កងទ័ពកូរ៉េខាងត្បូង និងអាមេរិក ចុះហត្ថលេខាលើសេចក្តីប្រកាសចក្ខុវិស័យជាយុទ្ធសាស្ត្រ
(VOVWORLD) - កាលពីថ្ងៃទី ២៧ ខែមករា អាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា ឧត្តមសេនីយយោធានៃប្រទេសនេះ និងសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើសេចក្តីប្រកាស "ចក្ខុវិស័យយុទ្ធសាស្ត្រ" ដើម្បីពង្រីកវិស័យកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងសន្តិសុខlM h អវកាស និងវិស័យថ្មីផ្សេងទៀត។
ទាហានកូរ៉េខាងត្បូងចូលរួមក្នុងសមយុទ្ធ នៅក្រុង Paju កូរ៉េខាងត្បូង។ (រូបថត៖ EPA-EFE/TTXVN) |
មេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូង ឧត្តមសេនីយ Park Jeong-hwan និងសមភាគីអាមេរិក ឧត្តមសេនីយ៍ James C. McConville បានចុះហត្ថលេខាលើសេចក្តីប្រកាសនេះនៅទីស្នាក់ការក្រសួងការពារជាតិអាមេរិកកាលពីថ្ងៃទី ២៥ ខែមករា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរយៈពេល ៩ ថ្ងៃនៅសហរដ្ឋអាមេរិក (ចាប់ពីថ្ងៃទី ២១ ខែមករា) របស់មេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូងលោក Park Jeong-hwan។ សេចក្តីប្រកាស "ចក្ខុវិស័យយុទ្ធសាស្ត្រ" គូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការសន្តិសុខរវាងភាគីទាំងពីរលើវិស័យដូចជា វិទ្យាសាស្ត្រ-យោធា បច្ចេកវិទ្យា និងលំហអវកាស ស្របតាមកិច្ចខិតខំប្រឹងប្រែងដំឡើងទំនាក់ទំនងទ្វេភាគីទៅជាសម្ព័ន្ធភាពយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាសកល។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀតកាលពីម្សិលមិញ ថ្ងៃទី ២៦ ខែមករា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលនៅថ្ងៃទី ២៩ ខែមករា។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអូស្ទីនទៅកូរ៉េខាងត្បូងចាប់តាំងពីខែឧសភា ឆ្នាំ២០២២មក។ ក្នុងដំណើរទស្សនកិច្ចនេះ លោកនឹងបញ្ជាក់ពីការប្តេជ្ញាចិត្តមិនងាករេរបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខរបស់កូរ៉េខាងត្បូង៕