កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-ឥណ្ឌូនេស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែសីហានេះ នៅទីស្នាក់ការសភាជាន់ទាបឥណ្ឌូណេស៊ី នៅ រដ្ឋធានីហ្សាកាតា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ប្រធានរដ្ឋសភាវៀត ណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយប្រធានសភាតំណាង ប្រជាជន (សភាជាន់ទាប) ឥណ្ឌូនេស៊ីលោកស្រី Puan Maharani។

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-ឥណ្ឌូនេស៊ី - ảnh 1ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារជាន់ខ្ពស់រវាងភាគីទាំងពីរ។ (រូបថត៖ qdnd.vn)
ដោយសម្តែងនូវក្ដីរីករាយចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ីលើគ្រប់វិស័យ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌូនេស៊ីលោកស្រី Puan Maharani បានឯកភាពលើទិសដៅធំៗដើម្បីបន្តជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ។  តាមនោះ ភាគីទាំងពីរជំរុញខ្លាំងនូវការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ តាមរយៈកាណាលបក្ស រដ្ឋ ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងទំនាក់ទំនងសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីហួសពី ១៥ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើឲ្យឥណ្ឌូនេស៊ីបើកចំហទីផ្សារសម្រាប់កសិផល និងផ្លែឈើរបស់វៀតណាម ព្រមទាំងបន្តបង្កើតភាពងាយស្រួល ដើម្បីលើកទឹកចិត្តសហគ្រាសវៀតណាមធ្វើផលិតកម្មអាជីវកម្មនៅឥណ្ឌូនេស៊ី។ ភាគីទាំងពីរបានឯកភាពជំរុញវិធានការពន្លឿន និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរដើម្បីធ្វើពិពិធកម្មលើវិស័យសហប្រតិបត្តិការ; ចែករំលែកបទពិសោធន៍ក្នុងការងារនីតិបញ្ញត្តិ បង្កើតច្រករបៀងផ្លូវច្បាប់សម្រាប់ប្រទេសទាំងពីរសហប្រតិបត្តិការគ្នាក្នុងវិស័យដោយមានលក្ខណៈសកលលោកនាពេលបច្ចុប្បន្ន ជាពិសេសក្នុងការបំប្លែងថាមពលប្រកបដោយសមធម៌ និងការផ្លាស់ប្តូរឌីជីថលប្រកបដោយសុវត្ថិភាព។
មេដឹកនាំទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត រួមមានវប្បធម៌ អប់រំ និងទេសចរណ៍ ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន លើកកំពស់ការតភ្ជាប់តាមរយៈការបង្កើនបរិមាណជើងហោះហើរពាណិជ្ជកម្មផ្ទាល់ ចង់បើកជើងហោះហើរត្រង់រវាងរដ្ឋធានីហាណូយនិងហ្សាកាតា។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសមុទ្រនិងការនេសាទ ជំរុញការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការនេសាទដោយខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ផងដែរ។
មេដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនការពិគ្រោះយោបល់ និងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរនៅវេទិកាតំបន់ និងអន្តរជាតិ; បញ្ជាក់សារជាថ្មីនូវសារៈសំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត; រួមគ្នារក្សាសាមគ្គីភាព និងគោលជំហររួមរបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត។
កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-ឥណ្ឌូនេស៊ី - ảnh 2ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌូនេស៊ី
លោកស្រី Puan Maharani ធ្វើសន្និសីទសារព័ត៌មានរួម។ (រូបថត៖ VOV)
បន្ទាប់ពីកិច្ចពិភាក្សាការងារនៅទីក្រុងហ្សាកាតា មេដឹកនាំទាំងពីររូបបានធ្វើសន្និសីទសារព័ត៌មានជាមួយអ្នកកាសែតនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានឲ្យដឹងថា៖
“ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌូនេស៊ីកំពុងអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ដែលរួមចំណែកយ៉ាងសកម្មដល់រចនាសម្ព័ន្ធតំបន់ប្រកបដោយថាមវន្ត បរិយាប័ន្ន និងនិរន្តរភាព ដោយផ្អែកលើច្បាប់អន្តរជាតិ។ វៀតណាមនិងឥណ្ឌូណេស៊ីគឺជាដៃគូដែលបានផ្សារភ្ជាប់ដោយធម្មជាតិ ហើយសក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺធំធេងណាស់។ យើងមិនអាចនឹកស្មានដល់ពិភពលោកនៅឆ្នាំ២០៤៥ នៅពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើក ១០០ ឆ្នាំនៃការបង្កើតប្រទេសជាតិនោះទេ។ ប៉ុន្តែយើងអាចអះអាងដោយប្រាកដប្រជាថា ឥណ្ឌូនេស៊ី និងវៀតណាម មានឆន្ទៈ សេចក្តីប្រាថ្នា និងការប្តេជ្ញាចិត្តពេញលេញសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាអនុវត្តន៍សេចក្តីប្រាថ្នាចង់ក្លាយជាប្រទេសអភិវឌ្ឍន៍ដ៏សម្បូរណ៍រុងរឿង"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ