រដ្ឋអំណាចតាលីបង់ចូលរួមសន្និសីទពិភពលោកស្តីពីការប្រែប្រួលអាកាសធាតុជាលើកដំបូង
(VOVWORLD) - គណៈប្រតិភូអាហ្វហ្គានីស្ថាននឹងចូលរួមសន្និសីទលើកទី ២៩ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP២៩) ដែលគូសសញ្ញាជាលើកទីមួយហើយដែលប្រទេសនេះចូលរួមក្នុងវេទិកាពិភពលោកនេះ ចាប់តាំងពីរដ្ឋអំណាចតាលីបង់បានឡើងកាន់អំណាច។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៩ ខែវិច្ឆិកា នៅរដ្ឋធានីកាប៊ុល អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោក Abdul Qahar Balkhi បានបញ្ជាក់ថា គណៈប្រតិភូរដ្ឋអំណាចរបស់ប្រទេសនេះ នឹងទៅកាន់ទីក្រុងបាគូ រដ្ឋធានីនៃប្រទេស Azerbaijan ដើម្បីចូលរួម COP២៩ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១១ ខែវិច្ឆិកា។ ប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា គណៈប្រតិភូតាលីបង់នឹងចូលរួមកិច្ចប្រជុំ COP២៩ក្នុងនាមជាអ្នកសង្កេតការណ៍។
មុននោះ រដ្ឋអំណាចតាលីបង់មានគម្រោងចូលរួម COP២៧ នៅប្រទេសអេហ្ស៊ីប និង COP២៨ នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែផែនការទាំងពីរមិនទទួលបានជោគជ័យនោះឡើយ។ លើកនេះ ប្រទេសAzerbaijan ក្នុងនាមជាម្ចាស់ផ្ទះ COP២៩ បានផ្ញើសារថ្មីមួយទៅកាន់រដ្ឋអំណាចតាលីបង់។ នៅខែកុម្ភៈឆ្នាំនេះ Azerbaijan ក៏បានបើកដំណើរការឡើងវិញនូវស្ថានទូតរបស់ខ្លួននៅរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថានផងដែរ៕