កិច្ចពិភាក្សារបស់រដ្ឋមន្ត្រីការបរទេសអាមេរិក-ចិន ដំណើរការទៅដោយវិជ្ជមាន
(VOVWORLD) - ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបពិភាក្សា "ដោយស្មោះត្រង់ សំខាន់ និងមានលក្ខណៈស្ថាបនា" ជាមួយសមភាគីចិន លោក Qin Gang នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ១៨ ខែមិថុនា នៅក្នុងប្រទេសចិន។
រដ្ឋមន្ត្រីការបរទេសចិន Qin Gang (ទី ២ ឆ្វេង) និងសមភាគីអាមេរិកលោក Antony Blinken (ទី ២ ស្តាំ) ក្នុងកិច្ចពិភាក្សារបស់ នៅទីក្រុងប៉េកាំង ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN) |
ក្នុងពេលជាមួយគ្នានោះ មន្ត្រីក្រសួងការបរទេសអាមេរិកផ្សេងទៀតបានបង្ហើបថា រដ្ឋមន្ត្រីការបរទេសទាំងពីរបានបង្ហាញពីបំណងចង់រក្សាស្ថិរភាពនូវទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ក៏ដូចជារាំងស្កាត់ហានិភ័យប្រកួតប្រជែងដែលញ្ញាំងឲ្យមានជម្លោះ។ រដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានបញ្ជាក់ថា អាមេរិកមិនចង់ផ្តាច់ខ្លួនចេញពីចិនទេ ហើយមានកិច្ចព្រមព្រៀងមួយសម្រាប់ភាគីទាំងពីរក្នុងការបន្តការចរចា សំដៅសម្រេចបានវឌ្ឍនភាពលើបញ្ហាមួយចំនួន។
ចំណែកខ្លួនវិញ រដ្ឋមន្ត្រីការបរទេស Qin Gang បានបញ្ជាក់ពីការព្រួយបារម្ភរបស់ចិនអំពីផលប្រយោជន៍ស្នូលរបស់ខ្លួន រួមទាំងបញ្ហាតៃវ៉ាន់ ហើយបានចាត់ទុកថា នេះគឺជា "ហានិភ័យដ៏លេចធ្លោបំផុត" នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ ភាគីទាំងពីរក៏បានឯកភាពពិភាក្សាអំពីការបង្កើនជើងហោះហើរពាណិជ្ជកម្មទៅវិញទៅមក ក៏ដូចជាការផ្លាស់ប្តូរនិស្សិត និងអាជីវកម្មផងដែរ។
អ្នកសង្កេតការណ៍រំពឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស Blinken ទៅកាន់ចិន នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំទ្វេភាគីផ្សេងទៀតក្នុងប៉ុន្មានខែខាងមុខនេះ ដំណើរទស្សនកិច្ចនេះក៏ត្រូវបានរំពឹងថា បើកផ្លូវសម្រាប់ជំនួបវាងប្រធានរដ្ឋចិន Xi Jinping និងប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងកិច្ចប្រជុំកំពូលពហុភាគីនៅចុងឆ្នាំនេះ៕