(VOVWORLD) - នាពេលថ្មីៗនេះ វិទ្យាស្ថានអនាម័យ និងសិក្សាស្រាវជ្រាវរោគរាតត្បាតមជ្ឈិមបានធ្វើការបណ្ដុះ និងបំបែកវីរុសកូរ៉ូណាប្រភេទថ្មី (Covid-19 ឬ nCoV) ប្រកបដោយជោគជ័យ នៅក្នុងបន្ទប់ពិសោធន៍ ដែលអនុញ្ញាតឱ្យមានការធ្វើតេស្តលើករណីសង្ស័យផ្ទុកវីរុស ។
គ្រូពេទ្យវៀតណាមអនុញ្ញាតឲ្យអ្នកជំងឺចាកចេញពីមន្ទីរពេទ្យ |
នេះគឺជាបុព្វបទដ៏សំខាន់ក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍វ៉ាក់សាំងប្រឆាំងប្រភេទវីរុសនេះ នាពេលអនាគត ក៏ដូចជាចាត់វិធានការទប់ស្កាត់នឹងរោគរាតត្បាតនេះ ឲ្យបានជោគជ័យ។ ជំហានដ៏សំខាន់នេះ គឺជាសមិទ្ធិផលរបស់ក្រុមអ្នកសិក្សាស្រាវជ្រាវ ដែលមានសាមាជិកត្រឹមតែ ១១ នាក់ប៉ុណ្ណោះ មកពីវិទ្យាស្ថានអនាម័យ និងសិក្សាស្រាវជ្រាវរោគរាតត្បាតមជ្ឈិម។ ពួកគាត់បានខិតខំប្រឹងប្រែងធ្វើការងារដោយមិនខ្លាចនឿយហត់ ដើម្បីទទួលបានសមិទ្ធិផលទាំងនេះ។
ជាអង្គភាពមួយក្នុងចំណោមអង្គភាពចំនួន ២ នៅទូទាំងប្រទេស ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើតេស្ត Covid-19 (រួមជាមួយក្រុមការងារធ្វើតេស្តរបស់វិទ្យាស្ថានអនាម័យ និងសិក្សាស្រាវជ្រាវរោគរាតត្បាតទីក្រុងហូជីមិញ) ហើយមានសមាជិកតិចតូចក៏ដោយ ប៉ុន្តែក្រុមអ្នកសិក្សាស្រាវជ្រាវធ្វើតេស្តរបស់ វិទ្យាស្ថានអនាម័យ និងសិក្សាស្រាវជ្រាវរោគរាតត្បាតមជ្ឈិមត្រូវទទួលបន្ទុក
ការងារដ៏ធំធេង ពោលគឺធ្វើតេស្តលើវត្ថុវិភាគរាប់សិបករណីជារៀងរាល់ថ្ងៃ។ ហេតុដូច្នេះហើយ ក្នុងអំឡុងពេលរីករាលដាលតាំងពីពិធីបុណ្យតេតមក សមាជិកទាំងអស់នៃក្រុមការងារនេះមិនទាន់បានឈប់សម្រាកឡើយ។ បណ្ឌិត Vu Mai Phuong ប្រធានដេប៉ាតឺម៉ង់វីរុសបានចែករំលែកថា៖
“ដើម្បីធ្វើតេស្តដោយប្រើវិធី GENE SEQUENCING នោះយើងខ្ញុំត្រូវធ្វើការ ១០ ម៉ោងជាប់ៗ គ្នាជារៀងរាល់ថ្ងៃ។ ប្រសិនបើយើងខ្ញុំទទួលបានវត្ថុវិភាគនាពេលយប់ គឺបានន័យថា យើងខ្ញុំត្រូវធ្វើការពេញយប់ផងដែរ“។
ទោះបីជាក្រុមការងារមានសមាជិកតិចតួចក៏ដោយ ប៉ុន្តែសមាជិកទាំងអស់សុទ្ធតែជាអ្នកសិក្សាស្រាវជ្រាវ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ដែលក្នុងនោះមានសមាជិតមួយចំនួនធ្លាប់បាន“ ប្រយុទ្ធ”នឹងជំងឺរាតត្បាត SARS កាលពីឆ្នាំ២០០៣។ លោក Vuong Duc Cuong អ្នកសិក្សាស្រាវជ្រាវមួយរូប ដែលមានបទពិសោធន៍ធ្វើការរយៈពេល ២៤ ឆ្នាំ នៅបន្ទប់ធ្វើតេស្ត នៃវិទ្យាស្ថានអនាម័យ និងសិក្សាស្រាវជ្រាវរោគរាតត្បាតមជ្ឈិមបានឲ្យដឹងថា៖
“យើងបានត្រៀមខ្លួនជាស្រេច សម្រាប់គ្រប់កាលៈទេសៈកាលពីមុនបុណ្យតេតប្រពៃណីហើយ។ នាបច្ចុប្បន្ននេះ យើងខ្ញុំនៅតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរហូតដល់ពេលណាបញ្ចប់ជំងឺរាតត្បាតនេះ“។
ដើម្បីទទួលបានលទ្ធផលត្រឹមត្រូវនិងឆាប់រហ័សបំផុត អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានអនាម័យ និងសិក្សាស្រាវជ្រាវរោគរាតត្បាតមជ្ឈិមត្រូវធានាថា គ្មានកំហុសឆ្គងណាមួយអំពីសុវត្ថិភាពជីវសាស្ត្រ បើទោះបីជាត្រូវធ្វើតេស្តលើវត្ថុវិភាគជាច្រើនក៏ដោយ។ ជាពិសេសនៅពេលបំពេញការងារ អ្នកសិក្សាស្រាវជ្រាវត្រូវនៅក្នុងបន្ទប់ធ្វើតេស្តប្រមាណ ៣ ម៉ោង ដោយស្លៀកពាក់សំលៀកបំពាក់ជិតឈឹង។ ទោះបីជាដំណើរការបំពេញការងារតម្រូវឲ្យមានភាពហ្មត់ចត់ និងប្រុងប្រយ័ត្ន ហើយថែមទាំងត្រូវស្លៀកពាក់សម្លៀកបំពាក់ឯកទេសក៏ដោយ ប៉ន្តែអ្នកសិក្សាស្រាវជ្រាវនៅតែបំពេញល្អនូវភារកិច្ចរបស់ខ្លួន។ លោក Vuong Duc Cuong បានចែករំលែកបន្ថែមទៀតថា៖
“សម្លៀកបំពាក់ឯកទេស ដែលយើងខ្ញុំស្លៀកពាក់ក្នុងបន្ទប់ពិសោធន៍ ដូចទៅនឹងសម្លៀកបំពាក់ frogman។ លើសពីនេះទៅទៀត យើងខ្ញុំត្រូវពាក់ម៉ាស់ការពារ ស្រោមដៃពីរជាន់ទៀតផង ពិតជាពិបាកដកដង្ហើមណាស់។ ទន្ទឹមនឹងនេះ សម្ពាធសម្លេងនៅក្នុងបន្ទប់ពិសោធន៍ខ្លាំងដូចជាក្នុងយន្តហោះអញ្ចឹង ពោលគឺកាន់តែពិបាកថែមទៀត។ ប៉ុន្តែ យើងខ្ញុំត្រូវអនុវត្តន៍វិធានការទាំងនេះយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារការឆ្លងជំងឺផងដែរ“។
យោងតាមអនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានឲ្យដឹងថា៖ ការធ្វើតេស្តយ៉ាងត្រឹមត្រូវ និងឆាប់រហ័សបានដើរតួនាទីដ៏សំខាន់ក្នុងការអនុវត្តន៍វិធានការដាក់ឲ្យនៅដាច់ដោយឡែកតាំងពីគ្រាដំបូង និងធ្វើការ ព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់អ្នកជំងឺ។
“ខ្ញុំវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកធ្វើតេស្ត ដែលតែងតែរងការឆ្លងខ្ពស់ ដោយសារត្រូវទាក់ទងជាមួយរីរុស។នេះគឺជាការលះបង់របស់ផ្នែកសុខាភិបាល។ “ ។
ចំនួនករណីសង្ស័យឆ្លង nCoV កំពុងកើនឡើង ដែលមានន័យថាសម្ពាធរបស់អ្នកសិក្សាស្រាវជ្រាវធ្វើតេស្តគឺកាន់តែកើនឡើង។ ដោយមាន ប្ដេជ្ញាចិត្ត ទឹកចិត្ត និងការយល់ដឹងអំពីបេសកកម្មដ៏ខ្ពង់ខ្ពស់របស់គ្រូពេទ្យ បានជាអ្នកសិក្សាស្រាវជ្រាវធ្វើតេស្តនៅតែខិតខំប្រឹងប្រែងជំនះពុះពាលើរាល់សម្ពាធ ដើម្បីនាំមកនូវក្ដីសង្ឃឹម និងឱកាសព្យាបាលជំងឺល្អបំផុតជូនអ្នកជំងឺផងដែរ៕