កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ជប៉ុន-ចិន
(VOVWORLD) - នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៧ ខែឧសភា (ម៉ោងក្នុងស្រុក) កិច្ចប្រជុំកំពូលត្រីភាគីកូរ៉េខាងត្បូង ជប៉ុន និងចិនបានបើកជាផ្លូវការនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ សន្និសីទនេះត្រូវបានរំពឹងថានឹងគូសសញ្ញារបត់មួយ ដោយរួមចំណែកដល់ការស្តារឡើងវិញ និងធ្វើប្រក្រតីភាពទាំងស្រុងនូវកិច្ចសហប្រតិបត្តិការត្រីភាគី។
ថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសង្កត់ធ្ងន់ថា ជប៉ុន កូរ៉េខាងត្បូង និងចិនសុទ្ធតែមានទំនួលខុសត្រូវចំពោះស្ថិរភាព និងវិបុលភាពនៃតំបន់និងពិភពលោក។ ជប៉ុនសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងបីនឹងកាន់តែភ្លឺស្វាង។
នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគីនេះ មេដឹកនាំទាំងបី បានផ្តោតការពិភាក្សាលើវិស័យនានា រួមមាន៖ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បញ្ហាសុខភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សុវត្ថិភាព និងការគ្រប់គ្រងគ្រោះមហន្តរាយ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន ហើយបានចេញសេចក្តីថ្លែងការណ៍រួមមួយ។ តាមផែនការ ភាគីទាំងបីនឹងឯកភាពសហការគ្នាលើបញ្ហារួមដូចជា៖ សេដ្ឋកិច្ច ការជួបប្រាស្រ័យប្រជាជន ការថយចុះអត្រាកំណើតនិងចំនួនប្រជាជនវ័យចំណាស់ ការប្រែប្រួលអាកាសធាតុ និងវិធានការទប់ទល់នឹងជំងឺរាតត្បាត។ លើសពីនេះទៅទៀត មេដឹកនាំទាំងបីនឹងផ្លាស់ប្តូរទស្សនៈអំពីស្ថានភាពក្នុងតំបន់ ហើយត្រូវបានរំពឹងថានឹងឈានដល់ការឯកភាពគ្នាធ្វើាករលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ និងស្ថិរភាពនៃឧបទ្វីបកូរ៉េដែលជាអត្ថប្រយោជន៍រួមរបស់ប្រទេសទាំងបី។ មេដឹកនាំទាំងបីគ្រោងនឹងឯកភាពលើផែនការរៀបចំកិច្ចប្រជុំកំពូលជាប្រចាំ និងចេញសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំកំពូលនេះ៕