កិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ
(VOVWORLD) - នាព្រឹកថ្ងៃទី ១០ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី ៤៤ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។
កិច្ចប្រជុំលើកទី៤៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ (រូបថត៖ VOV)
|
នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២១។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ កិច្ចការបរទេស ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌និងសង្គម និងការផ្លាស់ប្តូររវាងប្រជាជនត្រូវបានពង្រឹងនិងអភិវឌ្ឍន៍យ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ជាងនេះទៅទៀត ទំហំពាណិជ្ជកម្មបានកើនឡើងលើសពីគោលដៅដែលបានកំណត់ ដោយសម្រេចបាន ១,៣ពាន់លានដុល្លារអាមេរិក ពោលគឺ កើនឡើងជាង ៣០% បើប្រៀបធៀបនឹងឆ្នាំ ២០២០។
នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពគ្នា ដោយផ្តោតសំខាន់លើការអនុវត្តឱ្យបានល្អ នូវសេចក្តីថ្លែងការណ៍រួម កិច្ចព្រមព្រៀងនៃការិយាល័យនយោបាយទាំងពីរ និងកិច្ចព្រមព្រៀង សន្ធិសញ្ញា និងឯកសារនៃកិច្ចសហប្រតិបត្តិការផ្សេងទៀត ជំរុញទំនាក់ទំនងនយោបាយ-ការបរទេស-សន្តិសុខការពារជាតិ ការវិនិយោគនិងពាណិជ្ជកម្ម។ ភាគីទាំងពីរបានឯកភាពគ្នា ខិតខំប្រឹងប្រែងនាំឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង ១០% ក្នុងឆ្នាំ ២០២២ បើប្រៀបធៀបនឹងឆ្នាំ ២០២១។ ជាពិសេស សហការជាមួយគ្នារៀបចំឱ្យបានល្អ នូវ “ឆ្នាំសាមគ្គីភាពនិងមិត្តភាព វៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ ២០២២”៕