កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ បានបើកជាផ្លូវការ
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ បានបើកជាផ្លូវការនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អគ្គលេខាធិការអាស៊ាន ជាមួយតំណាងដៃគូ និងអង្គការអន្តរជាតិជាច្រើន។ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមពិធីបើកកិច្ចប្រជុំ។
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីពិនិត្យការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ (បថត៖ VGP) |
ថ្លែងមតិក្នុងពិធីបើក នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានអះអាងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា គឺជាឱកាសសម្រាប់បណ្តាប្រទេសក្រឡែកមើលឡើងវិញ និងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងសម្រាប់អនាគតមួយប្រកបដោយសាមគ្គីភាព ខ្លួនទីពឹងខ្លួន បរិយាប័ន្ន និងផ្អែកលើច្បាប់។ សេចក្តីប្រកាសសំខាន់ៗជាច្រើននឹងត្រូវបានអនុម័តដូចជា៖ សេចក្តីប្រកាស រំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ នៃទិវាបង្កើតអាស៊ាន; សេចក្តីប្រកាស «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» និងសេចក្តីប្រកាសរបៀបវារៈតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ ជាការតម្រង់ទិសគោលនយោបាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អភិវឌ្ឍន៍ស្មើគ្នា តភ្ជាប់និងរក្សាមជ្ឈភាពរបស់អាស៊ានក្នុងតំបន់។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានសង្កត់ធ្ងន់ថា អាស៊ាននិងតំបន់កំពុងប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន ដោយទាមទារឲ្យមានវិធីសាស្រ្តអភិក្រមទូទៅ ចក្ខុវិស័យ ទិសដៅ និងគោលនយោបាយត្រឹមត្រូវ។ នោះក៏ជាស្មារតីស្នូលនៃប្រធានបទឆ្នាំ ២០២២ "រួមគ្នាដោះស្រាយបញ្ហាប្រឈម" ផងដែរ។ ក្នុងបរិបទនោះ អាស៊ានត្រូវផ្តល់អាទិភាពខ្ពស់បំផុតក្នុងការរក្សាសាមគ្គីភាព ឯកភាព និងមជ្ឈភាពដើម្បីរួមគ្នាជំនះពុះពារលើបញ្ហាសាកល្បង កសាងសហគមន៍ខ្លួនទីពឹងខ្លួន សម្រាប់ប្រជាជន។ ភ្លាមៗបន្ទាប់ពីពិធីបើក ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានបានចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងកិច្ចប្រជុំចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤១ ៕