Binh Duong - ខេត្តដែលមានទីក្រុងច្រើនបំផុត​នៅ​ទូទាំង​ប្រទេស

(VOVWORLD) - ទីរួមស្រុក Ben Cat បានក្លាយជាទីក្រុងទី ៥ ចំណុះខេត្ត Binh Duong ជាផ្លូវការចាប់ពីថ្ងៃទី ១ ឧសភា ឆ្នាំ ២០២៤។ ការបង្កើតទីក្រុង Ben Cat ជាទីក្រុងទី ៥ របស់ខេត្ត Binh Duong បន្ទាប់ពី Thu Dau Mot, Thuan An, Di An និង Tan Uyen គឺជាព្រឹត្តិការណ៍នយោបាយដ៏មានអត្ថន័យពិសេសចំពោះរដ្ឋបាលនិងប្រជាជន Ben Cat និងជាការបោះជំហានលោតផ្លោះនៃខេត្ត Binh Duong។

មានទីតាំងស្ថិតនៅភាគខាងជើងនៃខេត្ត Binh Duong ទីក្រុង Ben Cat មានផ្ទៃដីជាង ២៣៤គីឡូម៉ែត្រការ៉េ ជាមួយចំនួនប្រជាជនជាង ៣៦៤.០០០ នាក់ និងអង្គភាពរដ្ឋបាលថ្នាក់ឃុំចំនួន ៨។ ក្រោយរយៈពេល ១០ ឆ្នាំដែលបានក្លាយជាទីរួមស្រុក ជាជំហានៗ Ben Cat បានក្លាយជាតំបន់ទីក្រុងដ៏ស៊ីវិល័យ និងទំនើប ដោយការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងស្វាហាប់ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ Ben Cat បំពេញលក្ខខណ្ឌជាផ្លូវការដើម្បីក្លាយជាទីក្រុងទី ៥ នៃខេត្ត Binh Duong ចាប់ពីដើមខែឧសភាកន្លងទៅ។ ការបង្កើតទីក្រុង Ben Cat បានបើកសក្តានុពលនិងគុណសម្បត្តិជាច្រើនសម្រាប់ការទាក់ទាញការវិនិយោគ កែលម្អហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនិងសង្គម ហើយបម្រើជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ លោក Nguyen Trong An ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Ben Cat បានឲ្យដឹងថា៖ “បន្ទាប់ពីបានក្លាយជាទីក្រុង យើងខ្ញុំបានបន្តយកចិត្តទុកដាក់បង្កើតលក្ខខណ្ឌគាំទ្រប្រភពធនធាននានា ដើម្បីអាចវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន វប្បធម៌ និងសង្គម ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍របស់ទីក្រុង។ ទន្ទឹមនឹងនោះ យើងក៏ផ្តល់អនុសាសន៍ឱ្យខេត្តផ្តោតលើការដឹកនាំអនុវត្តឱ្យបានឆាប់នូវគម្រោងសំខាន់ៗនៅក្នុងមូលដ្ឋាន”។

Binh Duong - ខេត្តដែលមានទីក្រុងច្រើនបំផុត​នៅ​ទូទាំង​ប្រទេស - ảnh 1ទីក្រុង Ben Cat ជាមូលដ្ឋានទី ៥ របស់ខេត្ត Binh Duong ក្លាយជាទីក្រុង។ រូបថត៖ VOV

ដូច្នេះហើយ រហូតមកដល់ពេលនេះ ខេត្ត Binh Duong មានទីក្រុងរួមមាន៖ ទីក្រុង Thu Dau Mot ទីក្រុង Thuan An ទីក្រុង Di An ទីក្រុង Tan Uyen និងទីក្រុង Ben Cat ដោយបានក្លាយជាមូលដ្ឋានដំបូងគេនិងតែមួយគត់នៅទូទាំងប្រទេសដែលមានទីក្រុងចំនួន៥។ មិនត្រឹមតែប៉ុណ្ណោះ Binh Duong គឺជាខេត្តតែមួយគត់ក្នុងប្រទេសវៀតណាមដែលស្ថិតក្នុង Top១ សហគមន៍ដែលមានយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃលំដាប់ពិភពលោកក្នុងឆ្នាំ ២០២១។ នេះជាក្តីរីករាយនិងមោទនភាពរួមរបស់ប្រជាជនក្នុងមូលដ្ឋាន។ លោក To Huynh Anh Tuan ប្រជាជនខណ្ឌ Phu Cuong ទីក្រុង Thu Dau Mot បានចែករំលែក៖ “នាពេលកន្លងទៅ Binh Duong បានឆ្លងកាត់ការផ្លាស់ប្តូរសំខាន់ៗជាច្រើន ជាពិសេសគឺការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម ការអប់រំ ... តាមនោះ បង្កើតឱកាសការងារជាច្រើន និងបានកែលម្អជីវភាពរស់នៅរបស់ប្រជាជន”។

យោងតាមអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា ខេត្ត Binh Duong ដែលមានផ្ទៃដីសរុប ២.៧០០គីឡូម៉ែត្រការ៉េ និងមានប្រជាជនចំនួន ២,៨ លាននាក់ (គិតត្រឹមឆ្នាំ ២០២៣) គឺជាតំបន់ដែលមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ ខ្ពស់បំផុតក្នុងប្រទេស ដែលឈានដល់ប្រហែល ៨,២៩លានដុង/ខែ។ ខេត្តបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងដំណាក់កាល ២០២១-២០៣០ ប្រហែល ១០% ក្នុងមួយឆ្នាំ ជាមួយនឹងផលិតផលសរុបប្រចាំតំបន់ (GRDP) ជាមធ្យមសម្រាប់មនុស្សម្នាក់ៗ ចំនួនជាង ១៥,៧០០ ដុល្លារអាមេរិក។ យោងតាមផែនការអភិវឌ្ឍន៍ រហូតដល់ឆ្នាំ ២០៣០ ខេត្ត Binh Duong ខិតខំក្លាយជាទីក្រុងចំណុះមជ្ឈឹម និងជាមជ្ឈមណ្ឌលអភិវឌ្ឍន៍ឧស្សាហកម្មនិងសេវាកម្មដ៏សកម្មនិងទូលំទូលាយនៃតំបន់។ ដល់ឆ្នាំ ២០៥០ Binh Duong នឹងក្លាយជាមជ្ឈមណ្ឌលទីក្រុងឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ថ្នាក់តំបន់និងអន្តរជាតិ ដែលជាក្បាលរថភ្លើងមួយដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយមានកម្លាំងចលករសម្រាប់កំណើនគឺឧស្សាហកម្ម សេវាកម្ម នវានុវត្តន៍  មានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ជាមួយនឹងគោលដៅដ៏ធំបំផុតក្នុងការយកឈ្នះលើអន្ទាក់ចំណូលមធ្យម ដើម្បីធ្វើឱ្យ Binh Duong ក្លាយជាតំបន់ទឹកដីទំនើប មនុស្សសាស្ត្រ សុខដុមរមនា និងនិរន្តរភាព។ ក្នុងសន្និសីទប្រកាសផែនការមេខេត្ត Binh Duong ដំណាក់កាល ២០២១- ២០៣០ ដែលបានប្រព្រឹត្តទៅនាខែកញ្ញាកន្លងទៅ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “Binh Duong មានគុណសម្បត្តិជាច្រើនក្នុងការតភ្ជាប់តំបន់ជាមួយគ្នា។ នៅពេលដែលបានអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនល្អ វានឹងបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មី បង្កើតមណ្ឌលឧស្សាហកម្មថ្មី តំបន់ទីក្រុង តំបន់សេវាកម្មថ្មី ឬបង្កើតតម្លៃថ្មី និងការធ្វើដំណើរដ៏ងាយស្រួលសម្រាប់ប្រជាជន កាត់បន្ថយការចំណាយលើការដឹកជញ្ជូន បង្កើនសមត្ថភាពប្រកួតប្រជែងនៃទំនិញ។ គួរកត់សម្គាល់ថា មនុស្សគឺជាកត្តាសម្រេច”

Binh Duong - ខេត្តដែលមានទីក្រុងច្រើនបំផុត​នៅ​ទូទាំង​ប្រទេស - ảnh 2ទីក្រុង Tan Uyen មានបំណងចង់ក្លាយជាមជ្ឈមណ្ឌលសំខាន់នៅខេត្ត Binh Duong ភាគខាងត្បូងសម្រាប់វិស័យឧស្សាហកម្ម និងសេវាកម្មពាណិជ្ជកម្មក្នុងដំណាក់កាល ២០២១- ២០២៥។ រូបថត៖ VOV

ផែនការមេខេត្ត Binh Duong បន្ទាប់ពីបានអនុវត្តជាក់ស្តែងនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ខេត្ត Binh Duong និយាយរួមនិងបណ្តាទីក្រុងក្រោមឱវាទខេត្ត ក៏ដូចជាអង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ លោក Nguyen Thanh Tam ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Thuan An បានឲ្យដឹងថា៖ “ទីក្រុង Thuan An ត្រូវបានកំណត់ថាជាច្រកទ្វារនៃខេត្ត Binh Duong ដែលជាតំបន់ទីក្រុងតភ្ជាប់ទៅកាន់បណ្តាទីក្រុងនៅភាគខាងជើងរបស់ខេត្ត និងទីក្រុងហូជីមិញ។ បន្ទាប់ពីមានផែនការមេខេត្តរួចរាល់ យើងបន្តកែសម្រួលផែនការទូទៅរបស់ទីក្រុង។ ក្នុងនោះ ផ្តោតលើការដាក់ពង្រាយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីតភ្ជាប់បរិយាកាសអភិវឌ្ឍន៍ទីក្រុង តាមនោះ បង្កើតកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍ Thuan An និងបណ្តាមូលដ្ឋានជុំវិញផងដែរ”។

Binh Duong បានត្រៀមខ្លួនជាស្រេចដើម្បីបើកដំណើរការនិងឈានទៅដំណាក់កាលថ្មីនៃការអភិវឌ្ឍ ជាមួយនឹងទិសដៅថ្មី កម្លាំងចលករថ្មី ជំនឿថ្មី និងសេចក្តីប្រាថ្នាថ្មីអំពីតំបន់ទឹកដីដ៏សម្បូរធូរធា ស៊ីវិល័យ និងទំនើប; និងជាតំបន់ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងមូលដ្ឋាននានាក្នុងតំបន់សេដ្ឋកិច្ចសំខាន់ភាគខាងត្បូង។ ជាមួយទីក្រុងទាំង៥ ខេត្ត Binh Duong មានលក្ខខណ្ឌអំណោយផលជាច្រើន និងមានកម្លាំងចលករបន្ថែមទៀតសម្រាប់ការអភិវឌ្ឍ នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ