កងទ័ពជួយឧបត្ថម្ភខេត្តភាគខាងត្បូងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត
(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែសីហានៅទីក្រុងហាណូយ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានរៀបចំពិធីបញ្ចូនកម្លាំងពេទ្យយោធាដើម្បីជួយឧបត្ថម្ភដល់ខេត្តភាគខាងត្បូង អនុវត្តន៍ភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
កម្មាភិបាល បុគ្គលិកពេទ្យយោធាចំនួន ៥៨ នាក់បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ លើកនេះ។ ថ្លែងមតិនៅពិធីចេញដំណើរនេះ ឧត្តមសេនីយ៍ទោ Do Danh Vuong ស្នងការនយោបាយកងទ័ពការពារព្រំដែនបានសង្កត់ធ្ងន់ថា៖ “ដំបូងបង្អស់ យុទ្ធជនទាំងអស់បានមើលឃើញយ៉ាងច្បាស់ពីលក្ខណៈគ្រោះថ្នាក់និងតម្រូវការជាបន្ទាន់នៃភារកិច្ចបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ តាមនោះ ត្រៀមខ្លួនជាស្រេច បំពេញភារកិច្ចណាមួយតាមការបញ្ជារបស់ទីភ្នាក់ងារនិងអង្គភាពនីមួយៗ ដោយធ្វើយ៉ាងម៉េចដើម្បីយើងអាចចូលរួមបង្ការនិងកម្ចាត់ជំងឺរាតត្បាតកូវីដ -១៩ ឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន ដោយធានាបាននូវសុខភាព និងសុវត្ថិភាពអាយុជីវិតរបស់ប្រជាជន”។
នៅព្រឹកថ្ងៃទី ២៣ ខែសីហា បណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា (ក្រសួងការពារប្រទេស) ក៏បានរៀបចំពិធីបញ្ជូនកម្មាភិបាលនិងនិស្សិតចំនួន ១.០៩៦ នាក់ ទៅបំពេញការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅតាមបណ្តាខេត្តនិងក្រុងនានា នៃភាគខាងត្បូងវៀតណាមផងដែរ៕