កិច្ចប្រជុំកំពូលរុស្ស៊ី-កូរ៉េខាងជើង៖ ថ្នាក់ដឹកនាំ Kim Jong – un អញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង
(VOVWORLD) - យោងតាមាសារព័ត៌មានរបស់កូរ៉េខាងជើង KCNA នាថ្ងៃទី២៥ ខែមេសា បានជូនដំណឹងថា នៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី - កូរ៉េខាងជើង ដែលបានប្រារព្ធនៅទីក្រុង Vladivostok របស់រុស្ស៊ីនោះ ថ្នាក់ដឹកនាំ Kim Jong – un បានអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ហើយលោក Putin បាន ទទួលសេចក្តីអញ្ជើញនេះដោយរីករាយផងដែរ។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និង ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong - un នៅក្នុងកិច្ចប្រជុំកំពូល នាថ្ងៃទី២៥ខែមេសា (រូបថតៈ Reuters) |
ក្នុងពេលជាមួយគ្នានោះ ទាក់ទងនឹងកិច្ចប្រជុំកំពូលរុស្ស៊ី - កូរ៉េខាងជើង ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី (ព្រឹទ្ធសភា) លោក Konstantin Kosachev បានចាត់ទុកថា សហរដ្ឋអាមេរិកទំនងជាប្រតិកម្មអវិជ្ជមានចំពោះលទ្ធផលនៃកិច្ចប្រជុំរវាងលោកប្រធានាធិបតី Putin និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong – un ជាមិនខាន។ យោងទៅតាមលោករូបនេះ វ៉ាស៊ីនតោនតែងតែអះអាងថា សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ ដែលមានសិទ្ធិដោះស្រាយជម្លោះអន្ដរជាតិ។
ទោះយ៉ាងណាក៏ដោយ នាថ្ងៃទី ២៥ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា ប្រទេសនេះនឹងបន្តរួមសហការជាមួយដៃគូរបស់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែង ចំពោះការគ្មាននុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ៕