កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅដើមឆ្នាំ ២០២២
(VOVWORLD) - វៀតណាមកំពុងសម្រេចជំហានចុងក្រោយ ហើយគ្រោងនឹងអាចផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP នៅមុនខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ។
អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh (រូបថត៖ TTXVN) |
នៅខាងក្រៅកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងដៃគូសន្ទនា នៅថ្ងៃទី ១៥ ខែកញ្ញា ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានអំពីអាទិភាពរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងខ្លឹមសារពិភាក្សាអំពីការផ្តល់សច្ចាប័ន និងគម្រោងអនុវត្តន៍ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នោះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀង RCEP គឺជាសមិទ្ធផលមួយដែលរួមចំណែកដល់ជោគជ័យរួមរបស់វៀតណាមក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាននិងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រី RCEP នោះ វៀតណាមបានសហការដោយម្ចាស់ការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន នាំចេញបណ្ដាគំនិតផ្តួចផ្តើម ដោយជួយដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីសម្រេចការចរចាជាស្ថាពរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៧ ដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកាខាងមុខ។
បន្តភាពជោគជ័យនោះ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ដោយបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក៏ដូចជាប៉ះពាល់ដល់ខ្សែរសង្វាក់ផ្គត់ផ្គង់នោះ បណ្ដាប្រទេសអាស៊ាននឹងដៃគូសុទ្ធតែមានគោលបំណងថា កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានឲ្យបានឆាប់ៗ ជាក់ស្ដែងគឺនាដើមឆ្នាំ ២០២២ ខាងមុខ សំដៅជំរុញពាណិជ្ជកម្មនិងវិនិយោគ ក្នុងតំបន់និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញក្រោយជំងឺរាតត្បាត។ ក្នុងស្មារតីនោះ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP បានបំពេញនីតិវិធីសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងយ៉ាងឆាប់ៗ។
វៀតណាមកំពុងសម្រេចជំហានចុងក្រោយ ហើយគ្រោងនឹងអាចផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP នៅមុនខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខផងដែរ៕