បុណ្យតេត A Za របស់ជនរួមជាតិតំបន់ព្រៃភ្នំ A Luoi
TO TUAN -  
(VOVWORLD) -ពេលដែលរដូវប្រមូលផលស្រូវបានចូលមកដល់នាចុងឆ្នាំម្តងៗ ហើយរដូវរងារបាន ចាប់ផ្តើមជាមួយអាកាសធាតុត្រជាក់បន្តិចៗនោះ ក៏ជាពេលវេលាដែលភូមិស្រុកនានា របស់ជនរួមជាតិបណ្តាជនជាតិ Pako, Ta Oi និង Co Tu នៅស្រុកព្រៃភ្នំ A Luoi ខេត្ត Thua Thien Hue បានសប្បាយរីករាយទទួលបុណ្យតេត A Za ឬហៅថា បុណ្យតេត អំណរបាយថ្មី ដើម្បីអរព្រះគុណចំពោះទេវតាដែលប្រទានពរនូវរដូវអំណោយផល។
បុណ្យតេត Aza ឬហៅថាបុណ្យតេតអំណរបាយថ្មី របស់ជនរួមជាតិជនជាតិភាគតិចរស់នៅខាងលិចខេត្ត Thua Thien Hue (រូបថតៈvnexpress.net) |
ពិធីបុណ្យ Arieu Aza ឬហៅថា ពិធីបុណ្យតេតអំណរបាយថ្មី ជាពិធីធំទី ២ បន្ទាប់ពីពិធី Arieu Ping (ជាពិធីលើកខ្មោចស្រោចឆ្អឹង) របស់ ជនរួមជាតិបណ្តាជនជាតិភាគ តិចរស់នៅខាងលិចខេត្ត Thua Thien Hue (ភាគកណ្តាលវៀតណាម)។ ក្នុងប៉ុន្មានថ្ងៃ នេះ ថ្វីបើកំពុងធ្វើការនៅទីណាក៏ដោយ តែអ្នកភូមិគ្រប់រូប បាននាំគ្នាត្រឡប់មកជួបជុំគ្រួសារវិញ ដើម្បីទទួលបុណ្យតេត Aza ដែរ។ ពិធីបុណ្យនេះ ត្រូវបានអ្នកភូមិចាត់ទុក ជាបុណ្យតេតជួបជុំគ្រួសារនិងជួបជុំត្រកូល។ ប្រការនេះស្តែងចេញច្បាស់នូវទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិទាំងអស់ក្នុងតំបន់ ។ លោក Nguyen Hoai Nam នៅស្រុក A Luoi ខេត្ត Thua Thien Hue បានឲ្យដឹងថា៖“ក្នុងឱកាសនេះ បងប្អូនជនរួមជាតិបានជួបជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីរួមគ្នារៀបចំពិធីអំណរបាយថ្មីសំដៅបង្ហាញទឹកចិត្តអរព្រះ គុណចំពោះទេវតាទឹក ទេវតាព្រៃដែល ប្រទានពរនូវរដូវអំណោយផល ។ ប្រសិនបើឆ្នាំនោះ អាកាសធាតុមិនអំណោយផល អ្នកភូមិនឹងនាំគ្នា បួងសួងសុំទេវតាប្រទានពរឲ្យឆ្នាំថ្មីជួបតែសេចក្តីសុខចម្រើន”។
ដើម្បីអនុវត្តពិធីសែនអំណរបាយថ្មី អ្នកភូមិត្រូវត្រៀមរៀបចំមុននេះច្រើនថ្ងៃ។ បុរសក្នុង ភូមិនឹងត្រៀមរៀបចំសត្វសម្រាប់ពិធីសែន ក្នុងពេលនោះ នារីទៅរកផលិតផលពីព្រៃ ដូចជា ទំពាំង ពក និងស្លឹកឈើព្រៃ ដើម្បីធ្វើម្ហូបប្រពៃណីរបស់ជនជាតិខ្លួន។ ក្នុងថ្ងៃ បុណ្យ ឃុំនីមួយៗ ភូមិនីមួយៗ តែងតែយកម្ហូបប្រចាំក្នុងជីវភាពរស់នៅដែលអ្នកភូមិ គេ ជឿជាក់ថា ម្ហូបទាំងអស់នោះមានបានគឺដោយសារទេវតាប្រទានពរ។ លោកយាយ Viet Thi Nhi ជនជាតិ Pa ko បានឲ្យដឹងថា៖
“ពិធីបុណ្យសំខាន់របស់ជនជាតិខ្ញុំគឺពិធីបុណ្យ Aza។ ក្នុងពិធីបុណ្យនេះត្រូវមាន ម្ហូបសែនទេវតា ដូចជា បាតក្តាំង នំ A quat មាន់អាំងក្នុងបំពង់សាច់ជ្រូក សាច់កណ្តុរ បក្សីនិងត្រី។ ពិធីបុណ្យត្រឹមតែប្រព្រឹត្តទៅក្នុងពីរបីថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែការងារត្រៀមរៀបចំគឺមុននេះមួយសប្តាហ៍ដែរ”។
អ្នកភូមិសប្បាយរីករាយក្នុងបុណ្យតេត Aza (រូបថតៈvnexpress.net) |
យោងតាមទស្សនៈទានរបស់ជនរួមជាតិបណ្តាជនជាតិ Pako, Ta oi, Cơ Tu ថា ពេលវេលាសម្រាប់សែនទេវតាអំណរបាយថ្មីគឺនាព្រឹកព្រ លឹម ព្រោះថាពេលនោះជាពេលវេលាសក្តិសិទ្ធិបំផុតក្នុងថ្ងៃ។ ពិធីបុណ្យ ចាប់ផ្តើមអូអរនៅពេលដែលមានភ្ញៀវចូលរួមហូរហែ។ ភ្ញៀវបានដើរតាមក្រុមដោយយកតាមខ្លួន ជ្រូកផង មាន់ផងនិងត្រីផង ដើម្បីចូលរួមសប្បាយជាមួយនឹងពិធីបុណ្យផងដែរ។ ក្នុងពេលដែលព្រឹទ្ធចារ្យភូមិអនុវត្ត ពិធីបួងសួងនៅផ្ទះធំរបស់ភូមិនោះ គឺគ្រួសារនានាត្រូវរៀបចំគ្រឿងដំណែនប្រាំស្ពកដើម្បីសែនអរព្រះ គុណដែលទេវតាបានព្រទាន ពរឆ្នាំអំណោយផល ស្រូវពេញឃ្លាំង ចិញ្ចឹមជ្រូក មាន់ចាប់ធំ មនុស្សគ្រប់រូបជួបតែសេចក្តីសុខចម្រើន។ ក្នុងពិធីសែន ក្រៅពីស្ពក ម្ហូបសម្រាប់ សែនទេវតានោះ គឺគ្រួសារនីមួយៗបានរៀបចំស្ពកបាយសម្រាប់សាច់ញាត្តិនិងអ្នកភូមិ ដែលបានអញ្ជើញចូលរួមក្នុងពិធីបុណ្យ។ ក្នុងពិធីបុណ្យតេត Aza ក្នុងបរិយាកាស សប្បាយរីករាយ បុរសសង្ហា ស្រីវាងវៃក្នុងភូមិ នឹងស្លៀកពាក់នូវសម្លៀកបំពាក់ស្អាត បំផុត ចូលរួមស៊ីសង្វាក់ក្នុងរបាំ “ za za” ឬ “pơchiêng coon” ក្នុងបំណងតភ្ជាប់មនោ សញ្ចេតនារវាងបងប្អូន ចំណងសាមគ្គីរវាងមិត្តភក្តិ ដែលបានទទួលរដូវថ្មីសុខសាន្ត ត្រាននិងសប្បាយរីករាយ។ សម្លេងស្គរនិងចង្វាក់ចម្រៀងប្រពៃណីក៏បានរួមចំណែក ធ្វើឲ្យបរិយាកាសក្នុងពិធីបុណ្យកាន់តែអ៊ូអរ លាន់លឺរំពង។
នំ Aquat ប្រភេទនំពិសេសរបស់ជនជាតិ Paco (រូបថតៈ vnexpress.net) |
តាមទំនៀមទម្លាប់ប្រពៃណី ខណៈដែលពិធីបុណ្យមកដល់ម្តងៗ ដើម្បីជូនពរនូវ រដូវអំណោយផល ប្រជាជនតែងតែបង្ហោះផ្កាឫស្សីឡើងពិដានឬដំបូលរបស់ផ្ទះ។ ប្រ សិនបើផ្កាប្ញស្សីមិនធ្លាក់មានន័យថា បំណងប្រាថ្នាបួងសួងសុំឆ្នាំថ្មីជួបតែសេចក្តីសុខ ចម្រើនត្រូវបានទេវតាទទួលយក។
បច្ចុប្បន្ននេះ ថ្វីបើជីវភាពរស់នៅមានការផ្លាស់ប្តូរជាច្រើនក៏ដោយ ប៉ុន្តែទំនៀម ទម្លាប់ប្រពៃណីក្នុងពិធីបុណ្យ Aza នៅបានរក្សាជានិច្ច។ បង្កើតនូវការទាក់ទាញ សម្រាប់ភ្ញៀវទេសចរ ដែលមកទស្សនានិងស្វែងយល់អំពីជនរួមជាតិភាគតិច ដែលរស់នៅភាគខាងលិចជួរភ្នំ Truong Son ដ៏ធំសម្បើម៕
TO TUAN