើយចាប់ពីពេលនេះមក ការស្រាវជ្រាវ ការវិនិយោគ និងការស្វែងរកដំណោះស្រាយសម្រាប់ការអភិរក្សនិងការលើកកម្ពស់តម្លៃនៃកេរដំណែលទាំងនោះ ត្រូវបានអនុវត្តន៍កាន់តែស៊ីជម្រៅនិងមានលក្ខណៈបច្ចេកទេសជាង។

អភិរក្សនិងលើកកម្ពស់តម្លៃកេរដំណែលជាតិ-មណ្ឌលវិថីបុរាណហាណូយ - ảnh 1កេរដំណែលថ្នាក់ជាតិ វិហារ Bach Ma ស្ថិតក្នុងមណ្ឌលវិថីបុរាណហាណូយ (រូបថត៖ Ngoc Anh) 

 
 

មណ្ឌលវិថីបុរាណហាណូយមានផ្ទៃដីប្រមាណ ៨២ ហិកតា ស្ថិតនៅខាងជើងនៃខ័ណ្ឌ Hoan Kiem។ មណ្ឌលវិថីបុរាណហាណូយត្រូវបានប្រដូចដូចជា “គ្រាប់ត្បូង” នៃសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏ធំស្បើមរបស់រដ្ឋធានី។ រហូតមកដល់ពេលនេះ មណ្ឌលវិថីបុរាណហាក់ដូចជាឃ្លាំងផ្ទុកនូវតម្លៃវត្ថុអរូបី តាមរយៈកេរដំណែលចំនួន ១២១ (រួមមានកេរដំណែលប្រវត្តិសាស្ត្រវប្បធម៌ចំនួន ៨៣,  កេរដំណែលប្រវត្តិសាស្រ្តបដិវត្តចំនួន ៣០ និង កេរដំណែលផ្សេងទៀតចំនួន ៨) ដោយបានផ្ទុកគ្រប់ប្រភេទ ទាំងជំនឿសាសនា សាលាភូមិ វត្តអារ៉ាម និងវិហារអ៊ីស្លាម ជាដើម។ នាពេលថ្មីៗនេះ ខ័ណ្ឌ Hoan Kiem បានធ្វើការអភិរក្សសំណង់ស្ថាប័ត្យកម្មចំនួន ២០ កន្លែង។ លោកស្រី Tran Thi Thuy Lan អនុប្រធានគណៈគ្រប់គ្រងមណ្ឌលវិថីបុរាណហាណូយ បានឲ្យដឹងថា៖ “មកដល់បច្ចុប្បន្ននេះ មណ្ឌលវិថីបុរាណហាណូយមានកេរដំណែលចំនួន ២៥ បានជាប់ចំណាត់ជាកេរដំណែលថ្នាក់ជាតិ។ សម្រាប់ការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ខ័ណ្ឌ Hoan Kiem បានសហការជាមួយសមាគមបេតិកភ័ណ្ឌវប្បធម៍ថាំងឡុង - ហាណូយ ដើម្បីកសាងគម្រោង “ស្រាវជ្រាវនិងរៀបចំពិធីបុណ្យប្រពៃណីនៅតាមមណ្ឌលវិថីបុរាណនិងតំបន់ជុំវិញបឹង Hoan Kiem”។ តាមរយៈនោះ បានអភិរក្សនិងស្តារឡើងវិញពិធីបុណ្យចំនួន ១៤។ ពិធីបុណ្យដែលបានស្ដារឡើងវិញនោះ ទាក់ទាញមនុស្សមួយចំនួនធំឱ្យចូលរួមដោយភ្ជាប់ជាមួយពិធីបុណ្យទានសំខាន់ៗ ដូចជាពិធីបុណ្យអភិសេករបស់ស្តេច Le, ពិធីបុណ្យសាលាភូមិ Yen Thai ឬពិធីបុណ្យសំពះព្រះខែតាមដងវិថីបុរាណជាដើម។ ក្រៅពីនេះក៏មានផ្សារផ្កាតេតនៅតាមដងវិថី Hang Luoc សកម្មភាពវប្បធម៌តាមដងផ្លូវ និងការសម្តែងចម្រៀង Tru តាមទីកន្លែងកេរដំណែលផងដែរ”

ដើម្បីអភិរក្សនិងលើកកម្ពស់នូវតម្លៃនៃមណ្ឌលវិថីបុរាណហាណូយ ការងារដំបូងគឺត្រូវរៀបចំផែនការដើម្បីកសាងមណ្ឌលវិថីបុរាណហាណូយឲ្យទៅជាទីក្រុងទេសចរណ៍ពិសេស។ សម្រាប់វិថីនីមួយៗ ត្រូវជ្រើសរើសចំណុចលេចធ្លោដោយដាក់សញ្ញាសម្គាល់ដែលណែនាំយ៉ាងខ្លី អំពីប្រវត្តិនៃផ្លូវ ដើម្បីផ្តល់ព័ត៌មានដល់ប្រជាជននិងភ្ញៀវទេសចរ។ ម្យ៉ាងវិញទៀត ត្រូវកែលំអរឲ្យដងផ្លូវថ្មើរជើង Hang Dao, Hang Ngang, Dong Xuan ឲ្យកាន់តែរស់វើក ដោយរួមបញ្ចូលគ្នានូវសកម្មភាពពាណិជ្ជកម្មពេលរាត្រី ជាមួយការសម្តែងសិល្បៈនៅពេលវេលាផ្សេងៗគ្នាក្នុងមួយថ្ងៃ។

អភិរក្សនិងលើកកម្ពស់តម្លៃកេរដំណែលជាតិ-មណ្ឌលវិថីបុរាណហាណូយ - ảnh 2 កេរដំណែល វិហារ Quan De ស្ថិតក្នុងមណ្ឌលវិថីបុរាណហាណូយ (រូបថត៖ Ngoc Anh)

គណៈគ្រប់គ្រងនៃមណ្ឌលវិថីបុរាណហាណូយកំពុងស្រាវជ្រាវដើម្បីកសាងឃ្លាំងទិន្នន័យ 3D សម្រាប់បេតិក ភណ្ឌសំខាន់ៗទាំងអស់។ នេះជាការងារបន្ទាន់ ព្រោះតាមអត្រាអភិរក្សបច្ចុប្បន្ន បើមិនបានឌីជីថលឲ្យបានឆាប់ៗ នោះទេ នឹងមិនមានឯកសារដើម សម្រាប់ការជួសជុលនិងតុបតែងដែរ។ ដោយឈរលើមូលដ្ឋាននៃការត្រួតពិនិត្យនិងវាយតម្លៃជារួមលើមណ្ឌលកេរដំណែលវិថីបុរាណហាណូយ អាចធ្វើឱ្យប្រសើរឡើងនូវតម្លៃនៃមណ្ឌលវិថីបុរាណនេះ។ សាស្ត្រាចារ្យរង បណ្ឌិត Dang Van Bai សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌវប្បធម៌ជាតិបានឲ្យដឹងថា៖ “មណ្ឌលវិថីបុរាណហាណូយ គឺជាធនធានទេសចរណ៍គួរឲ្យទាក់ទាញនិងមានតម្លៃខ្ពស់។ ហើយមណ្ឌលវិថីបុរាណហាណូយពិតជាមានតម្លៃណាស់។ បន្ទាប់មកទៀត គឺអាចភ្ជាប់មណ្ឌលវិថីបុរាណហាណូយជាមួយតំបន់បេតិកភណ្ឌពិភពលោកមរមរាជវាំងថាំងឡុង  ពីព្រោះមណ្ឌលវិថីបុរាណគឺជាផ្នែកសំខាន់មួយនៃបរមរាជវាំងថាំងឡុងដើម្បីស្នើទៅអង្គការវប្បធម៌វិទ្យាសាស្ត្រនិងអប់រំនៃអង្គការសហប្រជាជាតិ (UNESCO) ដើម្បីលើកតំកើងបរមរាជវាំងថាំងឡុងជាលើកទី ២ ដោយភ្ជាប់ជាមួយនឹងមណ្ឌលវិថីបុរាណហាណូយផងដែរ។ ទន្ទឹមជាមួយគ្នានោះ ទីក្រុងហាណូយក៏ដូចជាខ័ណ្ឌ Hoan Kiem កំពុងពិនិត្យពិចារណាបង្កើតគណៈតំណាងសហគមន៍នៅតាមមណ្ឌលវិថីបុរាណ។ គណៈតំណាងនេះ នឹងតំណាងឱ្យសំឡេងរបស់ប្រជាជននិងជាជំនួយដ៏មានប្រយោជន៍របស់គណៈគ្រប់គ្រងមណ្ឌលវិថីបុរាណហាណូយផងដែរ”

មណ្ឌលវិថីបុរាណហាណូយជាមួយនឹងតម្លៃដ៏អស្ចារ្យនៃបេតិកភណ្ឌវប្បធម៌រូបីនិងអរូបីយ កំពុងរួមចំណែកក្នុងការបង្កើតសញ្ញាសំគាល់ “ថាំងឡុង - ហាណូយមួយពាន់ឆ្នាំនៃវប្បធម៌”។ នាពេលខាងមុខនេះ គណៈគ្រប់គ្រងមណ្ឌលបុរាណហាណូយនឹងបន្តស្តារឡើងវិញនូវពិធីបុណ្យទាន សកម្មភាពសាសនានិងជំនឿរបស់ប្រជា ជន និងធ្វើពិពិធកម្មទម្រង់វប្បធម៌និងសិល្បៈគ្រប់ប្រភេទ ដើម្បីធ្វើឱ្យមណ្ឌលវិថីបុរាណហាណូយក្លាយជាមជ្ឈមណ្ឌលវប្បធម៌របស់ប្រទេសជាតិ ជាពិសេស ឈានដល់ការរៀបចំសំណុំបែបបទ ដាក់ជូនអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) សម្រាប់លើកតំកើងមណ្ឌលវិថីបុរាណហាណូយដ៏វិសេសវិសាលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ