អភិរក្សនិងលើកតម្កើងតម្លៃពិសេសនៃចម្រៀង Xoan - បេតិកភណ្ឌអរូបីរបស់មនុស្សជាតិ
(VOVWORLD) - នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៧ ចម្រៀង Xoan នៅ Phu Tho ត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) លើកតម្កើងជា បេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ។ ឆ្លងកាត់ដំណើរការអស់រយៈពេល ៦ ឆ្នាំ ពីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវកិច្ចការការពារជាបន្ទាន់ទៅជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងប្រជាជននៅទីនេះក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌចម្រៀង Xoan។ ទន្ទឹមនឹងមោទនភាពនៅពេលដែលចម្រៀង Xoan ក្លាយជាបេតិកភណ្ឌវប្បធម៌តំណាង មនុស្សជាតិមក ទំនួលខុសត្រូវក្នុងការបន្តអភិរក្ស និងលើកតម្កើងបេតិកភណ្ឌដ៏មានតម្លៃនេះ តែងតែត្រូវបានអាជ្ញាធរ និងប្រជាជនក្នុងតំបន់ផ្តោតការយកចិត្តទុកដាក់ពិសេសផងដែរ។
ការច្រៀង ចម្រៀង Xoan Phu Tho (រូបថត៖ baochinhphu.vn) |
នៅក្នុងផ្ទះតូចមួយដែលត្រូវបានផ្សាភ្ជាប់ជាមួយនឹងបទចម្រៀងមរតកជាច្រើនជំនាន់ សិប្បករវ័យចំណាស់នៃក្រុមចម្រៀង Xoan An Thai ឃុំ Phuong Lau ទីក្រុង Viet Tri ខេត្ត Phu Tho កំពុងបង្ហាត់បង្រៀនច្រៀងចម្រៀង Xoan ដល់ជំនាន់ក្មេងៗ។ កើតមកនិងធំដឹងក្តីនៅក្នុងលំយោលចម្រៀង Xoan ហើយថែមទាំងមានជីតា ជីដូន និងម្តាយទាំងអស់ សុទ្ធតែផ្សាភ្ជាប់ជាមួយចម្រៀង Xoan ហេតុដូច្នេះ តាំងពីកុមារភាព បងប្អូនពីរនាក់គឺ Bui Viet Hao និង Bui Nhu Quynh បានស្គាល់ចម្រៀង Xoan យ៉ាងច្បាស់ តាមរយៈការដើរតាមជីដូនជីតា និងម្តាយទៅហឹកហាត់។ ពីមួយថ្ងៃទៅមួយថ្ងៃ ចម្រៀង Xoan ហាក់ដូចជាបានជ្រៀបចូលក្នុងអារម្មណ៍ពួកគេ ហើយមិនដឹងថា មាន ចំណង់ចំណូលចិត្តតាំងពីពេលណាមកដែរ៖
“ខ្ញុំបានរៀនច្រៀងចម្រៀង Xoan តាំងពីអាយុ ៥ ឆ្នាំ ខ្ញុំបានបំផុសគំនិតដោយជីដូន និងម្តាយរបស់ខ្ញុំ។ ខ្ញុំចូលចិត្តច្រៀងចម្រៀង Xoan ហើយខ្ញុំបានទៅសម្តែងនៅកន្លែងជាច្រើនបម្រើអ្នកទស្សនាច្រើនដែរ។ ខ្ញុំពិតជាចង់ថែរក្សា និងអភិរក្សប្រភេទសិល្បៈនេះឲ្យគងវង្សជានិរន្ត”។
“នៅផ្ទះរបស់ខ្ញុំ មានម្តាយ ជីដូនជីតា សូម្បីតែបងប្រុសក៏សុទ្ធតែចូលរួមនៅក្នុងក្លឹបច្រៀងចម្រៀង Xoan ដែរ។ ខ្ញុំក៏ចូលចិត្តច្រៀង Xoan ខ្លាំងណាស់”។
Nền nghệ nhân hát Xoan
ដើម្បីអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌចម្រៀង Xoan ខេត្ត Phu Tho តែងតែផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការបង្ហាត់បង្រៀននិងអនុវត្តន៍នូវបេតិកភណ្ឌនេះ។ រហូតមកដល់ពេលនេះ ខេត្តបានបណ្តុះបណ្តាលសិប្បករជិត ១០០នាក់រួចហើយ ដែលអ្នកទាំងនេះអាចមានសមត្ថភាពហាត់ និងបង្រៀនច្រៀង Xoan យ៉ាងប៉ិនប្រសព។ នៅតាមភូមិ Xoan បានបង្កើតឡើង Xoan ៣ជំនាន់ ដែលជាសិប្បករជើងចាស់ សិល្បករបន្តវែន និងយុវជនដែលមានទេពកោសល្យមួយចំនួនធំដែរ។ កាលពីឆ្នាំមុន Phu Tho មានសិល្បករច្រៀង Xoan ចំនួន ១៣ នាក់ទៀត ដែលបានទទួលងារជា "សិប្បករឆ្នើម" ពីប្រធានរដ្ឋ។ សិល្បការិនីឆ្នើម Nguyen Thi Bien និងសិល្បការិនីឆ្នើម Bui Thi Luong នៃក្រុមចម្រៀង Xoan An Thai ឃុំ Phuong Lau ទីក្រុង Viet Tri បានចែករំលែកថា៖ “អារម្មណ៍មិនអាចបរិយាយបានទេនូវក្តីរំភើប សប្បាយចិត្ត រីករាយ មិនត្រឹមតែខ្ញុំទេ គ្រប់គ្នាក្នុងក្លឹបច្រៀងចម្រៀង Xoan ក៏សប្បាយចិត្តដូចគ្នា នៅពេលត្រូវបានបក្ស និងរដ្ឋផ្តោតការយកចិត្តទុកដាក់យ៉ាងដូច្នោះ”។
“យើងបានទទួលងារជាសិប្បករច្រៀង Xoan ដូច្នេះយើងត្រូវតែប្ដេជ្ញាបង្ហាត់បង្រៀនថែរក្សាការពារកុំឲ្យបេតិកភណ្ឌនេះត្រូវបាត់បង់ទៅ”។
ខេត្ត Phu Tho បាននាំយកចម្រៀង Xoan ទៅក្នុងសហគមន៍ ដើម្បីលើកកម្ពស់តួនាទីរបស់សហគមន៍ក្នុងការរក្សាទំនុកច្រៀង ដែលមានប្រភពពីសម័យស្តេចហុងមក។ ពីក្លឹបចម្រៀង Xoan ដើមដំបូង ចម្រៀង Xoan បានរីកសាយភាយទូទាំងទីរួមខេត្តខេត្ត ទីរួមស្រុកទាំង ១៣។ បច្ចុប្បន្ននេះ មានក្លឹបថ្នាក់ខេត្តចំនួន៣៤ ដែលមានសិល្បៈករ សិល្បការិនីចូលរួមជាង ១.៥០០នាក់ កើនឡើង ២៣ដង បើធៀបនឹងពេលមុនការច្រៀង Xoan ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបី ត្រូវកិច្ចការការពារជាបន្ទាន់ក្នុងឆ្នាំ២០១១។ មិនត្រឹមតែប៉ុណ្ណោះ ចម្រៀង Xoan ក៏ត្រូវបានអនុវត្តនៅក្លឹប ច្រៀង Xoan និងចម្រៀងប្រជាប្រិយនៅថ្នាក់ស្រុកចំនួន ៦៤ និងក្លឹបនៃការច្រៀង Xoan និងចម្រៀងប្រជាប្រិយនៅថ្នាក់ឃុំ ចំនួន ៤២ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់។ លោកស្រី Pham Thi Bich ក្លឹបចម្រៀង Xoan សម្រាប់មនុស្សចាស់នៅឃុំ Minh Dai ស្រុក Tan Son ខេត្ត Phu Tho បានឲ្យដឹងថា៖
“ នៅពេលដែលខ្ញុំមិនទាន់បានចូលរួមក្លឹបចម្រៀង Xoan ការច្រៀង Xoan គឺជាអ្វីដែលខ្ញុំមិនយល់ ហើយមិនស្គាល់ភាពស្រស់ស្អាតនៅក្នុងការច្រៀង Xoan ទាល់តែសោះ។ ពេលខ្ញុំជាសមាជិកក្លឹបចម្រៀង Xoan ខ្ញុំបានរកឃើញថា ទំនុកច្រៀងគឺបង្កប់ដោយមនុស្សជាតិ ហើយរៀបរាប់ពីដំណើរជីវិត ការផលិត និងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងសម័យស្តេចហុង។ រហូតមកដល់ពេលនេះ ចម្រៀង Xoan នៅតែរក្សាបានប្រពៃណីនៃប្រទេសជាតិ”។
ដើម្បីជួយសម្រួលដល់ការបង្រៀន និងការអនុវត្តបេតិកភណ្ឌច្រៀង Xoan ខេត្ត Phu Tho បានស្តារឡើងវិញនូវចម្រៀង Xoan និងធ្វើឱ្យស្ថាប័នវប្បធម៌សម្រាប់អនុវត្តបេតិកភណ្ឌយ៉ាងល្អប្រសើរ។ ផ្ទះសហគមន៍ និងទីសក្ការបូជាដែលទាក់ទងនឹងការច្រៀង Xoan ត្រូវបានស្ដារឡើងវិញ។ ទន្ទឹមនឹងនោះ ការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌចម្រៀង Xoan ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ធ្វើឲ្យចម្រៀង Xoan ជាផលិតផលទេសចរណ៍ពិសេសរបស់ខេត្ត។ លោក Nguyen Dac Thuy ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Phu Tho បានឲ្យដឹងថា៖
“នាពេលខាងមុខ យើងនឹងបន្តអនុវត្តគម្រោងការអភិរក្សចម្រៀង Xoan របស់ខេត្ត Phu Tho ក្នុងនោះផ្តោតសំខាន់លើវិស័យមូលដ្ឋានដូចជា៖ បន្តកែលម្អលំហសម្រាប់អភិរក្សបេតិកភណ្ឌវប្បធម៌។ បន្តរៀបចំសកម្មភាពបង្រៀន។ យើងនឹងបន្តស្រាវជ្រាវ ប្រមូលសម្ភារៈដើម្បីស្ដារឡើងវិញនូវពិធី និងការអនុវត្តដែលទាក់ទងនឹងការច្រៀង Xoan និងបំពេញខ្លឹមសារដែលទាក់ទងនឹងការបោះពុម្ពផ្សាយចម្រៀង Xoan។ ជាពិសេស យើងនឹងរៀបចំការថតសំឡេង រក្សារបទចម្រៀង Xoan ដើម្បីធ្វើជាឯកសារឃោសនា ក៏ដូចជាសម្ភារៈបង្រៀននៅតាមសាលារៀនផងដែរ”។
ភារកិច្ចអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌចម្រៀង Xoan ដែលផ្សាភ្ជាប់នឹងជំនឿគោរពបូជាស្តេចហុង ត្រូវបានខេត្ត Phu Tho អនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ពីទីធ្លាផ្ទះសហគមន៍បុរាណ សព្វថ្ងៃនេះ ការច្រៀង Xoan បានកំពុងបន្លឺកងរំពងពាសពេញទឹកដីពិសិដ្ឋ ផ្សាភ្ជាប់សហគមន៍ និងរីកសាយភាយ បង្កើនភាពស្រស់ស្អាតនៃទម្រង់សិល្បៈប្រជាប្រិយវៀតណាម៕