សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Thu Lao

(VOVWORLD) - ជនជាតិ Thu Lao នៅភូមិ San Cha ឃុំ Thao Chu Phin ស្រុក Si Ma Cai ខេត្ត Lao Cai តែងតែស្លៀកសម្លៀកបំពាក់ប្រពៃណីក្នុងសកម្មភាពប្រចាំថ្ងៃ ឬក្នុងពិធីបុណ្យទាននានា បុណ្យតេត ឬក្នុងពិធីមង្គលការ ...ជាដើម។ សម្លៀកបំពាក់ទាំងនោះត្រូវបានត្បាញ ប៉ាក់ដោយដៃ ទោះបីជាពណ៌មានលក្ខណៈសាមញ្ញ ម្ជុលដេរនិងអំបោះដេរមានភាពល្អិតល្អនក៏ដោយ បង្កើតបានជារូបរាងរឹងមាំ ប៉ុន្តែពោរពេញទៅដោយលក្ខណៈវិសេសវិសាល។

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Thu Lao - ảnh 1ក្រណាត់កប្បាសពណ៌សឆ្លងកាត់ដំណាក់កាលជាច្រើនដើម្បីធ្វើឡើងឈុតសម្លៀកបំពាក់របស់ជនជាតិ Thu Lao (រូបថត៖ Giang Seo Pua (VOV4)

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Thu Lao តែងតែធ្វើពីក្រណាត់កប្បាស និងត្បាញដោយខ្លួនឯង។ ពណ៌ចម្បងនៃសម្លៀកបំពាក់គឺពណ៌ខ្មៅដោយមានលំនាំតុបតែងតិចតួច។ ក្បូរក្បាច់និងលំនាំនីមួយៗនៅលើសម្លៀកបំពាក់របស់ជនជាតិ Thu Lao ត្រូវបានផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ជីវភាពប្រចាំថ្ងៃនិងសកម្មភាពធ្វើពលកម្មរបស់ប្រជាជន។ លោក Lu Xuan Thuong មេភូមិ San Cha បានឲ្យដឹងថា៖ “ពីមុនប្រជាជនដាំដើមត្រុំច្រើនណាស់ ប៉ុន្តែឥឡូវដោយសារដើមត្រុំនៅសល់តិច ពួគគេក៏ទិញថ្នាំរួមជាមួយឫសត្នោតស្ងោររួចហាលឱ្យស្ងួត ទើបលាងឱ្យស្ងួតម្ដងទៀតប្រហែល២ទៅ៣ដង ក្រណាត់ថ្មីនឹងមានពណ៌ខ្មៅ និងពណ៌ត្រុំ។ ឈុតសម្លៀកបំពាក់របស់ស្ត្រីជនជាតិ Thu Lao គឺមានអាវនិងសំពត់។ សំពត់គឺមានភាពល្អិតល្អន់ជាង ព្រោះវាត្រូវតែមានលំនាំតុបតែង ហើយអាវក៏មានលំនាំតុបតែងផងដែរ។ សម្លៀកបំពាក់របស់បុរសជាធម្មតាមានពណ៌ខ្មៅ សម្លៀកបំពាក់របស់បុរសគឺសាមញ្ញជាងរបស់ស្ត្រី។ នៅទីនេះ ក្នុងអំឡុងពេលឈប់សម្រាក ប្រជាជនជនជាតិ Thu Lao បាននាំយកសំលៀកបំពាក់ប្រពៃណីមកស្លៀកពាក់និងចូលរួមសកម្មភាពកម្សាន្តក្នុងភូមិ”។

អាវរបស់ជនជាតិ Thu Lao ច្រើនតែមានជម្រៀកនៅក្លៀកខាងស្ដាំមាន កមូល ហើយឡេវអាវច្រើនតែធ្វើពីក្រណាត់។ ដូចជនជាតិភាគតិចដទៃទៀតដែរ ពេលស្លៀកសម្លៀកបំពាក់ស្ត្រី Thu Lao ក៏ពាក់គ្រឿងអលង្ការជាច្រើនផងដែរ។ ប្រជាជនជនជាតិ Thu Lao ជឿថា ប្រាក់នាំមកនូវសំណាងល្អ ដូច្នេះគ្រឿងអលង្ការប្រាក់តែងតែត្រូវបានប្រជាជន Thu Lao ប្រើប្រាស់។ ក្នុងគ្រួសារ ស្ត្រីជាអ្នកធ្វើសម្លៀកបំពាក់សម្រាប់សមាជិកទាំងអស់។ អ្នកស្រី Thao Thi Sao ប្រធានសម្ព័ន្ធនារីឃុំ Thao Chu Phien ឲ្យដឹងថា៖ “សម្រាប់ជនជាតិ Thu Lao ពួកគេភាគច្រើនដេរសម្លៀកបំពាក់ផ្ទាល់ខ្លួនដើម្បីបម្រើតម្រូវការក្នុងគ្រួសារ។ បច្ចុប្បន្ននេះ ស្ត្រីជនជាតិ Thu Lao នៅតែរក្សាអត្តសញ្ញាណជាតិរបស់ខ្លួន។ រាល់ថ្ងៃឈប់សម្រាក បុណ្យទាននានាឬបុណ្យតេត ស្ត្រីជនជាតិ Thu Lao តែងតែស្លៀកឈុតប្រពៃណីយ៉ាងឆើតឆាយ”។

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Thu Lao - ảnh 2ស្ត្រីជនជាតិ Thu Lao ណែនាំគ្នាឱ្យដេរសម្លៀកបំពាក់ប្រពៃណី (រូបថត៖ Thanh Hai/កាសែតកសិកម្ម)

សម្រាប់ជនជាតិ Thu Lao ស្ត្រីក៏ជាអ្នកបង្រៀនកូនៗពីរបៀបត្បាញ និងកាត់សម្លៀកបំពាក់ប្រពៃណីផងដែរ។ ហេតុដូច្នេះដែលសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេនៅតែរក្សាសភាពដើមដោយគ្មានការច្នៃប្រឌិត។ ប្រជាជនជនជាតិ Thu Lao មានមោទនៈភាពយ៉ាងខ្លាំងក្នុងការរក្សាដដែលនូវមុខរបរដេរសម្លៀកបំពាក់ប្រពៃណី។ អ្នកស្រី Vang Thi Vien មក ពីភូមិ San Cha បានសំណេះសំណាលថា៖ “ពេលស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិខ្លួន បងប្អូនស្ត្រីយើងខ្ញុំមានមោទនភាពខ្លាំងណាស់។ ខ្ញុំសង្ឃឹមថា នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីរៀនឱ្យបានពីជំនាន់លោកយាយ អ្នកម្តាយ ដើម្បីផលិតសម្លៀកកបំពាក់ ហើយក្រោយ មកណែនាំយុវជនជំនាន់ក្រោយឲ្យរក្សាអត្តសញ្ញាណជាតិរបស់ជនជាតិ Thu Lao”។

នៅភូមិ San Cha មានគ្រួសារ Thu Lao ជាង ១០០ គ្រួសារ ហើយសមាជិកគ្រួសារនីមួយៗមានសំលៀកបំពាក់ប្រពៃណីពី ១ ទៅ ២ឈុត។  អ្នកស្រី Seo Thi Le មកពីភូមិ San Cha បានឲ្យដឹងថា៖ “ពេលម្ដាយខ្ញុំត្បាញក្រណាត់ គាត់នៅតែបង្រៀនខ្ញុំពីរូបមន្តដេរក្រណាត់ ដើម្បីខ្ញុំអាចប្រកបមុខរបរនេះនៅថ្ងៃអនាគត។ បើយោងទៅតាមក្រុមជនជាតិ Thu Lao ក្រណាត់ត្រូវបានគេប្រើច្រើន ដើម្បីធ្វើជាសម្លៀកបំពាក់ប្រចាំថ្ងៃ និងធ្វើជាប្រដាប់សម្រាប់អៀវទារក។ ពេលមនុស្សស្លាប់ គេត្រូវធ្វើសម្លៀកបំពាក់ជូនខ្មោចផងដែរ ដូច្នេះផ្ទះនីមួយៗត្រូវមានក្រណាត់ត្បាញតាមផ្ទះ គ្រប់ផ្ទះដេរសម្លៀកបំពាក់ ពោលគឺមិនធ្វើមិនបានទេ”។

លំនាំលើសម្លៀកបំពាក់របស់ជនជាតិ Thu Lao គឺមិនលាយឡំជាមួយជនជាតិដទៃទេ។ ក្នុងឱកាសបុណ្យទាន បុណ្យតេត ពិធីមង្គលការ... សម្លៀកបំពាក់របស់ជនជាតិ Thu Lao មានភាពខុសប្លែកពីគេដែលឆ្លុះបញ្ចាំងពីការយល់ឃើញអំពីសោភ័ណភាព ជំនឿ សីលធម៌ ក្តីស្រមៃ និងសេចក្តីប្រាថ្នារបស់មនុស្ស។ សម្រាប់ជនជាតិ Thu Lao សម្លៀកបំពាក់ប្រពៃណីមានតម្លៃវប្បធម៌និងសាសនា មិនមែនគ្រាន់តែជាសម្លៀកបំពាក់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ