កិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីការបរទេស-ការពារជាតិលើកទី៦រវាងវៀតណាមនិងអូស្ត្រាលី
(VOVWORLD) - នាថ្ងៃទី១០ ខែតុលា វៀតណាមនិងអូស្ត្រាលីបានរៀបចំកិច្ចសន្ទនាយុទ្ធ សាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីការបរទេស-ការពារជាតិលើកទី៦នៅរដ្ឋធានីហាណូយ ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung។ ចំណែកឯគណៈប្រតិភូអូស្ត្រាលីដឹកនាំដោយអនុរដ្ឋមន្រ្តីការបរ ទេសលោក Richard Maude និងអនុរដ្ឋមន្រ្តីការពារជាតិស្ដីទីលោក Tom Hamilton។
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរីក ចម្រើនដ៏ខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគី ពិសេសគឺបន្ទាប់ពីពេលប្រទេសទាំងពីរ លើកទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែមីនាឆ្នាំ២០១៨ ព្រមទាំង អះអាងជាថ្មីម្ដងទៀតនូវតួនាទីនិងឋានៈរបស់គ្នានៅក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេសនីមួយៗផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្ត ពង្រឹងជំនឿទុកចិត្តនយោបាយតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើ ការផ្ដល់អាទិភាពសម្រប់កិច្ចសហប្រតិបតិ្តការដែលជះឥទ្ធិពលដ៏វិជ្ជមានទៅលើវិស័យជួបប្រាស្រ័យប្រជាជន អប់រំ ពលកម្ម ទេសចរណ៍ វប្បធម៌និងកីឡាជាដើម។
ពិភាក្សាអំពីសភាពការណ៍នាពេលថ្មីៗនេះនៅសមុទ្រខាងកើត ភាគីទាំងពីរ បានសង្កត់ធ្ងន់ទៅលើការគោរពយ៉ាងហ្មឺងម៉ាត់ច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ដោះស្រាយជម្លោះដោយសន្តិវិធី គោរពដំណើរការការទូតនិងគតិយុត្ត មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់ អំពើហឹង្សា អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដី ថ្លែងការរួម DOC និងជំរុញការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ៕