កម្ពុជា-គុយបា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី
(VOVWORLD) - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយបា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា សំដៅពង្រឹង និងរឹតបន្តឹងទំនាក់ទំនងទ្វេភាគី។
សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយប្រធានាធិបតីគុយបា លោក Miguel Díaz-Canel ស្តីពីវិធានការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា កីឡា សុខាភិបាល វប្បធម៌ និងបច្ចេកវិទ្យាជីវសាស្ត្រ រួមចំណែកក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងកម្ពុជា-គុយបា។ ក្នុងឱកាសនេះដែរ កម្ពុជាបានប្រកាសបរិច្ចាគអង្ករចំនួន ២០០០ តោនដល់គុយបា។
មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៥ រួមមាន៖ កម្មវិធីសហប្រតិបត្តិការ និងផ្លាស់ប្តូរវប្បធម៌; អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាការទូតទាំងពីរ; អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កីឡា; ផែនការសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ; និងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសកោះការាបៀននេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចូលជួបសម្តែងការគួរសមជាមួយ ឧត្តមសេនីយ៍ Raúl Castro Ruz ; ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernández; ទស្សនាមជ្ឈមណ្ឌល Fidel Castro និងមជ្ឈមណ្ឌលបច្ចេកវិទ្យាហ្សែន និងជីវបច្ចេកវិទ្យាគុយបា; ដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍វីរៈបុរសជាតិគុយបា លោក José Martí និងជួបជាមួយនិស្សិតកម្ពុជាដែលកំពុងរស់នៅ និងសិក្សានៅទីនេះផងដែរ៕