ល្បាក់ទឹក A Nôr - តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយនៅស្រុក A Luoi ខេត្ត Thua Thien Hue

(VOVWORLD) -  ស្រុកព្រៃភ្នំ A Luoi ខេត្ត Thua Thien Hue ដែលបានធម្មជាតិអំណោយផលឲ្យមានទេសភាពស្រស់បំព្រងជាច្រើន ដូចជា៖ ព្រៃស្រោង A Roang, ល្បាក់ទឹក A Nôr, ទឹកជ្រោះ A Lin និងទឹកជ្រោះ Pâr Le ជាដើម។ នៅលើទីធ្លាដ៏ធំល្វឹងល្វើយនៃភ្នំ Truong Son នេះ  អ្នកនឹងរីករាយបានត្រាំខ្លួនក្នុងទឹកជ្រោះដ៏ត្រជាក់ និងគយគន់ទឹកជ្រោះធ្លាក់បែកពពុះពណ៌សក្បោះ ដែលហូរចុះពីកម្ពស់រាប់រយម៉ែត្រផងដែរ។

ល្បាក់ទឹក A Nôr - តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយនៅស្រុក A Luoi ខេត្ត Thua Thien Hue - ảnh 1ល្បាក់ទឹកធ្លាក់ A Nor ស្ថិតនៅឃុំ Hong Kim ស្រុក A Luoi ដែលជាតំបន់ទេសចរណ៍គួរអោយទាក់ទាញសម្រាប់ភ្ញៀវមកពីគ្រប់ទីកន្លែង (រូបថតៈ VOV) 

អ្នកណាក៏ដោយ ឲ្យតែបានធ្លាប់ទៅកាន់ A Luoi ច្បាស់ជាធ្លាប់លឺគេនិយាយថា “បើសិនជាមិនបានទៅលេងទឹកធ្លាក់ A Nor ហាក់ដូចជាមិនទាន់ទៅដល់ A Luoi នោះឡើយ”។ នេះគឺជាការ កោតសរសើរចំពោះសម្រេស់ក៏ស្អាតអស្ចារ្យនិងគួរឲ្យទាក់ទាញរបស់តំបន់ល្បាក់ទឹក A Nôr។ ពីទីរួមស្រុក  A Luoi ធ្វើដំណើរតាមផ្លូវលំហូជីមិញប្រហែល ២ គីឡូម៉ែត្រ ឆ្ពោះទៅខាងជើង បន្ទាប់មកបត់ស្តាំ ដើរថ្មើរជើងក្រោមម្លប់ព្រៃឈើត្រជាក់ល្ហឹម អ្នកនឹងមកដល់រមណីយដ្ឋានទឹកធ្លាក់ A Nôr  ក្នុងឃុំ Hong Kim។ ថ្វីត្បិតតែនៅពីចម្ងាយរាប់រយម៉ែត្រក៏ដោយ ប៉ុន្តែយើងក៏អាចទទួលអារម្មណ៍ពីភាពអស្ចារ្យនៃទឹកជ្រោះ A Nôr តាមរយៈសំឡេងទឹកហូរលាន់លឺគ្រលួច។ ខិតជិតមកដល់ A Nôr ត្រដែតឡើងដោយមានកំពូលទឹកជ្រោះចំនួន ៣ នៅកម្ពស់ផ្សេងគ្នា ដែលក្នុងនោះទឹកជ្រោះខ្ពស់ជាងគេគឺជាង ១២០ ម៉ែត្រ។ កំពូលទឹកជ្រោះទាំង ៣ នេះលាក់ខ្លួនក្នុងព្រៃស្រោង លាតសន្ធឹងដូចសក់របស់នារីជនជាតិ Pa Co អញ្ជឹង។

នៅជើងទឹកជ្រោះគឺជាបឹងដ៏ធំល្មមមួយ ដូច្នេះអ្នកអាចរីករាយនឹងហែលទឹក ត្រាំក្នុងទឹកត្រ ជាក់ លេងសប្បាយជាមួយសាច់ញាតិ មិត្តភក្តិនិងស្តាប់សត្វបក្សីស្រែកយំទ្រហឹងនៅលើដើម ឈើ។ តាមដំណើរកម្សាន្តនេះ កានឿយហត់ ទុក្ខព្រួយក្នុងជីវភាពប្រចាំថ្ងៃរបស់អ្នកហាក់ដូចជារលាយតាមរយៈទឹកជ្រោះ ហើយអារម្មណ៍ស្រស់ស្រាយនឹងមករកអ្នកជាពុំខាន។ លោក Pham Minh Vui មកពីទីក្រុង Ba Don ខេត្ត Quang Binh បានចែករំលែកថា៖ “ក្រុមគ្រួសារខ្ញុំបានមកលេងរមណីដ្ឋាន A Luoi និងត្រូវបានងូតក្នុងទឹកជ្រោះ A Nôr ដ៏ត្រជាក់ជាទីមនោរម្យ។ នៅទីនេះយើងក៏បានរីករាយនឹងម្ហូបបែបប្រពៃណីរបស់ជនជាតិភាគតិចដ៏ឆ្ងាញ់ពិសារ។ ខ្ញុំមានអារម្មន៍ថា ពិត្តជាគួរអោយចាប់ចិត្តណាស់ ព្រោះថា ដំណើរកម្សាន្តនេះបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនសម្រាប់គ្រួសារខ្ញុំ។ ប្រសិនបើខ្ញុំបានទៅ A Luoi ម្តងទៀត ខ្ញុំនឹងនាំក្រុមគ្រួសាររបស់ខ្ញុំទៅងូតទឹកនៅឯល្បាក់ទឹកធ្លាក់ A Nôr ជាពុំខាន”។

អ្នកទេសចរជាច្រើន ពេលមកទស្សនាទឹកធ្លាក់ A Nôr សុទ្ធតែមានអារម្មណ៍ថា A Nôr មិនត្រឹមតែស្រស់ស្អាតនិងសមសួនដូចនារីក្រមុំនៅតំបន់ភ្នំប៉ុណ្ណោះទេ ប៉ុន្តែ A Nôr ថែមទាំង ពោរពេញដោយរូបសម្រស់ស្រស់ស្អាតនិងរឹងមាំរបស់កំលោះជនជាតិ Pa Co ទៀតផងដែរ។ ។ បន្ទាប់ពីងូតទឹកជ្រោះ និងគយគន់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតមក ពិតណាស់ថា អ្នកនឹងត្រូវឃ្លានអាហារ។ នៅពេលនេះ អ្នកអាចជួលតូបមួយពីក្រុមទេសចរណ៍សហគមន៍ ដើម្បីសម្រាកនិងរីករាយនឹងម្ហូបបែបប្រពៃណីរបស់ប្រជាជន ជនជាតិ Ta Oi និង Pa Co។ លោកស្រី Ho Thi Lan សមាជិកក្រុមទេសចរណ៍សហគមន៍ ភូមិ A Tia បានអោយដឹងថា៖ “យើងខ្ញុំបានត្រៀមរៀបចំគ្រឿងផ្សំ ដើម្បីចម្អិនម្ហូបបែបប្រពៃណីសម្រាប់បម្រើភ្ញៀវទេសចរ។ យើងមានបាយដំណើប ត្រីដុត សាច់មាន់ដុត នំ A Quat  បន្លែព្រៃ និងស្រា។ អ្នកទេសចរដើរតាមទួរ អាចកុម្ម៉ង់ម្ហូបជាមុន ខណៈភ្ញៀវដើរដោយខ្លួនឯង នឹងជ្រើសរើសម្ហូបពេលមកដល់កន្លែង។ ប្រសិនបើ ភ្ញៀវយកម្ហូបផ្ទាល់ខ្លួន យើងខ្ញុំឲ្យជួលផ្ទះបាយតាមតម្រូវចិត្តរបស់ភ្ញៀវ”។

ល្បាក់ទឹក A Nôr - តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយនៅស្រុក A Luoi ខេត្ត Thua Thien Hue - ảnh 2អ្នកទស្សនារីករាយត្រាំខ្លួនក្នុងទឹកត្រជាក់ 

ទន្ទឹមនឹងម្ហូបអាហារនោះ វប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅ A Luoi ក៏មានលក្ខណៈវិសេសវិសាលជាច្រើនផងដែរ។ ប្រសិនបើ អ្នកចង់ស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណី និងពិធីបុណ្យទាននានារបស់ប្រជាជន អ្នកគួរមកដល់ភូមិ Viet Tien ដែលមានទីតាំងនៅច្រកចូលតំបន់ទេសចរណ៍តែម្តង ដើម្បីរីករាយនឹងបទចំរៀងប្រពៃណី និងស្តាប់សូរសំឡេងគង់ឃ្មោះ របស់បុរសនិងនារីជនជាតិ Ta Oi, Pa Co។ នៅទីនេះ ចាស់ទុំក្នុងភូមិ នឹងរៀបរាប់ឲ្យអ្នកដឹង អំពីប្រវត្តិនៃការតស៊ូវីរភាពក៏ដូចជា អត្តសញ្ញាណវប្បធម៌របស់ប្រជាជននៅតំបន់ព្រៃភ្នំ A Luoi។ អ្នកនឹងដឹងបន្ថែមថា ក្រៅពី ផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតនោះ តំបន់នេះក៏ជា “ដីដែក” ពោលគឺជាមូលដ្ឋានបដិវត្តរបស់គណៈកម្មាធិការបក្ស Tri Thien ក្នុងសង្គ្រាមប្រឆាំងអាមេរិកនិងជួយសង្រ្គោះប្រទេស។

លោក Nguyen Manh Hung ប្រធានគណៈកម្មាធិការប្រជាជនស្រុក A Luoi បានអោយដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាល្បាក់ទឹកធ្លាក់ A Nôr នាប៉ុន្មានឆ្នាំថ្មីៗនេះ ស្រុកបានវិនិយោគលើការកសាងផ្លូវ ទាញអគ្គិសនីចូលតំបន់ទេសចរណ៍និងលើកទឹកចិត្តប្រជាជនមកចូលរួមធ្វើទេសចរណ៍។

“នាពេលអនាគត ខណៈពេលដែលមិនទាន់មានអ្នកវិនិយោគនោះ ស្រុកបានបង្កើតក្រុមសហករណ៍ ដើម្បីធ្វើអាជីវកម្មលើទីតាំងទេសចរណ៍នេះ។ យើងខ្ញុំក៏រៀបចំផែនការមេនិងបន្តអំពាវនាវឲ្យវិនិយោគិន បង្ហើយហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់ទេសចរណ៍។ សម្រាប់ប្រជាជនដែលចូលរួមក្នុងវិស័យទេសចរណ៍ ស្រុកបានផ្តល់ថវិកាដំបូង ព្រមទាំងបានបើកវគ្គបណ្តុះបណ្តាល និងណែនាំអំពីរបៀបធ្វើទេសចរណ៍។ យើងខ្ញុំក៏កំពុងបង្កើនការជំរុញនិងផ្សព្វផ្សាយដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងបរទេស ទៅទស្សនាតាមគោលដៅទេសចរណ៍ធម្មជាតិជំវិញខេត្ត ក៏ដូចជាតំបន់ទឹកធ្លាក់ A Nôr ផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Manh Hung។

ក្រៅពីទឹកធ្លាក់ A Nôr មក នៅតំបន់ A Luoi មានតំបន់ទេសចរណ៍ធម្មជាតិគួរឱ្យទាក់ទាញជាច្រើនទៀត ដូចជា ទឹកជ្រោះ A Lin, ទឹកជ្រោះ Pâr Le ជាដើម។ អ្នកគួរធ្វើទេសចរណ៍មកកាន់ស្រុក A Luoi ខេត្ត Thua Thien Hue ម្តង ដើម្បីលងអាម្មណ៍ក្នុងលំហដ៏ធំល្វឹងល្វើយនៃភ្នំ Truong Son រីករាយនឹងអាកាសធាតុត្រជាក់ហើយបានរីករាយត្រាំខ្លួនក្នុងទឹកថ្លា រួមទាំងលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិភាគតិចនៅទីនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ