កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃបណ្តាប្រទេសអាស៊ានស្តីពីការបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី ១៣ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន (AMMTC-13) និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបើកនាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកានៅរដ្ឋធានីបាងកកនៃប្រទេសថៃ ដោយមានការចូលរួមពីតំណាងនៃប្រទេសសមាជិកអាស៊ានទាំង ១០។ គណៈប្រតិភូវៀតណាមដឹកនាំដោយនាយឧត្តមសេនីយ៍ លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។
រដ្ឋមន្ត្រីនិងប្រធានគណៈប្រតិភូ នៅឯពិធីបើក AMMTC-13 |
នៅឯសម័យប្រជុំពេញអង្គ តំណាងទាំងអស់បានវាយតម្លៃលើស្ថានភាពឧក្រិដ្ឋកម្មឆ្លង ដែនរបស់ប្រទេសនីមួយៗ ក៏ដូចជាតំបន់ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។
អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រី លោក To Lam បានជម្រាបត្រួសៗ នូវលទ្ធផលទទួលបានពីកិច្ចការបង្ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនរបស់វៀតណាម ចាប់តាំងពីកិច្ចប្រជុំ AMMTC-12 មកទល់បច្ចុប្បន្ននេះ។ លោករដ្ឋមន្ត្រី To Lam ក៏បានសង្កត់ធ្ងន់នូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរបស់អាស៊ាននិយាយរួម និងសហប្រតិបត្តិការក្នុងវិស័យបង្ការនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននិយាយដោយឡែក។
លោករដ្ឋមន្រ្តីបានស្នើឱ្យបណ្តាប្រទេសអាស៊ាន បន្តការស្រាវជ្រាវនិងគាំទ្រគំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការនាំឧក្រិដ្ឋកម្មនៃការរត់ពន្ធវត្ថុបុរាណ អោយក្លាយទៅជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការនៅក្នុង AMMTC ផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ AMMTC-13 ប្រមុខប្រតិភូបានចេញសេចក្តីថ្លែងការណ៍រួមក្នុងនោះបានស្វាគមន៍វៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AMMTC-14 និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២០ ខាងមុខ៕