កម្មវិធីដ៏គួរឱ្យចាប់អារម្មណ៍ "ក្រោមទង់ប្ដេជ្ញាយកឈ្នះ"

(VOVWORLD) - កម្មវិធីផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ "ក្រោមទង់ប្ដេជ្ញាយកឈ្នះ" រំលឹកខួប លើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) បានប្រព្រឹត្តទៅកាលពីយប់ថ្ងៃទី ៥ ឧសភា នៅទីតាំងផ្សាយបន្តផ្ទាល់ចំនួន ៥។ 
ទីតាំងស្នូលគឺវិមានជ័យជំនះ Dien Bien Phu នៅលើទួល D១ ទីក្រុង Dien Bien ខេត្ត Dien Bien។ ទីតាំងចំនួន ៤ ដែលនៅសេសសល់រួមមាន៖ ទីលាន Ba Dinh (រដ្ឋធានី ហាណូយ) ទីលាន Lam Son (ទីក្រុង Thanh Hoa ខេត្ត Thanh Hoa) ផ្ទះសហគមន៍ Kon Klor (ទីក្រុង Kon Tum ខេត្ត Kon Tum) កេរ្តិ៍ដំណែលបង្គោលទង់ជាតិ Thu Ngu (ទីក្រុងហូជីមិញ)។
អញ្ជើញចូលរួមកម្មវិធីនៅទីក្រុងហូជីមិញមាន៖ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh; នៅទីក្រុងហាណូយ មានតំណាងអចិន្ត្រៃយ៍នៃគណៈលេខា និង ជាប្រធានគណៈចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai។ អញ្ជើញចូលរួមកម្មវិធី នៅទីក្រុង Kon Tum មានប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan ហើយនៅទីក្រុង Dien Bien មានការចូលរួមរបស់អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man។
កម្មវិធីបានពិពណ៌នានូវរាល់ខែឆ្នាំប្រកបដោយវីរភាពរបស់ប្រជាជាតិ ហើយ រួមចំណែកជួយប្រជាជនគ្រប់ស្រទាប់វណ្ណៈមានការយល់ដឹងឲ្យកាន់តែស៊ីជម្រៅថែមទៀតអំពីអត្ថន័យ ឋានៈ និងតម្លៃប្រវត្តិសាស្ត្រនៃជ័យជំនះ Dien Bien Phu។ លោក Vu Tien Thuat ដែលចូលរួមក្នុងកម្មវិធីនេះបានចែករំលែកថា៖ “ក្នុងនាមយុវជនជំនាន់ក្រោយ យើងខ្ញុំពិតជាមានមោទនភាព និងកិត្តិយស ណាស់ដែលបានរស់នៅក្នុងបរិយាកាសដូចសព្វថ្ងៃនេះ ព្រោះតាមរយៈកម្មវិធី យើងខ្ញុំ បានដឹងថា ដើម្បីទទួលបានសន្តិភាពដូចសព្វថ្ងៃនេះ ប្រជាជនជំនាន់មុនៗ បានលះបង់ សាច់ស្រស់ឈាមស្រស់យ៉ាងច្រើនលើសលុប។ តាមរយៈកម្មវិធីនេះ ខ្ញុំផ្ទាល់មានអារម្មណ៍ថា ខ្ញុំត្រូវ តែមានទំនួលខុសត្រូវបន្ថែមទៀត និងទទួលមរតកនូវអ្វីៗដែលដូនតាបានបន្សល់ ទុកមក ដើម្បីកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើននិងប្រកបដោយវិបុលភាព”។
នៅចុងបញ្ចប់នៃកម្មវិធី ផ្ទៃមេឃខាងលើវិមានជ័យជំនះនៅទីក្រុង Dien Bien Phu ត្រូវបានបំភ្លឺដោយដ្រូនរាប់រយគ្រឿង បង្កើតជារូបភាពនិមិត្តរូបនៃជ័យជំនះ Dien Bien Phu៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ