អភិរក្សនិងអភិវឌ្ឍន៍សម្លៀកបំពាក់ អាវផាយ បែបប្រពៃណី
(VOVWORLD) - បើនិយាយពីសម្លៀកបំពាក់បែបប្រពៃណីរបស់វៀតណាម ប្រជាជនគ្រប់រូបនឹងនឹកស្រមៃដល់ អាវផាយ (ដែលភាសាវៀតណាមហៅថា Ao dai) ភ្លាមៗ។ អាវផាយវៀតណាមបានផ្ទុកនូវកម្រាស់ប្រវត្តិសាស្ត្រនិងទំនៀមទម្លាប់វប្បធម៌របស់ប្រទេសជាតិ។ អស់រយៈពេលជាច្រើនជំនាន់មកហើយ រហូតមកដល់បច្ចុប្បន្ននេះ អាវផាយតែងតែបានអភិរក្សនិងអភិវឌ្ឍន៍អាស្រ័យតាមកម្រាស់ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហានៃការអភិរក្សនិងការអភិវឌ្ឍ អាវផាយ បែបប្រពៃណីត្រូវបានរំលឹកដល់កាន់តែច្រើនៗផងដែរ។
និស្សិតនារីស្លៀកពាក់អាវផាយបែបប្រពៃណី (រូបថត៖ Ngoc Anh) |
អាវផាយគឺជាសម្លៀកបំពាក់ច្នៃប្រឌិតថ្មីពីអាវបួនផ្ទាំង។ អាវផាយត្រូវបានពាក់ជាមួយនឹងខោ គ្របលើរាងកាយពីករហូតដល់ជង្គង់និងសម្រាប់ទាំងបុរសនិងស្ត្រី ប៉ុន្តែឥឡូវនេះ ត្រូវបានគេស្គាល់ជាទូទៅថាជាសម្លៀកបំពាក់របស់ស្ត្រី។ អាវផាយបែបប្រពៃណី ត្រូវបានដេរអោបភ្ជាប់នឹងដងខ្លួន កញ្ចឹងកខ្ពស់ ដៃអាវតឹង បិទឡេវតត្រង់ និងប្រវែងអាវប្រហែលដល់ជង្គង់។ សព្វថ្ងៃ អ្នករចនាម៉ូដ វិចិត្រករនិងសិប្បករមានការរចនាម៉ូដអាវផាយឲ្យទាន់សម័យ ដោយក្រណាត់សម្បូរបែប ហើយតុបតែងលើអាវក្បូរក្បាច់ដ៏វិសេសវិសាល ប៉ុន្តែនៅតែរក្សាលក្ខណៈពិសេសបែបប្រពៃណី។ រូបភាពរបស់អាវផាយក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងផ្លិតក្រដាស់ ឈ្នួតឈូក និងដួនស្លឹកទៀតផង។ នារីវៀតណាមពេលស្លៀកពាក់អាវផាយ តែងតែបញ្ចេញសម្រស់ទន់ភ្លន់និងសមសួនណាស់។ តារាសម្តែងស្រី Dinh Thi Thuy Ha បានសំណេះសំណាលថា៖ “ផ្តើមចេញពីការស្រឡាញ់របស់ខ្ញុំចំពោះអាវផាយ បានជាខ្ញុំនិងមិត្តម្នាក់ទៀត បានសហស្ថាបនិកពាណិជ្ជសញ្ញាអាផាយ Sen។ អាវផាយវៀតណាមពិតជាស្អាតណាស់។ នៅពេលដែលស្ត្រីជនជាតិវៀតណាមពាក់អាវផាយ និងធ្វើឲ្យសម្រស់និងរូបរាងរបស់នាងកាន់តែស្រស់ស្អាត សមសួនណាស់។ មនុស្សគ្រប់គ្នាគោរពនិងស្រឡាញ់ អាវផាយ។ មនុស្សគ្រប់គ្នាតែងតែគិតថា ការស្លៀកអាវផាយ ត្រូវបានពាក់តែនៅក្នុងព្រឹត្តិការណ៍សំខាន់ៗប៉ុណ្ណោះ ប៉ុន្តែសូមជម្រាបថា អាវផាយ អាចត្រូវបានប្រើនៅក្នុងគ្រប់កាលៈទេសៈទាំងអស់ក៏ដូចជានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃទៀតផង”។
ដើម្បីធ្វើឱ្យអាវផាយពិតជាទទួលបានការពេញនិយមពីសំណាក់សាធារណៈជនអ្នករចនាត្រូវធានានូវលក្ខណៈ វិនិច្ឆ័យវប្បធម៌ជាមុនសិន បន្ទាប់មកជ្រើសរើសយកសម្ភារៈនិងវត្ថុធាតុដើមដែលសមស្របសម្រាប់មនុស្សម្នាក់ៗ ហើយថែមទាំងសមស្របនឹងអាកាសធាតុ តាមរដូវកាលនីមួយៗ។ អាវផាយបែបទំនើបនិងស្រស់ស្អាតដែលប្រកបអត្តសញ្ញាណប្រពៃណី មានសារៈសំខាន់ណាស់។ ចំពោះអាវផាយសម្រាប់បុរសមិនសូវមានការផ្លាស់ប្តូរប៉ុន្មានទេ ប៉ុន្តែសម្រាប់ស្ត្រីវិញ មានការផ្លាស់ប្តូរច្រើនដែរ។ លោក Pham Van Tuyen សិប្បករកាត់ដេរអាវផាយបានឲ្យដឹងថា៖ “អាវផាយបែបប្រពៃណីដែលបានប្រើប្រាស់ក្នុងសម័យទំនើបត្រូវតែធានាបាននូវភាពងាយស្រួលប្រើប្រាស់ ងាយស្រួលយកទៅធ្វើការ ហើយវត្ថុធាតុដើមសម្រាប់ដេរអាវផាយក៏មានលក្ខណៈសមរម្យដែរ។ យ៉ាងណាមិញ ការដាក់វប្បធម៌ប្រពៃណីក្នុងការរចនាសំលៀកបំពាក់អាវផាយ ដែលលក្ខណៈវិនិច្ឆ័យទាំងពីរនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយគ្នា”។
ឆ្លងកាត់ដំណាក់កាលនៃការអភិវឌ្ឍន៍ដោយមានការកែលម្អនិងការច្នៃប្រឌិតថ្មី វត្ថុធាតុដើមសម្រាប់រចនាម៉ូដ ទាំងពណ៌និងលំនាំរបស់ជនជាតិវៀតណាម កំពុងតែបង្ហាញពីភាពរឹងមាំរបស់អាវផាយវៀតណាម។ ពោលគឺអាវផាយតែងតែត្រូវបានពាក់នៅកន្លែងធ្វើការនាថ្ងៃដំបូងចាប់ផ្តើមអាទិត្យ និងស្លៀកពាក់ក្នុងពិធីបុណ្យទានសំខាន់ៗរបស់ប្រទេសជាតិ ដែលរួមចំណែកលើកកម្ពស់សម្រស់នៃវប្បធម៌វៀតណាម និងផ្សព្វផ្សាយទេសចរណ៍វៀតណាមផង។ លោក Nguyen Duc Binh ប្រធានក្លឹបសាលាភូមិវៀត បានឲ្យដឹងថា៖ “អាវផាយ គឺជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃ និងមានអត្តសញ្ញាណវប្បធម៌។ អាវផាយ មិនត្រឹមតែជាអាវ សាមញ្ញប៉ុណ្ណោះទេ វាថែមទាំងមានផ្ទុកនូវភាពប៉ិនប្រសប់និងបុគ្គលិកលក្ខណៈរបស់ប្រជាជនវៀត ណាមទៀតផង។ ខ្ញុំគិតថា អាវផាយគួរដាក់នៅក្នុងសាលារៀន ដើម្បីយុវជន យុវនារីអាចពាក់ក្នុងពិធីបុណ្យ ហើយប្រការនេះ ដែលអប់រំមោទនភាពជាតិ”។
សិក្ខាសាលាស្តីអំពីអាវផាយបែបប្រពៃណី៖ បញ្ហាអភិរក្សនិងអភិវឌ្ឍន៍អាវផាយនៅក្នុងសង្គមបច្ចុប្បន្ន (រូបថត៖ Ngoc Anh) |
ទន្ទឹមនឹងការអភិវឌ្ឍន៍និងការកែច្នៃអាវផាយជាការថែរក្សានូវសម្លៀកបំពាក់ជាតិនេះ។ នៅតាមតំបន់ជាច្រើន ការកសាងកន្លែងវប្បធម៍សម្រាប់តាំងបង្ហាញអាវផាយបែបប្រពៃណី តាមរយៈសារមន្ទីរ កេរដំណែលប្រវត្តិសាស្ត្រវប្បធម៌និងការផ្សព្វផ្សាយអាវផាយនៅតាមពិព័រណ៍នានាក៏ត្រូវបានជំរុញយ៉ាងខ្លាំងផងដែរ។
យ៉ាងណាមិញ អាវផាយបែបប្រពៃណី កំពុងបានអភិវឌ្ឍយ៉ាងទូលំទូលាយនៅក្នុងសង្គមសព្វថ្ងៃ។ ប៉ុន្តែ ដើម្បីឱ្យអាវផាយក្លាយជាសម្លៀកបំពាក់ថ្នាក់ជាតិ ត្រូវការការយកចិត្តទុកដាក់និងការចូលរួមពីភ្នាក់ងារគ្រប់គ្រងរដ្ឋផងដែរ។ បណ្ឌិត Tran Thi Quoc Khanh សមាជិការសភាទីក្រុងហាណូយបានមានប្រសាសន៍ ថា៖ “យើងខ្ញុំបានដាក់សំណើជាលាយលក្ខណ៍អក្សរជូនទៅក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ដើម្បីរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសម្លៀកបំពាក់តំណាងជាតិនិងផ្កាតំណាងជាតិ។ ថ្នាក់ដឹកនាំរដ្ឋជាច្រើនរូប បានចែករំលែកនូវចំណាប់អារម្មណ៍របស់ខ្លួនក្នុងការគាំទ្រដល់ច្បាប់នេះ ដើម្បីចូលជាធរមានក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ យ៉ាងណាមិញ ពិធីកាន់ដំណែង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសជាតិ អាចពាក់អាវផាយផងដែរ”។
អាវផាយបង្កបនូវមោទនភាពរបស់ប្រជាជនវៀតណាម ដូចជាសមិទ្ធិផលវប្បធម៌មួយដែលមានកម្រាស់ប្រវត្តិយូរលង់ណាស់មកហើយ។ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍កំពុងពិចារណាដើម្បីទទួលស្គាល់អាវផាយជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ដោយឈានដល់រៀបចំឯកសារអាវផាយវៀតណាម ហើយបញ្ជូនទៅអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ពិចារណានិងចុះឈ្មោះអាវផាយរបស់វៀតណាមជាតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ហេតុដូច្នេះ ការអភិរក្សនិងអភិវឌ្ឍន៍អាវផាយបែបប្រពៃណីគឺជាការងារចាំបាច់ តាមនោះ សញ្ញាសំគាល់វប្បធម៌របស់អាវផាយវៀតណាមតែងតែបានលើកស្ទួយតម្លៃរបស់ខ្លួននិងអភិវឌ្ឍនៅក្នុងអំឡុងពេលធ្វើសមាហរណកម្មអន្តរជាតិនាបច្ចុបន្ននេះ៕