ក្នុង១ឆ្នាំ ធនាគារកណ្តាលអឺរ៉ុបដំឡើងអត្រាការប្រាក់ជាលើកទី៩ជាប់ៗគ្នា
(VOVWORLD) - ធនាគារកណ្តាលអឺរ៉ុប (ECB) នៅថ្ងៃទី ២៧ ខែកក្កដា បានបន្តដំឡើងអត្រាការប្រាក់បញ្ញើដោយ ២៥ពិន្ទុភាគរយ ឡើងដល់ ៣,៧៥% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ ២០០១មក។ នេះក៏ជាការកើនឡើងអត្រាការប្រាក់លើកទី ៩ ជាប់ៗគ្នាក្នុងរយៈពេលមួយឆ្នាំរបស់ស្ថាប័នហិរញ្ញវត្ថុនេះ ដោយគោលដៅ គ្រប់គ្រងអតិផរណា។
ទីស្នាក់ការធនាគារកណ្តាលអឺរ៉ុប-ECB នៅទីក្រុង Frankfurt am Main ប្រទេសអាល្លឺម៉ង់។ រូបថត៖ AFP/VNA |
ដោយពន្យល់ពីការសម្រេចចិត្តដំឡើងអត្រាការប្រាក់ នាយិការ ECB លោកស្រី Christine Lagarde បានឲ្យដឹងថា ទោះបីជាអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូរក្សាបាននូវនិន្នាការធ្លាក់ចុះក៏ដោយ ក៏វានៅតែឈរនៅកម្រិតខ្ពស់ពេក និងបានកើតឡើងជាយូរមកហើយ។ អតិផរណានៅក្នុងតំបន់អឺរ៉ូក្នុងខែមិថុនាបានធ្លាក់ចុះដល់ ៥,៥% ស្មើជិតពាក់កណ្តាលនៃកម្រិតខ្ពស់បំផុត ១០,៦% ដែលបានកត់ត្រានៅក្នុងខែតុលាឆ្នាំមុន។ ប៉ុន្តែ តួលេខនេះនៅតែលើសពីគោលដៅរបស់ ECB ក្នុងការនាំយកអតិផរណាដល់ ២% ក្នុងរយៈពេលមធ្យម។
នៅក្នុងសេចក្តីជូនដំណឹង ECB បានទទួលស្គាល់ថា ផលប៉ះពាល់នៃការដំឡើងអត្រាការប្រាក់អូសបន្លាយ អាចត្រូវបានមើលឃើញក្នុងតំបន់អឺរ៉ូ ដោយសារតម្រូវការឥណទាន ជាពិសេសពីអាជីវកម្មគឺនៅកម្រិតទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំកន្លងមក ជាពិសេសនៅពេលអាជីវកម្ម ត្រូវការការវិនិយោគច្រើន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរឌីជីថល៕