កិច្ចសន្ទនាជាប្រចាំអាស៊ាន-អាមេរិក លើកទី៣៦
(VOVWORLD) - សហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាថ្ងៃទី ២៤ ឧសភា (ម៉ោងក្នុងតំបន់) បានបើកកិច្ចសន្ទនាជាប្រចាំលើកទី៣៦ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។
ថ្លែងមតិនៅទីនេះ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink បានអះអាងជាថ្មីនូវការសន្យារបស់រដ្ឋបាលប្រធានាធិបតី Joe Biden ចំពោះមជ្ឈភាពរបស់អាស៊ាន សន្តិសុខ និងវិបុលភាពរបស់ដៃគូក្នុងតំបន់របស់អាមេរិក តាមរយៈការគាំទ្រចក្ខុវិស័យតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាស៊ាន ។
មន្ត្រីការទូតអាមេរិករូបនេះក៏បានសង្កត់ធ្ងន់លើការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់អាមេរិកជាមួយអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា និងបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការរក្សាសេរីភាពនាវាចរណ៍ និងការគោរពច្បាប់អន្តរជាតិនៅសមុទ្រខាងកើត; ឆ្ពោះទៅរកតំបន់មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ តភ្ជាប់ រីកចម្រើន សុវត្ថិភាព និងខ្លួនទីពឹងខ្លួន; គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងលើកកម្ពស់អធិបតេយ្យភាពក្នុងតំបន់។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់លើការសន្យារបស់សហរដ្ឋអាមេរិកក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគដ៏រឹងមាំជាមួយនិងក្នុងចំណោមប្រទេសអាស៊ាន។
នៅក្នុងកិច្ចសន្ទនានេះដែរ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទដូចជា៖ សារៈសំខាន់នៃការពង្រីកកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ សន្តិសុខតាមអ៊ីនធឺណិត ការអភិវឌ្ឍបច្ចេកវិទ្យាដែលទើបលេចចេញ ការរក្សាសេរីភាពនាវាចរណ៍ និងជំរុញលំហូរពាណិជ្ជកម្មស្របច្បាប់ផងដែរ៕