កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣៖ សេចក្តីថ្លែងការណ៍របស់ប្រធានសង្កត់ធ្ងន់លើ ការពង្រឹងជំនឿជាក់និងទំនុកចិត្តគ្នាទៅវិញទៅមក
(VOVWORLD) - នាថ្ងៃទី ៧ ខែកញ្ញា កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៤៣ បានចេញសេចក្តីថ្លែងការណ៍របស់ប្រធាន ដែលសង្កត់ធ្ងន់លើភាពចាំបាច់ នៃការពង្រឹងជំនឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព និងស្ថិរភាព ក្នុងតំបន់។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែកញ្ញា។ (រូបថត៖ VOV) |
សេចក្តីថ្លែងការណ៍បានសម្តែងការព្រួយបារម្ភអំពីសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់ប្រជាជន ធ្វើឲ្យខូចខាតបរិស្ថានសមុទ្រ សឹករេចរិលជំនឿជាក់និង ទំនុកចិត្ត បណ្ដាលឲ្យភាពតានតឹងកើនឡើង ហើយអាចបំផ្លាញសន្តិភាព សន្តិសុខនិង ស្ថិរភាពក្នុងតំបន់។ អាស៊ានក៏បានអះអាងសារជាថ្មីនូវភាពចាំបាច់នៃការស្វែងរក ដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះ ស្របតាមគោលការណ៍ដែលត្រូវបានទទួល ស្គាល់យ៉ាងទូលំទូលាយនៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។
អាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងប្រកប ដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ ខាងកើត (DOC); ស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានក្នុងការចរចាអំពីក្រម ប្រតិបត្តិនៅសមុទ្រខាងកើត (COC) ហើយមានបំណងចង់សម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងក្នុងពេលឆាប់ៗ ស្របតាមច្បាប់អន្តរជាតិដែល ក្នុងនោះមាន UNCLOS ១៩៨២។
រួមជាមួយនឹងសេចក្តីថ្លែងការណ៍របស់ប្រធាន បន្ទាប់ពីរយៈពេលពីរថ្ងៃប្រជុំ (ថ្ងៃទី ៥-៦ ខែកញ្ញា) សេចក្តីថ្លែងការណ៍ជាច្រើនរបស់អាស៊ាន និងរវាងអាស៊ាន ជាមួយដៃគូត្រូវបានអនុម័ត ក្នុងនោះមានសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការពង្រឹងសន្តិសុខស្បៀង អាហារនិងអាហារូបត្ថម្ភក្នុងវិបត្តិ៕