កិច្ចសន្ទនាអំពីស្ថិរភាពយុទ្ធសាស្ត្ររុស្ស៊ី-អាមេរិកត្រូវជាប់គាំង
(VOVWORLD) - ក្រុងម៉ូស្គូជឿជាក់ថា សហរដ្ឋអាមេរិកទំនងជានឹងបង្ហើយគម្រោងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លីនៅទ្វីបអឺរ៉ុបនិងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កាលពីថ្ងៃទី៣០ ខែមេសា ទីភ្នាក់ងារសារព័ត៌មាន TASS (រុស្ស៊ី) បានដកស្រង់សម្តីមន្ត្រីការទូតរុស្ស៊ីម្នាក់ ដែលនិយាយថា កិច្ចសន្ទនាអំពីស្ថិរភាពយុទ្ធសាស្ត្ររវាងទីក្រុងម៉ូស្គូនិងទីក្រុងវ៉ាស៊ីនតោន បានជាប់គាំងជាផ្លូវការហើយ។ ជាក់ស្ដែងគឺ ប្រធាននាយកដ្ឋានទទួលកិច្ចការមិនរីកសាយភាយអាវុធ
នុយក្លេអ៊ែរនិងការគ្រប់គ្រងអាវុធ ចំណុះក្រសួងការបរទេសរុស្ស៊ី លោក Vladimir Yermakov បាន
ឲ្យដឹងថា ទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក លើបញ្ហាស្ថិរភាពយុទ្ធសាស្ត្រ នឹងត្រូវបានបន្តឡើងវិញ នៅពេលដែលរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ លោក Yermakov បានបន្ថែមថា ទីក្រុងម៉ូស្គូជឿជាក់ថា សហរដ្ឋអាមេរិកទំនងជានឹងបង្ហើយគម្រោងដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លីនៅទ្វីបអឺរ៉ុបនិងតំបន់អាស៊ីប៉ាស៊ីហ្វិក។ មន្ត្រីរូបនេះបានវាយតម្លៃថា វត្តមានអាវុធខាងលើនៅក្នុងតំបន់ទាំងនេះនឹងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ និងបង្កឲ្យមានការប្រណាំងប្រដាប់អាវុធថែមទៀត។ រុស្ស៊ីក៏ជឿជាក់ផងដែរថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ គួរតែត្រូវបានរក្សាឲ្យនៅកម្រិតទាបបំផុត ហើយថាជម្លោះណាមួយរវាងមហាអំណាចនុយក្លេអ៊ែរគួរតែត្រូវបានរារាំង៕