កិច្ចពិភាក្សាជាន់ខ្ពស់វៀតណាម-អូស្ត្រាលី
(VOVWORLD) - នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា នៅទីស្នាក់ការសភាអូស្ត្រាលី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបលោក Milton Dick និងប្រធានព្រឹទ្ធសភា លោកស្រី Sue Lines។
ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ quochoi.vn) |
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់លើបណ្តាញបក្ស រដ្ឋ សភា និងការផ្លាស់ប្តូររវាងប្រជាជន; សម្របសម្រួលក្នុងការរៀបចំសកម្មភាពប្រកបដោយអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៦ ខែកុម្ភៈ ២០២៣); ពន្លឿនការអនុវត្តកម្មវិធីសកម្មភាពវៀតណាម - អូស្ត្រាលី ដំណាក់កាល ២០២០-២០២៣ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀត។ ដោយសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើន ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងថ្នាក់ដឹកនាំសភាអូស្ត្រាលីទាំងពីរបានឯកភាពលើតួនាទីរបស់ខ្លួន ហើយរដ្ឋសភាទាំងពីរនឹងជំរុញ និងលើកទឹកចិត្ត ក៏ដូចជាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពផ្លាស់ប្តូរទំនិញ ជាពិសេសការបើកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងផ្លែឈើរបស់គ្នាទៅវិញទៅមក។ ជាពិសេស បង្កើនការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរ ដើម្បីអនុវត្តប្រកប ដោយប្រសិទ្ធិភាពនូវផែនការសកម្មភាពដំណាក់កាល ២០២១-២០២៥ នៃយុទ្ធសាស្ត្របង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ភាគីទាំងពីរបានឯកភាពគាំទ្រការពិចារណាលើការដំឡើង ភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម - អូស្ត្រាលី ទៅជា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី តាមពេលវេលាសមស្របមួយ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសន្យាពង្រឹងការផ្លាស់ប្តូរជំនាញក្នុងការងារនីតិប្បញ្ញត្តិ និងឃ្លាំមើល។ សម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការសហប្រតិបត្តិការពហុភាគី វេទិកាសភាតំបន់ និងអន្តរជាតិ។
នៅចុងបញ្ចប់នៃកិច្ចចរចា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលីសម្រាប់ដំណាក់កាលបន្ទាប់ជាមួយនឹងខ្លឹមសារសហប្រតិបត្តិការថ្មី និងស៊ីជម្រៅនាពេលខាងមុខ៕