RCEP៖ ឱកាសសម្រាប់ផ្នែកទំនិញនាំចេញជាច្រើនរបស់វៀតណាម

(VOVWORLD) - កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) រួមមាន ប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចំនួន ១០ និងដៃគូ ចំនួន ៥ គឺចិន ជប៉ុន នូវែលហ្សេឡង់ អូស្រា្តលី និងកូរ៉េខាងត្បូង ហើយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ដែលមានស្តង់ដារខ្ពស់រួមទាំងការសន្យាបើកទ្វារយ៉ាងទូលំទូលាយ។ 
RCEP៖ ឱកាសសម្រាប់ផ្នែកទំនិញនាំចេញជាច្រើនរបស់វៀតណាម - ảnh 1កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី ជាមួយនឹងស្តង់ដារខ្ពស់ និងការប្តេជ្ញាចិត្តបើកចំហយ៉ាងទូលំទូលាយ (រូបថត៖ vnexpress)

ចាប់តាំងពីពេលចូលជាធរមានមក សហគ្រាសវៀតណាមបានក្ដាប់ជាប់ឱកាសយ៉ាងឆាប់រហ័សក្នុងការបង្កើនទំនិញនាំចេញទៅកាន់ទីផ្សារ RCEP ព្រមទាំងម្ចាស់ការលើកកម្ពស់ស្តង់ដារ គុណភាពសម្រាប់ទំនិញនាំចេញ ដើម្បីមានកម្លាំងប្រកួតប្រជែងយ៉ាងពេញលេញ និងទទួលផលពីកិច្ចព្រមព្រៀង។

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូលជាធរមានចាប់ពីដើមឆ្នាំ ២០២២ ហើយភាគីពាក់ព័ន្ធនានាបានអនុវត្តន៍ភ្លាមៗនូវការសន្យារបស់ខ្លួន ក្នុងនោះសន្យាកាត់បន្ថយ ៦៤% លំហូរពន្ធ បន្ទាប់ពីកិច្ចព្រមព្រៀងនេះចូលជាធរមាន។ នៅចុងបញ្ចប់នៃផែនការ (ក្រោយរយៈពេល ២០ ឆ្នាំ) វៀតណាមនឹងលុបចោលជិត ៩០% នៃលំហូរពន្ធចំពោះប្រទេសដៃគូ ខណៈពេលដែលបណ្ដាប្រទេសដៃគូនឹងលុបចោលជាង ៩០% នៃលំហូរពន្ធសម្រាប់វៀតណាម ហើយបណ្ដាប្រទេសជាសមាជិកអាស៊ាននឹងលុបចោល លំហូរពន្ធស្ទើរតែទាំងអស់ សម្រាប់វៀតណាម។ លោកស្រី Nguyen Thi Quynh Nga អនុប្រធាននាយកដ្ឋានពាណិជ្ជកម្មពហុភាគី ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖ “ចំណុចខុសប្លែកនៃកិច្ចព្រមព្រៀងនេះគឺ ជំនួសឱ្យកិច្ចព្រមព្រៀង FTA ចំនួន៥ រវាងអាស៊ាន និងដៃគូមុនៗ យើងត្រូវអនុវត្តន៍ និងគោរពក្រមស្តង់ដារប្រភពដើមចំនួន ៥ សម្រាប់ទំនិញនាំចេញទៅកាន់ទីផ្សារនេះទទួលបានអនុគ្រោះពន្ធ ប៉ុន្តែកិច្ចព្រមព្រៀងនេះបានបង្កើតក្រមបទបញ្ញត្តិប្រភពដើមយ៉ាងសុខដុមរមនា ពោលគឺនាបច្ចុប្បន្ននេះ សហគ្រាសវៀតណាមអាចប្រើប្រាស់វត្ថុធាតុដើមពីគ្រប់ប្រទេសនៅក្នុងតំបន់ RCEP រួមមានប្រទេសជាសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូចំនួន ៥ ដើម្បីផលិតទំនិញ និងនាំចេញទៅកាន់ប្រទេសជាសមាជិក RCEP ទាំងអស់គឺសុទ្ធតែទទួលបានអនុគ្រោះពន្ធ បើឆ្លើយតបតាមបទបញ្ញត្តិប្រភពដើមផងដែរ”។

កិច្ចព្រមព្រៀង RCEP បានបង្កើតបរិយាកាសប្រកួតប្រជែងយ៉ាងតឹងរឹងជាង  ដូច្នេះ ហើយសហគ្រាសវៀតណាមបានម្ចាស់ការ ត្រៀមខ្លួនជាស្រេចសម្របខ្លួនជាមួយបរិយាកាសប្រកួតប្រជែង ម្ចាស់ការចំពោះវិធានការស្វ័យការពារពាណិជ្ជកម្ម ដែលប្រទេសជាច្រើនបានអនុវត្តន៍សម្រាប់ទំនិញនាំចេញពីប្រទេសផ្សេងៗ។ ការចុះហត្ថលេខា និងអនុវត្តន៍ RCEP គឺជាឱកាសសម្រាប់សហគ្រាសវៀតណាម ដែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេសនានា។ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien បានឲ្យដឹងថា៖ “ការអនុវត្តកិច្ចព្រមព្រៀង RCEP ជាមួយបទបញ្ញត្តិប្រភពដើមរួម ដែលបានអនុវត្តន៍សម្រាប់ប្រទេសទាំង ១៥ ត្រូវបានរំពឹងថានឹងបង្កើតឱកាសដ៏ធំធេងសម្រាប់សហគមន៍ធុរកិច្ចវៀតណាមអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី។ ទន្ទឹមនឹងនោះ បើកលំហផលិតកម្មរួម ដែលជាទីផ្សារនាំចេញប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់តំបន់ ព្រោះថា ប្រទេសជាសមាជិកកិច្ចព្រមព្រៀងនេះជាច្រើនត្រូវបានចាត់ទុកថាជាទីតាំងផ្គត់ផ្គង់វត្ថុធាតុដើម និងសំភារៈជាយុទ្ធសាស្ត្រដ៏ធំរបស់ពិភពលោកដូចជាចិន ករ៉េខាងត្បូង និងបណ្ដាប្រទេសជាសមាជិកអាស៊ាន ហើយនោះគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ជួរមុខរបស់វៀតណាមដូចជា ចិន កូរ៉េខាងត្បូង ជប៉ុន ជាមួយទំហំពាណិជ្ជកម្មនាំចេញ នាំចូលស្រូបយក ១/២ នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសជាតិទាំងមូល។ នេះគឺជាកាលានុវត្ថភាពផង និងជាការសាកល្បងផងសម្រាប់សហគ្រាសវៀតណាមដើម្បីធ្វើពិពិធកម្ម និងបង្កើនប្រសិទ្ធភាពនៃប្រភពវត្ថុធាតុដើម ដើម្បីលើកកម្ពស់ផលិតភាព គុណភាព និងការប្រកួតប្រជែងរបស់ផលិតផល ក៏ដូចជាជួយសម្រួលពាណិជ្ជកម្ម ជំរុញការនាំចេញរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិផងដែរ”។

RCEP៖ ឱកាសសម្រាប់ផ្នែកទំនិញនាំចេញជាច្រើនរបស់វៀតណាម - ảnh 2រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien (រូបថត៖ VNA)

តាមទស្សនៈពាណិជ្ជកម្ម បណ្តាប្រទេស RCEP គឺជាប្រភពផ្គត់ផ្គង់ទំនិញនាំចូលដ៏ធំបំផុតចូលវៀតណាម ជាពិសេសគឺវត្ថុធាតុដើម គ្រឿងម៉ាស៊ីន និងឧបករណ៍បម្រើដល់ផ្នែកបច្ចេកវិទ្យា ដែលមានគុណភាព ដើម្បីកែលម្អសមត្ថភាពផលិតកម្ម និងប្រកួតប្រជែង។ ទន្ទឹមនឹងនេះ សហគ្រាសទទួលបានការអនុគ្រោះពន្ធ នៅពេលនាំចេញទំនិញក្នុងតំបន់ RCEP។ ទោះជាយ៉ាងណាក៏ដោយ ប្រភពផ្គត់ផ្គង់ពីបណ្តាប្រទេស RCEP ក៏អាចបង្កការលំបាកដល់សហគ្រាសប្រកួតប្រជែងនៅទីផ្សារវៀតណាម។ លោក Nguyen Anh Duong ប្រធានគណៈសិក្សាស្រាវជ្រាវទូទៅ នៃវិទ្យាស្ថានសិក្សារស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹម (CIEM) បានឲ្យដឹងថា៖ “សហគ្រាសត្រូវតែមានយុទ្ធសាស្ត្រដើម្បីលើកកម្ពស់សមត្ថភាពផលិកម្ម ពោលគឺត្រូវផ្ដោតសំខាន់លើការប្រកួតប្រជែងតម្លៃផង និងការប្រកួតប្រជែងគុណភាពទៀតផង។ យើងត្រូវឆ្លើយតបតាមស្តង់ដារ បទបញ្ញត្តិថ្មីអំពីទំនិញនាំចេញទៅកាន់ទីផ្សារបរទេស។ ទន្ទឹមនឹងនេះ សហគ្រាសក៏ត្រូវទាញយកឱកាសដើម្បីទទួលបានការផ្ទេរប្រគល់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពីដៃគូបរទេសផងដែរ”។

របាយការណ៍របស់មជ្ឈមណ្ឌល WTO និងសមាហរណកម្ម (សហព័ន្ធពាណិជ្ជកម្ម និងកិច្ចការសាធារណៈវៀតណាម) បានឲ្យដឹងថា បណ្ដាប្រទេសដៃគូជាសមាជិក RCEP គឺជាវិនិយោគិនបរទេសធំបំផុតនៅវៀតណាម។ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង ១០ ដែលបានវិនិយោគផ្ទាល់ពីបរទេសច្រើនបំផុតនៅវៀតណាម គឺមានប្រទេសចំនួន ៦ ជាសមាជិក RCEP (រួមទាំងកូរ៉េខាងត្បូង ជប៉ុន សិង្ហបុរី ចិន ម៉ាឡេស៊ី និងថៃ)។ នេះអាចជាឱកាសសម្រាប់សហគ្រាសវៀតណាមដែលកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេសផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ